សំណង់គេហដ្ឋានរបស់ជនជាតិ ខ្មែរ (ផ្ទះកន្តាំង ផ្ទះប៉ិត ផ្ទះរោងដោល ផ្ទះកិង) - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Thursday, July 14, 2016

សំណង់គេហដ្ឋានរបស់ជនជាតិ ខ្មែរ (ផ្ទះកន្តាំង ផ្ទះប៉ិត ផ្ទះរោងដោល ផ្ទះកិង)




            សំណង់បុរាណជាច្រើននៅបន្សល់ជាកេរដំណែលមកទល់សព្វថ្ងៃនេះ។ តាមការស្រាវជ្រាវកន្លងមកបានបង្ហាញថា ខ្មែរមានអារ្យធម៌រុងរឿងបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ ការកសាងជម្រកដោយយកតាមរចនាបថ ដែលខ្មែរយើងនិយម ក្នុងនោះតួយ៉ាងដូចជាប្រាសាទ គេហដ្ឋាន ។ល។ នៅក្នុងអត្ថបទថ្ងៃនេះខ្ញុំសូមលើកយក ការកសាងផ្ទះ ឬហៅថា«គេហដ្ឋាន» ឬ«លំនៅដ្ឋាន» ។
ប្រសិនយើងធ្វើដំណើរទៅកាន់តំបន់នានានៅតាមជនបទស្រុកស្រៃចម្ការ យើងនឹងឃើញផ្ទះតូចធំជាច្រើន សាងសង់បន្តបន្ទាប់គ្នាជាហូរហែរឥតដាច់។ គេហដ្ឋានទាំងនោះខ្លះសង់បែបសម័យ ខ្លះសង់បែបបុរាណ មានតូច មានធំ ទៅតាមទំហំធនធាននៃគ្រួសារនីមួយៗ។ ភាគច្រើននៃសំណង់ទាំងអស់នេះ យើងឃើញផ្ទះដែលមានលក្ខណៈសំណង់បែបបុរាណ សបញ្ជាក់ច្បាស់ថា ខ្មែរនៅប្រកាន់ខ្ជាប់អំពីទំនៀមទំលាប់ និងស្រឡាញ់អ្វីដែលជាស្នាដៃរបស់ដូនតាបន្សល់ទុកឲ្យ។ ផ្ទះបុរាណមានច្រើនប្រភេទដូចជា ផ្ទះកន្តាំង ផ្ទះតៀម ផ្ទះប៉ិត រោងដោល ផ្ទះកិង ។ល។

១. ផ្ទះកន្តាំង
   ផ្ទះកន្តាំងជាផ្ទះដែលសាមញ្ញបំផុតមានដំបូលផ្តុំឡើងដោយផ្ទាំងពីរ ដែលមកទល់គ្នានៅត្រង់មេដំបូល។ រីឯសសរមាន ៣ជួរយ៉ាងតិច។ ជួរកណ្តាលតែងតែខ្ពស់ជាងគេ ហៅថាសសរមេដំបូល ឬសសរទ្រូង ឬសសរកន្លោង។ ចំណែកឯសសរជើងរៀងនៅអមសងខាងជាធម្មតា។ ទ្វារផ្ទះតែងនៅសសរជើងរាង ។

