ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត
នៅលើខ្នងភ្នំដងរែក (៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ)។
ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ ប្រាសាទព្រះវិហារមានចម្ងាយ៤០៥គីទ្បូមែត្រពីទីក្រុងភ្នំពេញ តែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារវិញ វាមានចម្ងាយត្រឹមតែ១០៨គីឡូម៉ែត្រត្រប៉ុណ្ណោះ
ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ស្រុកជាំខ្សាន្ត។
នៅឯភ្នំដងរែកនោះមានជណ្ដើរមួយ ដែលអាចឲ្យគេឡើងទៅដល់កំពូលភ្នំ
ដែលជាទីតាំងរបស់ប្រាសាទព្រះវិហារស្ថិតនៅ។
សព្វថ្ងៃនេះអ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវ ស៊ី១ ពីព្រោះថាផ្លូវនោះវាងាយស្រួលក្នុងការធ្វើដំណើរ។ ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំលុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ៤អង្គព្រះនាម៖ ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ៨៨៩-៩១០) ព្រះបាទសូរ្យវរ្ម័នទី១(សាងសង់ក្នុងគ.ស ១០០២-១០៥០) ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣-១១៥០) និងព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០-១១០៩)។ ប្រាសាទព្រះវិហារបានប្រគល់ឲ្យប្រទេសថៃដោយពួកអាណានិគមបារាំង ក្នុងឆ្នាំ១៩៥៤ តែត្រូវទាមទារបានមកវិញដោយការកាត់សេចក្ដីពីតុលាការអន្តរជាតិក្រុងទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ។
កាលបរិច្ឆេទសំខាន់ៗ
·
ថៃ្ងទី១៥ ខែមិថុនា ឆ្នាំ១៩៦២ : ប្រាសាទព្រះវិហារត្រូវបានសាលក្រមតុលាការអន្តរជាតិក្រុងទ្បាអេ
សម្រេចឲ្យភាគីកម្ពុជាជាអ្នកឈ្នះក្ដី
រវាងវិវាទកម្ពុជា-ថៃលើប្រាសាទព្រះវិហារ។
·
ថៃ្ងទី៧ ខែកក្កដា ឆ្នាំ២០០៨:
អង្គការ UNESCO បានសម្រេចដាក់ប្រាសាទព្រះវិហាររបស់កម្ពុជាចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ក្នុងសម័យប្រជុំលើកទី៣២ នៅក្នុងទីក្រុងកេបិក ប្រទេសកាណាដា។
ប្រវត្តិនៃប្រាសាទព្រះវិហារ
តាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្រ្តខ្មែរជាច្រើន
បានឲ្យដឹងថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងពីថ្ម
ចាប់តាំងពីរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ ។ ព្រះបាទសុរិយវរ្ម័នទី១ សោយរាជ្យ នៅពាក់កណ្តាលទីមួយនៃសតវត្សរ៍ទី១១ ។
ទីតាំងធ្វើប្រាសាទ ដែលស្ថិតនៅលើទីខ្ពស់ជាងគេ នោះមានកំពស់
៦២៥ម៉ែត្រ(ឯកសារបារាំង)រឺ៦១៥ម៉ែត្រ(ឯកសារអង់គ្លេស) ។
ប្រវត្តិនៃការកសាងប្រាសាទព្រះវិហារ មាននៅលើសិលាចារឹកខ្មែរ នៅឯប្រាសាទបាពួន ក្នុងខេត្តសៀមរាប គឺកាលេខ ៥៨៣ ៖ «អ្នកដែលសរសេរសិលាចារឹកហ្នឹង ឈ្មោះហរិ
វាហៈ នៅក្នុងរជ្ជកាលព្រះបាទរាជិន្រ្ទវរ័ន្ម គ្រិស្តសករាជ ៩៤៤ ដល់ ៩៦៨ ។
គេសរសេរជាភាសាសំស្រ្កឹតនិងជាភាសាខ្មែរ ។ គេសរសេរថា
មានព្រះអង្គម្ចាស់មួយអង្គព្រះនាម ឥន្រ្ទាយុទ្ធ លោកបានយកលិង្គមួយ ឈ្មោះស្រីសិខៈ រិស្វារៈ មកតាំងមកប្រតិស្ឋនៅទីនេះៗគឺប្រាសាទព្រះវិហារនេះឯង ។
គេសរសេរថា ព្រះអង្គលោកខ្លាំងពូកែខ្លាំងណាស់ ។ លោកមានមហិទ្ធឫទ្ធិ
ទៅច្បាំងជាមួយនឹងស្តេចចាម ហើយចាប់ស្តេចចាមនោះបានទៀត ។
ចំពោះសេចក្តីសិលាចារឹកនេះ អ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រគិតថា
មិនមានសិលាចារឹកឯណាទៀត និយាយពីចម្បាំងទៅចាប់ស្តេចចាមនោះទេ
ក៏ប៉ុន្តែស្តេចដែលលោកចាប់បាននោះ ប្រហែលជាមិនមែនជាស្តេចចាម
ដែលត្រួតប្រទេសចាមទាំងមូលនោះទេ ។ ប្រហែលជាស្តេចអង្គតូចមួយ ដែលត្រួតនៅនគរមួយ
ដែលមានព្រំប្រទល់នៅជាប់នឹងប្រទេសខ្មែរ។
ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ
អំពីជីវប្រវត្តិសង្ខេបរបស់ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ៖ «ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ដល់ពេលដែលលោកចាស់ទៅ លោកទៅរៀនធម៌ តាំងសីលនៅលិង្គបូ ៗ គឺជាវត្តភូ នៅខាងត្បូងស្រុកលាវ សព្វថ្ងៃនេះ ។ រួចហើយ
លោកបានកសាងលិង្គមួយ យកថ្មនោះជាបំណែកនៃលិង្គធំមួយ ។ លិង្គនោះឈ្មោះថា ស្រីសិខៈ រិ ស្វារៈ លោកយកលិង្គនេះមកទុកនៅប្រាសាទព្រះវិហារ ។ ឈ្មោះ លិង្គ ស្រីសិខៈ រិស្វារៈនេះ ពេលក្រោយឆ្នាំក្រោយ មកទៀត
