ទេសចរណ៍ រមណីដ្ឋាននៅក្នុងខេត្តបាត់ដំបងមានបីប្រភេទសំខាន់ៗ - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Thursday, April 6, 2017

ទេសចរណ៍ រមណីដ្ឋាននៅក្នុងខេត្តបាត់ដំបងមានបីប្រភេទសំខាន់ៗ

«បាត់ដំបង» ជា​ឈ្មោះ​ខេត្ត​ដែល​ពាក់ព័ន្ធ​នឹង​រឿង​ព្រេង​បុរា​ណនិទាន «តា​ដំបង​គ្រញូង» ។ បើ​យោង​តាម​សិលា​ចារិក K205, K206, K211, K214 ទឹកដីខេត្ត​បាត់ដំបង រួមមាន​មួយ​ផ្នែក​ស្ថិត​នៅ​ភាគ​ខាង​លិច និង​ភាគ​ពាយ័ព្យ​​នៃបឹង​ទន្លេ​សាប​ជា​អតីត​ទឹកដី «អាមោឃៈ​បុរៈ និង​មួយ​​ផ្នែក​ទៀត​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ឆៀង​ខាង​លិច​​ ជា​ចំណែក​មួយ​នៃ​អតីត​ «ភិម​បុរៈ» ។ នៅ​ក្នុង​សៀវ​ភៅ​ព័ត៌​មាន​​ទេសចរណ៍​របស់​ខេត្ត​បាត់ដំបង​បានសរសេរ​ថា តាម​ការ​ស្រាវជ្រាវ​ ខេត្ត​បាត់ដំបងប្រហែល​ជា​​ទឹក​ដី​មួយ​ឯករាជ្យ​ពាក់​កណ្តាល​ និង​ចំណុះ​ឱ្យ​​នគរ​ចេនឡា​ពាក់​កណ្តាល​នៅ​ដើមសតវត្ស​ទី​៦ ។ នៅ​​ចំ​កណ្តាល​ទី​រួម​ខេត្ត​បាត់ដំបង​បច្ចុប្បន្ន គឺ​ជា​ទីក្រុង​បុរាណ​ដ៏​ចំណាស់​មួយ​​ដែលត្រូវ​​បាន​ប្រសិទ្ធនាម​ថា «ទីក្រុង​បេតិ​កភណ្ឌ​ដ៏​ប្រណីត» ក្នុង​ក្រសែ​ភ្នែក​ទេសចរគ្រប់រូប​ និង​បាន​បន្សល់​ទុក​នូវ​អនុស្សាវរីយ៍​ជា​ច្រើន​ជាមួយ​សំណង់បេតិ​កភណ្ឌ​ដូចជា​អគារ​សាលាខេត្ត​ចាស់ ស្ពាន ថ្នល់​ ផ្ទះ​ល្វែង​រាប់​រយ​ខ្នង ដែលជា​រចនា​បថ​ល្អ​ឯក ដង​ស្ទឹង​​សង្កែ​​ដែល​ហូរ​កាត់​ជា​ច្រើន​តំបន់​រមណីយដ្ឋាន​ប្រសាទ​បុរាណ ភ្នំ ល្អាង​ភ្នំ ធម្មជាតិ វប្បធម៌ ទំនៀម​ទំលាប់ និង​ជីវភាព​រស់​នៅ​របស់​ម្ចាស់​​ស្រុក​​ជា​ដើម ។
លោកម៉ក់ ស៊ីណា​រ៉ា អនុប្រធាន​មន្ទី​រទេសចរណ៍​ខេត្ត​បាត់ដំបង បាន​ថ្លែង​ថា បច្ចុប្បន្ន​​រមណីយដ្ឋាន​នៅ​ក្នុងខេត្ត​បាត់ដំបង​មាន​ប្រហែល​៣០​​កន្លែង​ ប៉ុន្តែមាន​ប្រហែល​២០​កន្លែង​ប៉ុណ្ណោះ​ដែលភ្ញៀវ​ទេសចរ​តែងធ្វើ​ដំណើរ​ទៅ​ទស្សនាកំសាន្ត​ ។ លោក​ម៉ក់ ស៊ី​ណារ៉ា បាន​ថ្លែង​ទៀ​តថា តំបន់ទេសចរ​ណ៍​ខាង​លើ​នេះ​បាន​ត្រូវ​បែង​ចែក​៣​ប្រភេទ​ គឺ​១-មរណីយដ្ឋាន​បែប​វប្បធម៌​​ ២-​រមណីយដ្ឋាន​បែប​ធម្មជាតិ​ពិតៗ និង​៣-​រមណីយដ្ឋាន​បែប​កែច្នៃ...