ស្វែងយល់អំពីសិទ្ធិនារីអន្តរជាតិ ៨ មីនា - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Tuesday, March 7, 2017

ស្វែងយល់អំពីសិទ្ធិនារីអន្តរជាតិ ៨ មីនា

ទិវាសិទ្ធិនារីអន្តរជាតិ មានប្រភពមកពីពាក្យថា International Working Women’s Day ទិវាកាងារនារី អន្តរជាតិ។ ទិវានារីអន្តរជាតិ ប្រទេសជាច្រើននៅលើពិភពលោក តែងតែប្រារព្ធឡើងនៅថ្ងៃទី៨ មីនា ជារៀងរាល់ឆ្នាំ ដែលជាព្រឹត្តិការណ៍គេមិនអាចបំភ្លេចបាន ពិសេសនារី។ ការប្រារព្ធពិធីនេះក្នុងន័យតែមួយគត់គឺ ការគោរព និង ស្រលាញ់ស្រ្តី លើកកំពស់ស្រ្តីក្នុងសេដ្ឋកិច្ច ការងារ នយោបាយ និងការចូលរួមកិច្ចការក្នុងសង្តម រហូតគេបានចាត់ទុកស្ត្រី ជាមាតារបស់ពិភពលោក។
ដើម្បីឲ្យមានការអនុវត្ត និងមានគោលនយោបាយច្បាស់លាស់ ក្នុងការគោរពលើស្ត្រីឲ្យបានត្រឹមត្រូវតាមរយៈ កត្តានយោបាយ និងសង្តម អង្គការសហប្រជាជាតិ (UN) ក៏បានលើកតម្កើង និងគាំទ្រយ៉ាងពេញទំហឹង លើស្ត្រីភេទ ។ ឧទាហណ៍ អង្គការសហប្រជាជាតិ ក៏ប្រារព្ធពិធីអបអរសាទរទិវានេះ ហើយប្រទេសជាច្រើនក៏បានកំណត់ថា ទិវា នារីអន្តរជាតិនេះ ជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ។

ក-ប្រវត្តិនៃទិវាបុណ្យនារីអន្តរជាតិ
សហរដ្ឋអាមេរិក បានបង្កើតទិវាមួយដែលមានការទាក់ទងទៅនឹងការផ្តល់ តម្លៃទៅលើស្ត្រីមុនដំបូងគេក្នុង ប្រទេសរបស់ខ្លួន ដែលគេហៅថា ទិវានារីជាតិ (Women’s National Day)  ក្នុងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩០៩ យោងតាម សេចក្តី ប្រកាសនៃគណ:បក្សសង្គមនិយមអាមេរិក (Socialist Party of America)។ ក្នុងខែសីហា ឆ្នាំ១៩១០ សន្និសីទកាសែតនៃនារីអន្តរជាតិមួយ ត្រូវបានរៀបចំឡើងក្នុងការជួបជុំគ្នាជាទូទៅ រវាងអ្នកសង្គមនិយមទាំងអស់ នាបណ្តាប្រទេសលោកខាងលិច។ សមាគមសង្គមនិយមអន្តរជាតិ ជួបប្រជុំគ្នានៅទីក្រុង Copenhagen។ ដោយ មានការ បំផុសគំនិតចេញពីអ្នកសង្គមនិយមម្នាក់ជនជាតិអាល្លឺម៉ង់ (German) ដែលមានឈ្មោះថា Luise Zietz លោកបានស្នើសូមឲ្យមានការប្រារព្ធទិវានេះ ដែលមានលក្ខណៈជាអន្តរជាតិ ដើម្បីអបអរចលនា ដើម្បីសិទ្ធិនារី និងដើម្បីជួយសម្រេចឲ្យបាននូវសិទ្ធិបោះឆ្នោតជាសកលសម្រាប់នារី ហើយការស្នើសុំលើកទីពីរ ធ្វើឡើងដោយ លោក Clara Zetkin។ គណៈប្រតិភូដែលមានការចូលរួមពីស្ត្រីមកពីប្រទេសចំនួន១៧ ពួកគេ ក៍បានយល់ព្រម ទៅលើការសំរេចឲ្យមានការប្រារព្ធពិធីទិវានារីអន្តរជាតិជាលក្ខណៈសកលផងដែរ។