គេតែងតែហៅសម្រាប់ឈ្មោះលិង្គផង និងឈ្មោះទីប្រាសាទវិហារនេះផង
ដូច្នេះអ្នកដែលមកប្រតិស្ឋស្ថាន [[ស្រីសិខៈ រិស្វារៈ::
ថ្មហ្នឹងគឺជាបំណែកមួយ ដែលនៅនឹងលិង្គបូនោះ នៅវត្តភូនោះ គឺយកមកទុកនៅប្រាសាទព្រះវិហារនោះ គឺព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ។ ពេលនោះ អ្នកប្រាជ្ញដែលសិក្សាពីសិលាចារឹក
និងអំពីប្រាសាទព្រះវិហារនោះ គេសន្មត់ថា
ទីនោះប្រហែលជាទីតាំងទាំងប៉ុន្មាន គឺមិនមែនដូចសព្វថ្ងៃនេះទេ ។
មានតែអាស្រមធ្វើអំពីឈើ
ពីព្រោះជាទីកន្លែងសម្រាប់ស្នាក់នៅនៃពួកព្រាហ្មណ៍ ដែលមានភារៈទទួលគោរពថែរក្សាលិង្គ ស្រីសិខៈ រិស្វារៈ នេះឯង» ។
ព្រាហ្មណ៍តៈបៈស្វិន្រ្ទបណ្ឌិត
បើតាមអត្ថបទសិលាចារឹក នៅឯប្រាសាទព្រះវិហារ កាលេខ ៣៨១
ដែលសរសេរជាភាសាខ្មែរផងនិងសំស្រ្កឹតផង បានឲ្យដឹងបន្ថែមថា
មានព្រាហ្មណ៍ម្នាក់ឈ្មោះ តៈបៈស្វិន្រ្ទបណ្ឌិត ជាមនុស្សសំខាន់ដែលទាក់ទិននឹងប្រវតិ្តប្រាសាទព្រះវិហារ ។ តៈបៈស្វិន្រ្ទៈបណ្ឌិត មានអាស្រមមួយ នៅនឹងដែនដីនៃទីតាំងប្រាសាទព្រះវិហារនោះ ។
នៅរវាងឆ្នាំ១០២៤ គឺលោកបានទទួលអង្រឹងស្នែងមាស
និងវត្ថុដ៏មានតម្លៃដទៃទៀតជាច្រើន ពីព្រះបាទសុរិយវរ្ម័នទី១
ព្រោះតែព្រះអង្គដឹងគុណដល់លោក តៈបៈស្វិន្រ្ទៈបណ្ឌិត ដែលបានថែរក្សាលិង្គព្រះអាទិទេព ស្រីសិខៈរិស្វារៈ ។
ព្រះបាទ សុរិយវរ្ម័នទី១ លោកជឿខ្លាំងណាស់
នេះបើតាមសិលាចារឹក ។ លោកជឿថា លិង្គដែលមានព្រះនាម ស្រីសិខៈ រិស្វារៈ ដែលធ្វើរួចហើយពីវត្តភូ យកមកទុកនៅនឹងប្រាសាទព្រះវិហារ
លិង្គនេះឯង តែងតែសម្តែងមហិទ្ធិឫទ្ធិ បដិហារឲ្យលោកឃើញ ។
លោកគ្មានពេលនឹងទៅធ្វើពិធីគោរពបូជាដល់លិង្គហ្នឹង មានតែ តៈបៈស្វិន្រ្ទៈបណ្ឌិត នោះទេ គាត់ធ្វើ ហើយលោកសុំឲ្យខំធ្វើនោះតទៅទៀត
ដើម្បីឲ្យបានបុណ្យបានផលហ្នឹងដល់លោកនិងប្រទេសកម្ពុជា ។
សេចក្តីក្នុងសិលាចារឹកនោះ បញ្ជាក់ហើយបញ្ជាក់ទៀត
ព្រះអង្គម្ចាស់ខំធ្វើខ្លាំងណាស់ ខ្ញុំសូមបញ្ជាក់ថា
អ្នកដែលនៅបម្រើនៅក្នុងប្រាសាទព្រះវិហារ នៅដើមសតវត្សរ៍ទី១