។ លោក​អនុ​ប្រធាន​​រូបនេះបានបញ្ជាក់​ប្រាប់​ពី​លក្ខណៈ​រមណីយដ្ឋាន​​នីមួយៗ​ថា រមណីយដ្ឋាន​បែប​វប្ប​ធម៌​មានដូចជាប្រាសាទ​បុរាណ​ ផ្ទះ​បុរាណ ឬ​ភូមិ​វប្បធម៌​​ សារ​មន្ទីរ​ ទីវត្ត​អារាមចំណាស់ៗ ។ ប៉ុន្តែ​រមណីយដ្ឋាន​ធម្មជាតិ​ខ្លះ​ក៏​ជា​រមណីយដ្ឋាន​បែប​វប្បធម៌​ដែរ ព្រោះ​ជា​អតីត​បុរេ​ប្រវត្តិ​ ដូចជា​ល្អាង​ភ្នំ​ទាក់ទ្រាំង ដែលស្ថិ​ត​នៅ​ស្រុក​រតន​មណ្ឌល​ជាដើម ។ រី​ឯរមណីយដ្ឋាន​​បែបធម្មជាតិវិញ ដូចជា រមណីយដ្ឋាន​បរិស្ថាន​សេក​សក រមណីយដ្ឋាន​ជ្រលង​បុព្វ​តា រមណីយដ្ឋាន​ថ្ម​សំរូត រមណីយដ្ឋាន​ពពុះ​ពេជ្រចិន្តា ​និង​រមណីយដ្ឋាន​រាប់​សិប​កន្លែង​ទៀត ដែលសុទ្ធ​សឹង​ជា​រមណីយ​ដ្ឋាន​បែប​ធម្មជាតិពិតៗ ។ រមណីយដ្ឋាន​ទាំងនេះ​ភាគច្រើន​​នៅ​តាម​តំបន់​ព្រៃ​ភ្នំ ជាពិសេស​ស្ថិត​នៅ​តាម​ដង​ស្ទឹងសង្កែ ដែល​​ហូរកាត់​ស្រុក​បាណន់ ស្រុក​រតន​មណ្ឌល​ និងស្រុក​សំឡូត ។
ដោយ​ឡែក​​រមណីយដ្ឋាន​បែប​កែ​ច្នៃ​វិញ លោក​ម៉ក់ ស៊ី ណារ៉ា បាន​ពិពណ៌នា​​ថា វាគឺជា​រមណីយ​ដ្ឋាន​ដែល​យើង​កែច្នៃ​​រៀប​ចំ​តុបតែង​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍ ឧទាហរណ៍​ដូចជា​តំបន់​ទេស​ចរណ៍អា​ងកំពីងពួយនេះជា​ដើម ។ លោក​ថ្លែង​ថា តំបន់ទេសចរណ៍​អាងកំពីងកំពួយ​ ជា​ការ​កើត​ឡើងក្នុង​សម័យ​ខ្មែរ​ក្រហម ​(៣ឆ្នាំ ៨ខែ ២០ថ្ងៃ) ដែលពួក​មេដឹកនាំ​ខ្មែរ​ក្រហម​កេណ្ឌ​មនុស្ស​រាប់សែន​នាក់​ដាក់ប្រើកំលាំង​បាយ​សុទ្ធ​សាធ ដើម្បី​លើក​ទំនប់ទប់​យកទឹក​ប្រើប្រាស់​បង្ក​បង្កើន​ផល​ ប៉ុន្តែ​រហូតមកទល់បច្ចុប្បន្ន​នេះ វា​បាន​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​ពេញ​និយម​បំផុត​ក្នុង​ខេត្តបាត់ដំបង ។ ប៉ុន្តែ​នៅ​តាម​រមណីយ​ដ្ឋាន​បែបធម្មជាតិខ្លះ​ក៏​​មាន​ការកែ​ច្នៃ​បន្ថែម​ខ្លះៗ​ដែរ ដើម្បី​ឱ្យ​តំបន់នេះ​មាន​សោ​ភណ​ភាព​កាន់តែ​ប្រសើរ​ឡើង ។ ទោះជា​បែប​ណា​ បើ​យោងតាម​កា​រផ្តល់​ព័ត៌​មាន​ជាក់ស្តែង នៅ​តាម​តំបន់​ទេសចរណ៍​នីមួយៗ នៅ​ក្នុងខេត្ត​បាត់ដំបង គឺតំបន់ទេសចរណ៍​ដែល​ពេញ​និយម​បំផុត​នោះគឺមាន​តំបន់​ទេសចរណ៍​​បុរាណ​ប្រាសាទ​បាណន់ តំបន់ទេសចរ​ណ៍​ធម្មជាតិ និង​បុរាណ​ភ្នំសំពៅ តំបន់ទេសចរណ៍​កែច្នៃ​អាង​កំពីង​ពួយ តំបន់ទេសចរណ៍​បែបធម្មជាតិ​សេកសក ជ្រលង​បុព្វ​តា និង​ការ​ដើរ​ទស្សនា​ផ្ទះ​បុរាណ​នៅ​ក្នុងទីក្រុង​បាត់ដំបងជាដើម ។
តំបន់​ទេសចរណ៍​ និងរមណីយដ្ឋាន​នានា​ត្រូវ​បានទទួល​ស្គាល់​ថា ជា​សសរ​ស្តម្ភ​មួយ​នៃ​សសរ​ស្តម្ភ​ទាំង​៥ ដែល​​អាច​ទ្រទ្រង់​​ដល់​ការ​អភិវឌ្ឍ​នៅ​ខេត្ត​បាត់ដំបង នាពេល​អនាគត ឬ​ក៏​យើង​អាច​និយាយ​បានថា «វិស័យទេសចរណ៍​មាន​សក្តានុ​ពល​ខ្ពស់​នៅក្នុង​ខេត្ត​បាត់ដំបង ​ដោយ​សារ​តែ​នៅ​ក្នុង​ខេត្ត​នេះ មាន​តំបន់​ទេសចរណ៍​ប្លែកៗជា​ច្រើន ដែល​មាន​សក្តានុពល​ និង​លក្ខណៈ​ពិសេស​ផេ្សងៗ​គ្នា» ។ នៅ​ក្នុងអារម្ភកថា​របស់​លោក​ប្រាជ្ញ ចន្ទ អភិបាល​​ខេត្ត​បាត់ដំបង ដែល​សរសេរនៅ​ក្នុង​សៀវ​ភៅ​ «ផែន​ការ​អភិវឌ្ឍន៍ និង​ការការពារ​តំបន់ទេសចរណ៍​សំខាន់ៗនៅ​ក្នុងខេត្ត​បាត់​ដំបង» បាន​ថ្លែង​ថា «ទេសចរណ៍​ជាវិស័យ​មួយដែល​កំពុង​ទទួល​បាន​ជោគជ័យ​យ៉ាងខ្លាំង​ក្នុងការ​ជំរុញ​ល្បឿន​រីកលូតលាស់​នៃសេដ្ឋកិច្ច​តាម​រយៈ​​ផលប្រយោជន៍​នៃ​ទេសចរណ៍ បន្ទាប់ពី​វិស័យ​កសិកម្ម​» ។ លោក​បានថ្លែង​ទៀត​ថា «ដើម្បី​ជំរុញ​លើ​វិស័យ​នេះ ខេត្ត​បាត់​ដំបង​បាន​រៀប​ចំ ឯកសារ​ស្តីពី​ការ​អភិវឌ្ឍន៍​ និងការ​ការពារ​តំបន់​ទេសចរណ៍​​ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ អាជ្ញាធរ​ដែន​ដី សង្គម​​ស៊ីវិល ត្រូវតែ​ចូលរួម​គឺ​ក្នុងគោល​បំណង​​ជាមាគ៌ាណែនាំ​មួយសំរាប់​ការ​អភិវឌ្ឍ និងការការពារ​តំបន់ទេសចរណ៍​នៅ​ក្នុង​ខេត្ត​បាត់ដំបង​របស់យើង​ប្រកប​ដោយ​ចីរភាព៕

No comments:

Post a Comment