ប្រជាជនខ្មែរមួយចំនួន តែងតែមានទម្លាប់ប្រើប្រាស់ពាក្យ«ជេរ»នៅក្នុងជីវភាពរស់នៅ និងនៅលើបណ្តាញសង្គមហ្វេសប៊ុកជាដើម។ មិនត្រឹមតែប្រជាជនសាមញ្ញទេ ដែលតែងតែប្រើប្រាស់ពាក្យជេរប្រមាថ តែការប្រើប្រាស់ពាក្យជេរប្រមាថជាសាធារណៈ ក៏ត្រូវបានប្រើប្រាស់ដោយអ្នកនយោបាយមួយចំនួនផងដែរ។
នៅពេលបើកហ្វេសប៊ុកភ្លាម គេសង្កេតឃើញថា សង្គ្រាមពាក្យសម្តី ដោយប្រើប្រាស់ពាក្យអសុរោះ និងសម្តីហិង្សា បានកើតឡើងព្រោងព្រាត។ ការបញ្ចេញអារម្មណ៍ខឹង ឬស្អប់ ដោយប្រើប្រាស់ពាក្យជេរប្រមាថនៅទីសាធារណៈ គឺកំពុងធ្វើឲ្យបរិយាសសង្គម ពោរពេញដោយគំនុំគុំកួន និងពង្រីកអំពើហិង្សានៅប្រទេសទៀតផង។ មួយវិញទៀត បើគេសង្កេតនៅក្នុងជីវភាពរស់នៅរបស់សង្គមខ្មែរវិញ គេនឹងឃើញគ្រួសារខ្លះ បានប្រើប្រាស់ពាក្យជេរប្រមាថ ហាក់ក្លាយជាទម្លាប់ទៅហើយ។
ក្រៅពីចូលចិត្តជេរប្រមាថ ពលរដ្ឋខ្មែរមួយចំនួន ក៏តែងតែប្រើពាក្យបន្តុះបង្អាប់ រុញទម្លាក់ ជាន់ពន្លិច ប៉ែងជើង…។ មួយវិញទៀត គេតែងសង្កេតឃើញវប្បធម៌បន្តុះបង្អាប់នេះ កំពុងជ្រកក្នុងជីវភាពប្រចាំថ្ងៃរបស់គ្រួសារខ្មែរ ដូចជា «មនុស្សពិការភ្នែក» ពលរដ្ឋខ្មែរខ្លះ តែងហៅថា «អាខ្វាក់»។ ឯ «មនុស្សពិការជើង» ខ្មែរមួយចំនួនទៀត តែងហៅថា «អាកំបាក់»…។ ឯ ពលរដ្ឋខ្មែរមួយចំនួនវិញ តែងហៅនរណាម្នាក់ដែលគេស្អប់ ដោយប្រៀបធៀបជាមួយសត្វផ្សេងៗ ដូចជា អាឆ្កែ ជាដើម។
តើមានមូលហេតុអ្វីខ្លះ បានជាមាននិន្នាការបែបនេះ?
មានមូលហេតុមួយចំនួន ដែលជាឫសគល់នៃការបង្កើតផ្នត់គំនិតជេរប្រមាថ។ មូលហេតុទី១៖ អាចបណ្តាលមកពីបុគ្គលខ្លះមានចរិតហិង្សា ចូលចិត្តប្រើសម្តីជេរប្រមាថ និងលាបពណ៌។ មូលហេតុទី២៖ គឺបណ្តាលមកពីទម្លាប់នៃការរស់នៅក្នុងគ្រួសារខ្មែរមួយចំនួន ដែលឪពុកម្តាយតែងតែប្រើប្រាស់ពាក្យជេរដើម្បីប្រដៅកូនចៅ។ វប្បធម៌«ជេរ»នេះ មិនត្រឹមកើតឡើងនៅក្នុងជីវភាពពលរដ្ឋសាមញ្ញនោះទេ ប៉ុន្តែ វាបានកើតឡើងទ្រង់ទ្រាយធំចំពោះអ្នកប្រកាន់និន្នាការនយោបាយផ្សេងគ្នាច្រើនជាង។ អ្នកដឹកនាំខ្លះ តែងតែប្រើប្រាស់ការជេរប្រមាថ ដើម្បីវាយបំបាក់គូប្រកួត ឬបន្តុះបង្អាប់គូប្រកួត។ លើសពីនេះ អ្នកគាំទ្រនយោបាយមួយចំនួនដែលមានចំណេះដឹងទាប ពួកគេតែងតែប្រើប្រាស់ការជេរប្រមាថទៅលើភាគីម្ខាងទៀត ដែលមាននិន្នាការនយោបាយខុសគ្នា។ បន្ថែមពីនេះ ពលរដ្ឋខ្មែរមួយចំនួនទៀត បានចាត់ទុកអ្នកមាននិន្នាការនយោបាយផ្សេងពីបក្សរបស់ខ្លួនថា ជាសត្រូវស៊ីសាច់ហុតឈាមទៀតផង។
ការប្រើប្រាស់សម្តីមិនល្អក្នុងរង្វង់គ្រួសារក្តី ឬជាសាធារណៈក្តី គឺមិនបានធ្វើឲ្យមានផលចំណេញដល់ប្រទេសជាតិនោះទេ តែផ្ទុយមកវិញ វាបានបង្កើតឲ្យមានការស្អប់ខ្ពើមរវាងបុគ្គលនិងបុគ្គល បុគ្គលនិងសង្គម ឬព្រមទាំងធ្វើឲ្យមានការស្អប់គ្នារវាងជាតិសាសន៍មួយ ទៅជាតិសាសន៍មួយទៀត។ ម្យ៉ាងវិញទៀត អំពើហិង្សាពាក្យសម្តី នឹងអាចឈានដល់អំពើហិង្សានយោបាយ។
ដូច្នេះ ការអប់រំសីលធម៌ទាំងក្នុងប្រព័ន្ធអប់រំ និងក្រៅប្រព័ន្ធអប់រំ គឺជាដំណោះស្រាយល្អបំផុត ដើម្បីបំបាត់ ឬកាត់បន្ថយការប្រើប្រាស់ពាក្យជេរប្រមាថនៅក្នុងសង្គមខ្មែរ។ លើសពីនេះ ពលរដ្ឋខ្មែរ គួរចៀសវាងការជេរប្រមាថ បន្តុះបង្អាប់ ដែលធ្វើឲ្យអ្នកដទៃមានការឈឺចាប់។ រីឯ អ្នកដឹកនាំគ្រប់កម្រិតវិញ ពួកគេគួរតែបោះបង់ពាក្យជេរឬសម្តីមិនល្អ។ ការធ្វើយ៉ាងដូច្នេះ គឺដើម្បីឲ្យអ្នកដឹកនាំគ្រប់កម្រិតក្លាយជាគំរូល្អដល់ក្មេងជំនាន់ក្រោយ៕
ប្រភពមកពី÷ ថ្មីថ្មី
ប្រភពមកពី÷ ថ្មីថ្មី
No comments:
Post a Comment