ព្រះសិវៈ ឬព្រះឥសូរ : អាទិទេព សាងលោកផង និងបំផ្លាញលោកផង
----
ព្រះសិវៈ ជាអាទិទេពធំមួយក្នុងចំណោមអាទិទេពធំៗទាំងបីក្នុងព្រហ្មណ៍សាសនា។ ព្រះសិវៈ មានន័យថាក្សេមក្សាន្ដ ករុណា។ ព្រះសិវៈកើតឡើងអំពីតំណក់លោហិតដែលស្រក់ចុះចាកចិញ្ចើមព្រះព្រហ្ម។ ព្រះសិវៈ ជាអាទិទេពសាងលោកផង និងបំផ្លាញលោកផង។
លក្ខណៈពិសេសសំគាល់ព្រះសិវៈមានដូចជា :
- មុខមួយ អាចបែងភាគជាមុខប្រាំ
- កពណ៌ខៀវ
- កាយសម្បុរស
- ភ្នែកបី ភ្នែកពីរដូចមនុស្សធម្មតា ឯភ្នែកទីបីនៅចំកណ្ដាលថ្ងាសបិទជានិច្ច ក្រលេកឆេះ ហៅថាអគ្គីនេត្រ
- សម្លៀកបំពាក់ស្បែកខ្លា ឬស្លៀកស្បែកដំរី
- ដៃពីរ ឬដប់
- ពាក់កម្រងឆ្អឹងលលាដ៍ក្បាល ជាគ្រឿងសំគាល់រាប់កប្ប ឬរាប់យុគ
- ពាក់នាគជាសង្វារជាគ្រឿងសំគាល់រាប់ឆ្នាំ
- ពាក់មួកមានព្រះចន្ទមួយជំនិតរាងកណ្ដៀវជាគ្រឿងសំគាល់រាប់ខែ
- កេតនភណ្ឌ ច្បូកផ្លែបី ឬត្រីសូល៍ ធ្នូ ស្គរ ដំបងធំ ខ្សែផ្គាំចង (សម្រាប់ចង់ពួកសភាវៈអាក្រក់)
- ពាហនៈជាយានជំនិះ គោនន្ទី
ព្រះសិវៈមានមហេសី៩អង្គមានដូចជា : ១ ព្រះនាងទុគ៌ា ២ ព្រះនាងឱមា ៣ ព្រះនាគៅរី ៤ ព្រះនាងកាលី ៥ ព្រះនាងចន្ទី ៦ ព្រះនាងបវតី ៧ ព្រះនាងកុមារី ៨ ព្រះនាងទេវី ៩ ព្រះនាងមហាទេវី។
បុត្ររបស់ព្រះសិវៈ : ព្រះសិវៈមានបុត្រ២ព្រះអង្គ គឺស្កន្ទ (Skanda) ជាអទិទេពតំណាងអ្នកស្នេហាសង្គ្រាម និងគនេស (Ganese) ដែលមានខ្លួនជាមនុស្ស ក្បាលជាដំរី (បាក់ភ្លុកម្ខាង) ហើយមានមុខងារជាមេគណៈ នៃពួកទេព។ អាទិទេពទាំងពីរ គឺជាបុត្ររបស់ព្រះសិវៈ និងព្រះនាងទុគ៌ា។ ព្រះនាងទុគ៌ា គឺជាមហេសីដើមរបស់ព្រះសិវៈហើយព្រះនាងយល់ព្រមលោតចូលទៅក្នុងភ្លើងឲ្យគេបូជាជិវិតជាមួយស្វាមីដើម្បីបញ្ជាក់នូវភក្តីភាពរបស់ព្រះនាង។
អាទិទេពដ៏មានឫទ្ធិអំណាចមួយអង្គនៅក្នុងសាសនាព្រាហ្មណ៍ ដែលជាការនិយមគោរពសក្ការបូជានៅក្នុងសង្គមខ្មែរកាលពីសម័យបុរាណ ជាពិសេសទេវរូបដែលគេគិតថាបដិមាតំណាងដ៏សំខាន់តម្កល់តាមប្រាង្គប្រាសាទនោះ គឺព្រះឥសូរ ឬព្រះសិវៈ ដែលមានបដិមាសិវលឹង្គជាតំណាង។ ចំណែកឯប្រាសាទបុរាណភាគច្រើនបានឧទ្ទិសថ្វាយព្រះឥសូរ ឬព្រះសិវៈ ដែលមានតម្កល់ព្រះបដិមាព្រះសិវលឹង្គជាតំណាងនៅលើបល្ល័ង្កយោនីព្រះនាងឧមា ទៀតផង។ គេសាងរូបអាទិទេពនេះជាលឹង្គ (Linga) តម្កល់ឲ្យស្ថិតនៅជាមួយយោនី (Yoni) ព្រះនាងឧមា ជានិមិត្តរូបនៃការបង្កើតលោក។
តាមប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងដែរថា នៅដើមសតវត្សរ៍ទី១ នៃគ.ស. ប្រជានុរាស្ត្រខ្មែរនាសម័យបុរាណនោះ មានការពេញនិយមព្រះអាទិទេពអង្គនេះ ជាងព្រះអាទិទេពផ្សេងៗ ឯទៀត ដែលសុទ្ធសឹងតែមានប្រភពមកពីឥណ្ឌាទាំងអស់។ ការឆ្លាក់លឹង្គព្រះឥសូរ តម្កល់លើយោនីព្រះនាងឧមា ឬព្រះនាងទូគ៌ា នេះ បានក្លាយទៅជាប្រពៃណីដែលវិចិត្រករខ្មែរយើងសម័យអង្គរបានត្រាប់តាម ហើយនាសម័យអង្គរនោះដែរ ត្រីសូល៌មុខ៣ ក៏ជាអាវុធ ឬក៏ជាវត្ថុស័ក្តិសិទ្ធិរបស់ពួកព្រាហ្មណ៍និកាយសិវៈផងដែរ។
បើនិយាយមួយបែបទៀត ក្នុងការគោរពបូជាលទ្ធិព្រហ្មណ៍ ខ្មែរខ្លះចូលចិត្តព្រះព្រហ្ម ខ្លះទៀតព្រះនារាយណ៍ (ព្រះវិស្ណុ) ក៏ប៉ុន្តែជាទូទៅការនិយមប្រតិបត្តិព្រះសិវៈ ឬព្រះឥសូរនេះ គឺមានកម្រិតខ្ពស់ជាងព្រះអាទិទេពផ្សេងៗទៀត។ ម៉្យាងទៀត រូបចម្លាក់លោតបុរេអង្គរជាច្រើន ទាក់ទងនឹងចម្លាក់ព្រះសិវៈ ក្រោមរូបភាពជានិមិត្តសញ្ញា គឺព្រះលឹង្គ ដែលជាទម្រង់លក្ខណៈ ឬក៏ចំណែកមួយនៃសារព៌ាង្គកាយរបស់ព្រះសិវៈ ដែលបង្ហាញឲ្យឃើញនូវអាទិភាពព្រះអាទិទេព អង្គនេះក្នុងសង្គមខ្មែរ។ ចម្លាក់នៃព្រះអាទិទេពចម្បងខាងលើនេះ មានភាពសម្បូរបែបតាំងពីសម័យបុរេអង្គរ (មុនសម័យអង្គរ) មកម្ល៉េះ ជាពិសេសចម្លាក់មានរូបរាងមនុស្សមានផ្នួងសក់ ហើយមានកាន់ខ្សែផ្គាំនៅលើដៃ និងមនុស្សមានភ្នែកបី លំអដោយចំណិតព្រះច័ន្ទលើផ្នួងសក់ និងគ្រឿងអលង្ការជាដើម។
មកដល់សម័យអង្គរជាពិសេសក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី២ ដែលជាព្រះមហាក្សត្រដ៏ល្បីល្បាញមួយព្រះអង្គ ទ្រង់បានធ្វើឲ្យមានការផ្លាស់ប្តូរថ្មីមួយនៅក្នុងប្រព័ន្ធគ្រប់គ្រងសង្គមខ្មែរ ក៏ដូចជាខាងផ្នែកជំនឿសាសនាផងដែរ។ ព្រឹត្តិការណ៍ដែលបានកើតឡើងនាពេលនោះ បានដក់ជាប់ក្នុងផ្នត់គំនិតនៃអ្នកដឹកនាំ ក៏ដូចជាប្រជារាស្រ្តខ្មែរទាំងឡាយ ហើយកិត្តិនាមរបស់ព្រះអង្គក៏មានភាពល្បីរន្ទឺ នៅសម័យកាលក្រោយៗមក។ តាមសិលាចារឹកស្តុកកក់ធំ ដែលចារនៅសម័យក្រោយ បានបញ្ជាក់ឲ្យដឹងដែរថា នៅចុងសតវត្សរ៍ទី៨ ព្រះបាទជ័យវរ្ម័នទី២ បានធ្វើការបង្រួបបង្រួមនូវក្រុមមនុស្សដែលបានបំបែកទឹកដី ឲ្យទៅជានគរតូចទាំងឡាយឲ្យមករួបរួមគ្នាវិញ និងឈានទៅបង្កើតអាណាចក្រមួយ ប្រកបដោយឥទ្ធិពលនៅក្នុងតំបន់។ ក្រោយពីសម្រេចបាននូវការបង្រួបបង្រួមនេះ ព្រះអង្គបានសម្រេចព្រះទ័យ ជ្រើសរើសយកភ្នំគូលេន ដើម្បីរៀបចំពិធីទេវរាជ នៅឆ្នាំ៨០២ ក្នុងបំណងប្រកាសពីការបង្រួបបង្រួមជាតិ និងការមានឯករាជ្យ ដោយបានបញ្ជាក់ថា ចាប់ពីពេលនេះទៅ អាណាចក្រខ្មែរលែងចំណុះឲ្យជ្វាទៀតហើយ។ តាមរយៈព្រះរាជពិធីនេះ ព្រះអង្គបានក្លាយទៅជាព្រះមហាក្សត្រ ដែលជាស្តេចចក្រពត្តិ នៅចក្រភពខ្មែរ ។ ព្រះមហាក្សត្រខ្មែរក្រោយៗមកទៀតបានយកគំរូតាម ដោយបានធ្វើការរៀបចំព្រះរាជពិធីគោរព “សិវលឹង្គ” ដែលជាវត្ថុពិសិដ្ឋ សម្រាប់រាជ្យ ដើម្បីក្លាយជាស្តេចគ្រប់គ្រងទឹកដី។
Tuesday, July 5, 2016
ព្រះសិវៈ ឬព្រះឥសូរ : អាទិទេព សាងលោកផង និងបំផ្លាញលោកផង
Tags
# Khmer History
About Sakhan Um
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.
Khmer History
Labels:
Khmer History
Subscribe to:
Post Comments (Atom)
No comments:
Post a Comment