 លំនាំផ្ទះប្រភេទនេះមានជាយូរណាស់មកហើយ ដូចដែលយើងអាចឃើញនៅតាមចម្លាក់ផ្សេងៗ ដូចជានៅតាមថែវប្រាសាទបាយ័នជាដើម។ ផ្ទះរបៀបនេះបើប្រៀបធៀបទៅនឹងប្រភេទផ្ទះរោងដោល ផ្ទះរោងឌឿង ឬផ្ទះប៉ិត វាមានលក្ខណៈងាយសាងសង់ជាងគេ។
ថ្វីត្បិតែមើលពីក្រៅហាក់ដូចជាសមញ្ញក្តី តាមពិតទៅគេមានវិធីរៀបចំខាងក្នុងឲ្យមានរបៀបរបបខុសៗគ្នា ទៅតាមចំណង់ចំណូលចិត្ត។ ឧទាហរណ៍តែងឃើញគេធ្វើបន្ទប់ដែលមានដំបូលបាំងពីលើហាក់ដូចជាពិដាន នោះគឺជាស្កាកដែលគេអាចប្រើប្រាស់សម្រាប់ដាក់ឥវ៉ាន់ផ្សេងៗ។ ផ្ទះប្រភេទនេះអ្នកស្រុកនៅតាមដងទន្លេធំដែលជាប់ខ្សែស្រឡាយចិន(កូនកាត់ចិន)និយមសង់ច្រើន ជាពិសេសនៅខេត្តកំពង់ចាម និងក្រចេះ។ ផ្ទះនេះអាចមានពីមួយខ្នងរហូតទៅដល់ប្រាំខ្នង។ ជួលកាលនៅខាងមុខបង្អស់ មើលទៅឃើញហាក់ដូចជាខ្នងមួយដែរ តែតាមពិតរាប់ថាជាខ្នងពុំសមឡើយ ត្បិតពុំមែនសម្រាប់នៅ ទទឹងក៏តូចហើយនៅចំកណ្តាលទទឹងផ្ទះ ឯជញ្ជាំងបិទបាំងក៏គ្មាន។ គេហៅថាហោណាំងវិញ។
ម្យ៉ាងទៀត ផ្ទះកន្តាំងអាចមាន «ស្លាប» ចេញពីប៉ែកខាងក្រោយនៃហោជាង។ ជាទូទៅគេហៅថា «កន្តាំងស្លាប» តែអ្នកស្រុកខ្លះហៅថា «បាក់ណុក(មានន័យថាស្លាបបក្សី)»។ ស្លាបនេះអាចការពារថ្ងៃ ឬភ្លៀងបន្តិចបន្តួចបាន។

 ឯកម្ពស់ផ្ទះមានខ្ពស់ទាបច្រើនបែបច្រើនយ៉ាង អាស្រ័យទៅតាមស្ថានភាពដី ប៉ុន្តែបើសង់ផ្ទះផ្ទាល់នឹងដីគេហៅថា «ផ្ទះតៀម»
រចនាសម្ព័ន្ធផ្ទះកន្តាំងសាមញ្ញជាងរចនាសម្ព័ន្ធប្រភេទផ្ទះផ្សេងៗ។ គ្រឿងឈើឬសម្ភារៈល្មមៗ អាចធ្វើបាន ដូច្នោះហើយ បានជាគេឃើញថា ផ្ទះប្រភេទនេះសម្បូរជាងគេនៅប្រទេសកម្ពុជា។ ពិសេសសម័យបច្ចុប្បន្ននេះ ដែលឈើកាន់តែខ្សត់ទៅៗ។ ទោះជាផ្ទះប្រក់ពីស្លឹកក៏អាចធ្វើជាផ្ទះបានដែរ មិនតែប៉ុណ្ណោះអាចថែមថយបំបែកតទៅទៀតបាន ។

២. ផ្ទះប៉ិត
  ពពួក​ផ្ទះ​ដែល​ហៅថា​ «ប៉ិត» ឬ​ហៅ​តាម​អ្នក​ស្រុក​បាត់ដំបងថា «ផ្ទះជម» «ផ្ទះ​ក្រជម» គឺ​តែង​តែ​មាន​ដំបូល​ផ្តុំ​ឡើង​ដោយ​ផ្ទាំង​៤ ដែល​មាន​ជម្រាល​ស្មើ​គ្នា ហើយ​ពុំ​មាន​ហោជាង​នៅ​ផ្នែកណាមួយ​នៃ​ដំបូល​ឡើយ។ 

ជា​ទូទៅ​បើ​មើល​លើ​ប្លង់​ផ្ទះ​ប៉ិត​ដែល​មាន​តែ​មួយ​ខ្នង ឃើញ​ថា​ទ្វារ​មិន​នៅ​លើ​ជ្រុង​ខ្លីទេ គឺ​នៅ​លើ​ជ្រុងវែង។