នៃរជ្ជកាលរបស់ព្រះបាទ សុរិយវរ្ម័នទី១ មានមនុស្សច្រើនណាស់ មិនមែនមានតែព្រាហ្មណ៍ទេ មានអ្នកខ្លះ
ជាពល ជាអ្នកស្រុកនៃភូមិដែលនៅជិតៗហ្នឹង គេមានឈ្មោះភូមិគេ
ប៉ុន្តែភូមិខ្លះយើងអត់ដឹងថា ទីតាំងនៅត្រង់ណា តែនៅនឹងជើងភ្នំ
អាចឡើងមកនៅលើភ្នំទៀត សុទ្ធតែជាអ្នកនៅគោរព នៅបូជា
អ្នកដែលជួយធ្វើនេះធ្វើនោះ ដើម្បីថែរក្សា ។ អ៊ីចឹង ព្រះបាទ សុរិយវរ្ម័នទី១ លោកសុំឲ្យយកអ្នកទាំងអស់គ្នានេះ
ចូលមកស្បថធ្វើឲ្យបានត្រឹមត្រូវ ។ មិនមែនគ្រាន់ជាអ្នកបម្រើ
យើងធ្វើតាមចិត្ត អត់ទេ ។
សម្បថនោះមានអីខ្លះទៅ? គឺថា សម្បថនោះមាន
បើអ្នកឯងស្បថថា យាមប្រាសាទ គឺប្រាកដជាយាមប្រាសាទ ។
បើអ្នកឯងថែទាំប្រាសាទ ប្រាកដជាថែទាំប្រាសាទ ។ ហើយលោកបញ្ជាក់ថា
បើអ្នកឯងជាអ្នកថែទាំប្រាសាទ អ្នកឯងជាអ្នកការពារ
អ្នកនៅបម្រើទាំងអស់ហ្នឹង សូម្បីតែនៅក្នុងប្រាសាទ ក៏ត្រូវការរពារ
អ្នកអស់ហ្នឹង សូម្បីតែគេទៅធ្វើការនៅក្រៅប្រាសាទ
ឧទាហរណ៍ដូចជាទៅធ្វើស្រែ ឃ្វាលគោ ដែលនៅក្រៅរង្វង់ប្រាសាទ
អ្នកឯងក៏ត្រូវការពារគេនោះដែរ ។ ហើយលោកឲ្យការពារកុំឲ្យមានពួកបះបោរ
មកធ្វើបាបអ្នកស្រុកអស់នោះ ។
ដូច្នេះសម្បថនេះមិនដូចសម្បថដែលពួកអ្នករាជការ
គេហៅតម្រួតលោកឲ្យធ្វើស្បថចំពោះលោក ដែលគេចារនៅលើខ្លោងទ្វារប្រាសាទវិមានអាកាស នៅអង្គរនោះមិនដូចគ្នាទេ ។ នេះគឺយើងស្បថ យើងសម្រេចថា
យើងនៅបម្រើអាទិទេពសិខៈ រិស្វារៈ នៅនឹងភ្នំព្រះវិហារនេះ» ។
ស្រីសុកៈរាមា
នៅក្នុងចំណោមអ្នកដែលនៅបម្រើលិង្គព្រះអាទិទេព ស្រីសិខៈ រិ
ស្វារៈ កាលណោះមានបុរសម្នាក់ឈ្មោះ ស្រីសុកៈរាមា ជាមនុស្សសំខាន់ ។ ស្រីសុកៈរាមានេះ មានក្រុមគ្រួសាររបស់គាត់
ជាអ្នករក្សាទុកឯកសារប្រវត្តិសាស្រ្តខ្មែរ តាំងពីព្រះរាជាកម្ពុជា
រឿងរ៉ាវទាក់ទងនឹងប្រវត្តិសាស្ត្រ កិច្ចការរាជការ និងរឿងស្នាព្រះហស្តផ្សេងៗ
តាំងពីសម័យមុនអង្គរគឺព្រះបាទស្រីប្បវរ័្មន រហូតមកដល់ព្រះបាទ ស្រី សុរិយវរ័្មននេះ មានទាំងអស់ គេសរសេរទុក ខ្ញុំមើលនៅស្លឹកហ្នឹង
គឺស្លឹករឹតហើយ ។ ទុកនៅនឹងប្រាសាទព្រះវិហារផង