ក្នុងថ្ងៃទី៨ ខែមីនា ឆ្នាំ១៩១១ ទិវានារីអន្តរជាតិ ត្រូវបានធ្វើឡើងជាលើកដំបូងដែលមានការចូលរួមពី ប្រជាជន ជាងមួយលាននាក់ ក្នុងប្រទេស Austria,  ប្រទេស Denmark, ប្រទេស Germany និងប្រទេស Switzerland ។

ខ-សកម្មភាពរបស់ស្ត្រី ក្នុងការទាមទារសន្តិភាព និងសិទិ្ធសេរីភាព
ជាមួយនឹងទាហានរុស្សី ២លាននាក់ នារីជនជាតិរុស្សីជាថ្មីម្ដងទៀត បានធ្វើកូដកម្មទាមទារ ស្បៀងអាហារហូប និងសន្តិភាពក្នុងប្រទេសរបស់ខ្លួន។ នៅទីបញ្ជប់រដ្ឋាភិបាលប្រទេសរុស្សី បានផ្ដល់សិទ្ធិបោះឆ្នោតដល់នារី។ នៅថ្ងៃទី ៨ មីនា ១៩៦៥ ប្រទេសរុស្សី បានសម្រេច ប្រកាសទទួលស្គាល់ថា នារីពិតជារួមចំណែកយ៉ាងធំធេង ដល់ការកសាង ប្រទេសកុម្មុយនីស្តមួយនេះប្រាកដមែន។

ចំណែកឯក្នុងចក្រភព Austro-Hungarian វិញ មានស្រ្តីជាច្រើនបានធ្វើបាតុកម្មដើម្បី ទាមទារនូវសិទិ្ធក្នុងការបោះឆ្នោត និងកាន់អំណាច បន្ថែមពីលើសិទ្ធិបោះឆ្នោត និងសិទ្ធិបម្រើការងាររដ្ឋ, នារីទាំងនោះបានទាមទារឲ្យ មានសិទ្ធិ ក្នុងការធ្វើការងារ សិទ្ធិទទួលការបណ្ដុះបណ្ដាល និងសិទ្ធិក្នុងការបញ្ចប់ការរើសអើងចំពោះការងារ។
គ-ទិវានារីអន្តរជាតិនៅប្រទេសកម្ពុជា នៅឆ្នាំ១៩៩៤ មានការប្រារព្ធពិធីទិវានារីអន្តរជាតិដ៏ធំសម្បើមមួយ ក្នុង ប្រទេសកម្ពុជាដែលមានការចូលរួមយ៉ាងច្រើនកុះករពីស្ត្រីដែលមានកាន់បដាដែលមានសរសេរថា «ឈប់ប្រើអំពើ ហិង្សា លើស្ត្រី និងស្រ្តីជាអ្នកស្វែងរកសនិ្តភាព» ដោយពួកគេ បានឈរតាមផ្លូវសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញ រួចនៅថ្ងៃ ៨ មីនានោះ ក៏ជាថ្ងៃឈប់សំរាកដែលចេញសារាចរណ៍ដោយរាជរដ្ឋាភិបាលកម្ពុជា។ ចំណែក រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រសួងកិច្ចការនារី ដើម្បីបញ្ជាក់ពីការយកចិត្តទុកដាក់ដល់ស្ត្រី។