 គេ​អាច​ពង្រីក​ផ្ទះ​ប៉ិត​សាមញ្ញ​ឲ្យ​មាន​រូប​រាង​ច្រើន​បែប​យ៉ាង។ ម្យ៉ាង​ដោយ​បន្ថែម​ដំបូល​ឲ្យ​បាន​ច្រើន​ខ្នង។ ផ្ទះ​ប៉ិតខ្លះមាន​ពីរ​ខ្នង ប៉ុន្តែ​អាច​មាន​ច្រើន​ជាង​នោះ​រហូត​ដល់​ប្រាំ​ខ្នង​ផង។ ប្រភេទ​ម្យ៉ាង​ទៀត​ការ​ចែក​ខ្នង​នោះ​ពុំ​មែន​ទៅ​ក្រោយ​ទេ គឺមក​ខាង​ទទឹង​ផ្ទះ​ទៅវិញ ជួន​កាល​គេ​ហៅ​ថា «ភ្លោះ»

 ជួន​កាល​ទៀត​លំបាក​ឲ្យ​ឈ្មោះ​ពិត​ប្រាកដ​ណាស់ គ្រាន់​តែ​មើល​ទៅមូល​ដ្ឋាន​ជា​ផ្ទះប៉ិត​ដោយ​ថែម​ដំបូល​ប៉ិត​ដូច​គ្នា តែ​មក​កាត់​ទទឹង​គ្នា​ទៅវិញ​។ តាម​ធម្មតា ក្បាច់​ដែល​នៅ​លើ​ព្រុំ​ហើយ​មាន​កំពូល​ស្រួច​ទៅ​លើ​គេ​ហៅ​ថា«ម៉ិត»​(ពុំដឹងថា​ពាក្យនេះ​ត្រឹម​ត្រូវ​តាមអក្ខរាវិរុទ្ធឬទេ ដោយសារពុំមាននៅក្នុង​វចនា​នុក្រម​សម្តេចជួនណាត) ។ ចំណែក​ឯ​នៅ​ខាង​ចុង​ចែង​តែង​ឃើញ​មាន «គាងឃ្វាយ» ឬ​អ្នក​ស្រុក​ខ្លះ​ហៅថា «កន្ទុយមាន់» ។ ជួនកាលទៀត​មាន​ក្បាច់​មួយជួរ​រត់​តាម​ព្រុំ​ហើយ​ចុះ​ពី​ព្រុំ​ទៅ​ចុង​ចែង​ ដែល​ហៅថា «នាងច្រិល»



៣. ផ្ទះរោងដោល
    ផ្ទះរោងដោលនេះគឺនៅក្នុងពពួកផ្ទះ«រោង»។ ជាទូទៅផ្ទះរោងដោលសង់ឡើងដោយប្រើសសរ៣ជួរ។ ជួរកណ្តាលខ្ពស់ជាងគេ អ្នកខ្លះហៅថាសសរមេដំបូល ខ្លះទៀតហៅថាសសរទ្រូង។ សសរជួរកណ្តាលទាំងនេះមានទំហំធំជាងសសរជួរចំហៀងត្បិតមានតួនាទីទ្រមេដំបូល។ ម្យ៉ាងទៀតគេតែងសង្កេតឃើញថា សសរជួរកណ្តាលនោះមានភាពប្រណិតផ្ចិតផ្ចង់ជាងគេ។ បើផ្ទះនោះមានសសរ៤ជួរ សសរទ្រូងត្រូវមាន២ជួរ ដែលមានធ្នឹមទ្រជើងគកនៅចន្លោះជួរសសរនោះ។

រីឯសសរនៅជួរចំហៀងគេហៅថាសសររៀង ឬសសរជើងរៀង។ ជួនកាលយើងពុំចាប់អារម្មណ៍ទេថា ផ្ទះអ្នកកំសត់ក្រីក្រតោកយ៉ាក ដែលស្ទើរតែរលំខ្លះនោះ ក៏មានដំបូលជារាងដោលដែរ។ ការវិភាគរចនាសម្ព័ន្ធខ្លះៗនៃផ្ទះរោងដោល។ ប្រសិនបើផ្ទះនោះមានហប់នៅមុខផង ក្រោយផងដូចគ្នា គេហៅថាផ្ទះរោងឌឿង។ ពាក្យថារោងដោល ឬថាអ្វីផ្សេងទៀតក៏ដោយ (ឧទាហរណ៍ ប៉ិត កន្តាំង ។ល។) សុទ្ធសឹងសំដៅទៅលើអង្គភាពឬរចនាសម្ព័ន្ធ ដែលជាមូលដ្ឋានប៉ុណ្ណោះ។
តាមពិតទៅផ្ទះប្រភេទណាក៏ដោយក៏តែងតែមានការរៀបចំខុសៗគ្នាទៅតាមតួនាទី ឬតម្រូវការ។ ក្នុងពួករោងនេះគេអាចមាន «រោងលំហ» ដែលឥតជញ្ជាំងសម្រាប់រៀបចំបុណ្យទានផ្សេងៗ។ រីឯ «រោងលំហែ» គឺជាព្រះពន្លា។ ចំណែកឯរោងខ្លះទៀតមង្គលការ ។ល។