និងទុកនៅនឹងប្រាសាទមួយទៀត ដែលសព្វថ្ងៃនេះ នៅនឹងប្រាសាទខាងជើងភ្នំដងរែក ។ គេយកគាត់មកនិយាយនេះ គឺគាត់ជាអ្នកគោរពត្រឹមត្រូវ
ជួយធ្វើការបោសសំអាត រៀបចំគោរព ស្រី សិខារិស្វារៈ ។
ព្រះបាទសុរិយវរ្ម័នទី១ លោកជាអ្នកកាន់ព្រះពុទ្ធសាសនា ថេរវាទ ។ លោកនៅតែគោរពព្រះឥសូរ ព្រោះនៅក្នុងសិលាចារឹកនេះឯង គេបាននិយាយថា ដើម្បីកំណត់ព្រំប្រទល់អំណាចរបស់លោកបណ្តោះអាសន្ន លោកឲ្យគេធ្វើលិង្គ៤ ដែលលិង្គនីមួយៗឈ្មោះដដែលគឺ សុរិយ វ៉ារមិស្វារៈ គឺឥសូរដែលមានឈ្មោះហៅថា សុរិយវរ្ម័ននេះឯង ។
ព្រះបាទសុរិយវរ្ម័នទី១ លោកជាអ្នកកាន់ព្រះពុទ្ធសាសនា ថេរវាទ ។ លោកនៅតែគោរពព្រះឥសូរ ព្រោះនៅក្នុងសិលាចារឹកនេះឯង គេបាននិយាយថា ដើម្បីកំណត់ព្រំប្រទល់អំណាចរបស់លោកបណ្តោះអាសន្ន លោកឲ្យគេធ្វើលិង្គ៤ ដែលលិង្គនីមួយៗឈ្មោះដដែលគឺ សុរិយ វ៉ារមិស្វារៈ គឺឥសូរដែលមានឈ្មោះហៅថា សុរិយវរ្ម័ននេះឯង ។
·
លិង្គមួយត្រូវបានយកទៅទុក
នៅក្នុងខេត្តបាត់ដំបង គឺវត្តឯក គឺឈ្មោះថា ជ័យក្សេត្រ នៅព្រំប្រទល់ខាងលិច ។
·
នៅព្រំប្រទល់ខាងជើង គឺយកលិង្គមួយ
ផ្សេងទៀតដែលព្រះនាមដដែលនោះ យកមកទុកនៅព្រះវិហារ
កំណត់បណ្តោះអាសន្នព្រំប្រទល់អំណាចរបស់លោកនៅផ្នែខាងជើង ។
·
មានមួយទៀតយកទៅទុកនៅលើភ្នំ សូរិយាទ្រិ គឺភ្នំព្រះឥសូរ ភ្នំឥសូរយើងនៅខេត្តតាកែវសព្វថ្ងៃនេះ ហ្នឹងគឺផ្នែកទិសខាងត្បូង ។
·
ហើយមានមួយទៀត
លិង្គឈ្មោះដដែលហ្នឹង គឺទុកនៅឥសាន តិរថៈ ប្រហែលជានៅតាមដងទន្លេមេគង្គ
ប្រហែលជានៅខាងក្រចេះស្ទឹងត្រែង ។
លិង្គទាំងបួននេះ គេយកទៅប្រតិស្ឋនៅទិសទាំងបួនហ្នឹង
នៅនឹងគ.ស. ១០១៨ ។ នេះគឺជាអ្វីដែលព្រះបាទ សុរិយវរ្ម័នទី១
លោកបានធ្វើសម្រាប់ប្រាសាទភ្នំព្រះវិហារ ។
ព្រាហ្មណ៍ ទិវាការៈ ឬ ទិវាក
សិលាចារឹកនៅនឹងភ្នំសន្តក កាលេខ ១៩៤ នៅភ្នំព្រះវិហារនេះ កាលេខ ៣៨៣ និយាយច្រើនណាស់
តែអំពីព្រាហ្មណ៍ម្នាក់ ឈ្មោះ ទិវាក ឬ ទិវាការៈ ។ ហេតុអ្វី ព្រាហ្មណ៍នេះ
បម្រើស្តេចខ្មែរតាំងតែពីនៅវ័យក្មេង តាំងតែពីជំនាន់រជ្ជកាលព្រះបាទ ឧទ័យៈទិត្យវរ័្មន ទី២ ដែលលោកកសាងប្រាសាទ បាពួន ហើយរហូតមកដល់រជ្ជកាលព្រះបាទ សុរិយវរ្ម័នទី២ ។ លោកបានទទួលងារធំជាងគេបំផុត