-ប្រវត្តិរបស់ក្រសួងកិច្ចការនារី
ក្រោយការបោះឆ្នោតជាសកលជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១ ឆ្នាំ១៩៩៣ ដោយមានការយកចិត្តទុកដាក់ លើស្ត្រី រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឡើងនូវ រដ្ឋលេខាធិការដ្ឋានកិច្ចការនារី ដែលបន្តមុខងារជាច្រើនពី សមាគមនារីកម្ពុជា ទាំងនៅថ្នាក់ជាតិ ខេត្ត ស្រុក។ ឆ្នាំ១៩៩៦ រដ្ឋលេខាធិការដ្ឋានកិច្ចការនារី ត្រូវបានដំឡើងទៅជា ក្រសួងកិច្ចការនារី ប៉ុន្តែដឹកនាំដោយបុរស (លោក គៀត សុគន្ធ) ជារដ្ឋលេខាធិការ។ ឆ្នាំ១៩៩៨ អាណត្តិ របស់ក្រសួង ត្រូវបានបញ្ចូលកិច្ចការអតីតយុទ្ធជន និងបានដូរឈ្មោះទៅជា ក្រសួងកិច្ចការនារី និងអតីតយុទ្ធជន វិញ ដែលដឹកនាំដោយលោកជំទាវ មូរ សុខហួរ ជារដ្ឋមន្ត្រី។ ឆ្នាំ២០០៤ ក្រសួងកិច្ចការនារី បានក្លាយមកជាក្រសួង កិច្ចការនារី រហូតដល់សព្វថ្ងៃនេះ ដែលដឹកនាំដោយលោកជំទាវ វេជ្ជ.អ៊ឹង កន្ថាផាវីជារដ្ឋមន្ត្រី និងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទាំងអស់ជាស្ត្រី។

ក្រសួងកិច្ចការនារី គឺជាយន្តការជាតិដើម្បីលើកកម្ពស់ តួនាទី និងឋានៈរបស់នារីនៅកម្ពុជា។ ប្រទេសកម្ពុជាគឺរាជរដ្ឋាភិបាល បានទទួលស្គាល់គុណបំណាច់នៃការចូលរួមរបស់ស្រ្តី ដោយចាត់ទុកជាឆ្អឹងខ្នង ក្នុងការភិវឌ្ឍសេដ្ឋកិច្ច និងសង្តម។ ចំណេះដឹងថ្មី និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល បានឲ្យស្ត្រីខ្មែរ មានភាពរីករាយក្នុងការទទួល និងប្រើប្រាស់សិទិ្ធរបស់ខ្លួន មានឱកាសច្រើនក្នុងចូលរួមក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យដូចជាការ ចូលរួមសកម្មភាពសង្តម និងបញ្ចេញមតិយោបល់ផ្សេងៗ។ ដើម្បីលើកកំពស់សិទិ្ធស្ត្រី និងជំរុញការចូលរួមរបស់ ស្ត្រីឲ្យបានច្រើនថែមទៀត ក្នុងគ្រប់វិស័យ មាន នយោបាយ សេដ្ឋកិច្ច សង្តម ហើយ រាជរដ្ឋាភិបាលកម្ពុជាតាំង ពីឆាំ្ន២០០៦ បានដាក់អនុវត្តផែនការ Gender (យេនឌ័រ) ទៅរាល់គោលនយោបាយជាតិ។

ឃ-លទ្ធផលនៃការបង្កើតទិវានារីអន្តរជាតិក្នុងសកលលោក
ឆ្នាំ១៩៧៧ មហាសន្និបាតរបស់អង្គការសហប្រជាជាតិ បានកោះអញ្ជើញសមាជិករបស់ខ្លួនទាំងអស់ ឲ្យប្រកាស ថ្ងៃ ៨មីនា ជាថ្ងៃទទួលស្គាល់សិទ្ធិនារី និងសន្តិភាពពិភពលោក។

នាពេលអនាគត អង្គការសហប្រជាជាតិ មានគំរោងមួយចំនួនក្នុងការលើកស្ទួយ បន្ថែមសំរាប់សិទិ្ធ និងការចូលរួមកិច្ចការសង្តមរបស់ស្ត្រី ហើយគំរោងទាំងអស់នោះរួមមាន៖បំបាត់ភាពក្រីក្រ និងគ្រោះទុរភិក្ស, បំពេញការអប់រំជាសកល, អនុញ្ញាតឲ្យស្ត្រីទាំងអស់ មានសិទិ្ធស្មើគ្នាដូចបុរស,កាត់បន្ថយអត្រាមរណៈរបស់ស្ត្រី និងកាត់បន្ថយអត្រាមរណៈរបស់ម្តាយ៕