អង្គភាពឬរចនាសម្ព័ន្ធ ដែលជាមូលដ្ឋាននោះ គឺគេអាចពង្រីកដោយថែមអង្គភាពឬរចនាសម្ព័ន្ធតូចៗផ្សេងទៀតបានច្រើនបែបយ៉ាង។ ដរាបណាការពង្រីក ឬបន្តែមនោះធ្វើតាមបែបបទប្រពៃណី ផ្ទះរោងដោលនៅតែជារោងដោលដដែល។ ផ្ទះរោងដោលជាមូលដ្ឋាន ដែលមានផ្ទះបាយជាប់ជាមួយ ក្លាយទៅជាផ្ទះភ្លោះ ព្រមទាំងមានរានហាលមួយនៅពីក្រោយ។

៤. ផ្ទះកិង
ការសង្កេតមកឈ្មោះប្រភេទផ្សេងៗនៃផ្ទះខ្មែរច្រើនតែកំណត់ដោយដំបូល។ រីឯផ្ទះកិងសម្គាល់ថាមានដំបូលពីរថ្នាក់ត្រួតលើគ្នា ហើយមានហប់ពីរនៅខាងមុខនិងក្រោយ។ សសរកណ្តាលមានពីរជួរ ដំបូលលើទ្រដោយជើងគក។ ដំបូលថ្នាក់ក្រោមអាចបង្កើតបានជារបៀងបើគេបាំងជញ្ជាំងមកនៅត្រឹមជួរទី២។ រនាបនៅត្រង់របៀងនេះសោតគេអាចបញ្ចុះឲ្យទាបជាងរនាបផ្ទះធំបន្តិច តាមចំណូលចិត្ត។ ជួនកាលគេធ្វើទ្វារធំដល់ទៅ៤ទិស នៅតាមទិសផ្សេងៗ រីឯជណ្តើរដាក់នៅត្រង់ទ្វារណាមួយ មិនថាជាទទឹងឬបណ្តោយផ្ទះនោះឡើយ គឺដាក់ទៅតាមតំរូវការ។

 ឧទាហរណ៍ ជណ្តើរដាក់នៅកណ្តាលផ្ទះជាធម្មតា ប៉ុន្តែក្នុងពេលខ្លះ ដូចជាមានរៀបមង្គលការកូនជាដើម គេប្តូរទីតាំងជណ្តើរទៅទិសខាងណាមួយដែលមិនឆ្ងាយពីពិធី។ គេនិយាយថាពីមុនមកផ្ទះកិងច្រើនតែជាផ្ទះអ្នកមានបណ្តាសកិ្ត ឬក៏កុដិរបស់ចៅអធិការវត្តជាដើម។ គេជឿថាផ្ទះប្រភេទនេះ ជាផ្ទះអ្នកធំណាម្នាក់នៅខេត្តបាត់ដំបង កាលពីសម័យលោកម្ចាស់។ គេគូរប្លង់ផ្ទះនោះតាមបច្ចេកទេសស្ថបត្យកម្ម។

 ប៉ុន្តែ បើពិនិត្យគំនូរបុរាណនៅតាមវត្ត ឃើញថា អាចដូច្នេះផង ហើយអាចពុំមែនផង។ ប្រហែលអាចជាផ្ទះអ្នកទ្រើស ឬអ្នកមានទ្រព្យណាម្នាក់មែន ដោយឡែកឃើញថាជាផ្ទះអ្នកសាមញ្ញធម្មតា ជញ្ជាំងនិងដំបូលធ្វើអំពីស្លឹក។


No comments:

Post a Comment