ក្នុងចំណោមព្រាហ្មណ៍ជាទីប្រឹក្សាផ្ទាល់របស់ព្រះបាទ សុរិយវរ្ម័នទី២ ហើយ លោកតែងតាំងជាព្រាហ្មណ៍ធំ
សម្រាប់ធ្វើរាជាភិសេកទាំងអស់ស្តេចទាំងប៉ុន្មាន ។
សេចក្តីសំខាន់នៃសិលាចារឹកដែលទាក់ទងនឹងព្រះវិហារ
គឺលោកជាអ្នកចាត់ចែងតបញ្ជាពីព្រះបាទ សុរិយវរ្ម័នទី២ មក ទ្រព្យសម្បត្តិទាំងប៉ុន្មានសម្រាប់ប្រាសាទទាំងអស់ នៅក្នុងស្រុកខ្មែរហ្នឹង
គឺលោកចាត់ចែង ។ ទ្រព្យសម្បត្តិភាគច្រើនដែលព្រាហ្មណ៍ទិវាក
បានទទួលជាព្រះរាជទានពីព្រះមហាក្សត្រ រួមមានគ្រឿងអលង្ការជាមាស
ជាពេជ្រដ៏មានតម្លៃ និងជាវត្ថុមានតម្លៃជាមធ្យមក្តី
គឺលោកយកទៅថ្វាយព្រះអាទិទេព ស្រីសិខៈ រិស្វារៈ ទាំងអស់ ។
ដូច្នេះចំពោះប្រាសាទភ្នំព្រះវិហារនេះ ដែលមានអាទិទេព ស្រីសិខៈ រិស្វារៈ ហ្នឹង ព្រាហ្មណ៍ ឈ្មោះ ទិវាការៈ លោកមានកិច្ចការសម្រាប់ប្រាសាទព្រះវិហារ។
ព្រាហ្មណ៍ ទិវាការៈ ឬ ទិវាក នេះ លោកទៅសង់រូបអាទិទេពផ្សេងៗ លោកឲ្យដីភូមិ
លោកទៅបោះព្រំប្រទល់ លោកឲ្យពលសម្រាប់ភូមិណា
ដែលត្រូវការសម្រាប់ធ្វើម៉េចឲ្យអាចបានធ្វើការ យកស្រូវ យកអង្ករហ្នឹង
យកមកបូជាធ្វើពិធីផ្សេងៗ នៅក្នុងប្រាសាទព្រះវិហារនេះ ។ ហើយមួយពេលនោះ
លោកទទួលបានបុស្បុកមាសជារង្វាន់ពីព្រះបាទសុរិយវរ្ម័នទី២
លោកយកទៅថ្វាយអាទិទេព ស្រីសិខៈ រិស្វារៈ ។
ពេលដែលចូលឆ្នាំក៏លោកធ្វើសម្រាប់អាទិទេព ស្រីសិខៈ រិស្វារៈ ហ្នឹង គឺលោកយកសំរឹទ្ធទៅក្រាលនៅកណ្តាលប្រាសាទ
ដែលគេយល់ថាប្រាសាទនៅឯចុងភ្នំនោះ ហើយយកចានធ្វើអំពីមាស ពីប្រាក់
យកទៅប្រើប្រាស់នៅក្នុងប្រាសាទ មានឲ្យជាសត្វពាហនៈ មានឲ្យជាខ្ញុំបម្រើ ។
បន្ទាប់មកទៀត លោកធ្វើការជួសជុលសំណង់ផ្សេងៗ
លោកជាអ្នកទទួលព្រះករុណាយាងទៅណា លោកទៅតាមដើម្បីនឹងទទួលកិច្ចការដែលពិនិត្យមើលប្រាសាទនានា
ក្នុងព្រះរាជាណាចក្រ ។ អ៊ីចឹងផ្នែកខាងបូជា ផ្នែកខាងរក្សាប្រាសាទ ព្រះបាទ សុរិយវរ្ម័នទី២ លោកផ្ទុកផ្ដាក់ទៅលើព្រាហ្មណ៍ ឈ្មោះ ទិវាក ឬ ទិវាការៈ នេះឯង។
គោលបំណងនៃការកសាងប្រាសាទព្រះវិហារ
ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងក្នុងបំណងពិសេស
ខុសប្លែកពីការកសាងប្រាសាទអង្គរវត្ត
ដែលស្ថាបនាឡើងដើម្បីរំឭកគុណព្រះវិស្នុរ ប្រាសាទបាពួន រំឭកគុណព្រះឥសូរ
។ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើង ដើម្បីធ្វើជាទីដែលគេរក្សាទុកលិង្គព្រះអាទិទេព
ស្រីសិខៈ រិស្វារៈ ពីព្រោះតាមជំនឿរបស់ព្រះបាទសុរិយវរ្ម័នទី១
ជាពិសេសព្រះបាទ សុរិយវរ្ម័នទី២ ក៏អ៊ីចឹងដែរ លោកនៅតែគាំទ្រគំនិតដែលថា
មហិទ្ធិឫទ្ធិធំណាស់អាទិទេពនេះ ដូច្នេះត្រូវធ្វើម៉េច បន់ស្រន់ គោរពបូជា
យ៉ាងដាច់ខាត ។ ទីតាំងប្រាសាទភ្នំព្រះវិហារនេះ
·
ទីមួយ គឺគេទុកអាទិទេព ស្រីសិខៈ
រិស្វារៈ ជួនកាលគេសរសេរ ខរៈ ស្វារៈ ជួនកាលគេសរសេរ សិខៈ រិស្វារៈ
ប៉ុន្តែគឺជាឈ្មោះតែមួយទេ ។ គឺជាកន្លែងដែលគេរក្សាទុក
ពីព្រោះអាទិទេពនេះ ដែលមានលិង្គជាតំណាង មានមហិទ្ធិឫទ្ធិធំណាស់ ។ គេជឿថា
នាំភោគផល នាំសេចក្តីសុខមកដល់ប្រទេសខ្មែរ ។
·
ទី២ ប្រាសាទភ្នំព្រះវិហារ
ទីកន្លែងនេះមិនមែនជាទីកន្លែងសម្រាប់ព្រះរាជាគង់នៅទេ ។
មិនមែនមានទីភូមិសម្រាប់ប្រជាពលរដ្ឋទេ ។ គឺមានតែកន្លែងសម្រាប់អ្នកបួស
ឲ្យចូលមកតាំងសីល ហើយនិងដើម្បីនឹងជួយបន្តពិធីគោរពបូជានេះ តទៅទៀត ។
បើបានអញ្ជើញទៅ គឺត្រូវពិនិត្យមើលនៅប្រាសាទ ដែលជាប់នឹងខ្លោងទ្វារទី៣
រាប់ពីក្រោមទៅ នៅខ្លោងទ្វារទី៣ ហ្នឹងមានសិលាចារឹកកាលេខ ៣៨១ នោះ
គេសង្ស័យថា នៅត្រង់កន្លែងហ្នឹង
គឺជាកន្លែងដែលគេបំបួសឲ្យទៅជាព្រាហ្មណ៍
ដើម្បីនឹងបន្តកិច្ចការគោរពនិងថែរក្សាអាទិទេព ស្រីសិខៈ រិស្វារៈ
នោះតទៅទៀត ។
ដូច្នេះប្រាសាទភ្នំព្រះវិហារ ខុសពីប្រាសាទឯទៀតៗ។
ដំណាក់កាលនៃការសាងសង់
ការសាងសង់ប្រាសាទព្រះវិហារ មានបីដំណាក់កាលធំៗ
·
ដែលក្រុមអ្នកប្រវត្តិវិទូគិតសង្ស័យថា
កាលពីជំនាន់ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ គឺអាស្រមប្រហែលធ្វើអំពីឈើ
·
តែមកដល់រជ្ជកាល ព្រះបាទ
សុរិយវរ្ម័នទី១ គឺគេឈូសភ្នំយកថ្មភ្នំ
ធ្វើជាកាំជណ្តើរធ្វើផ្លូវឡើងទៅលើភ្នំនិងយកថ្មភ្នំ
ទៅកសាងជាទីតាំងប្រាសាទផ្សេងៗ នៅក្នុងដែនដីនៃប្រាសាទព្រះវិហារ ។
·
បន្ទាប់មក គឺក្នុងរជ្ជកាលព្រះបាទ
សុរិយវរ្ម័នទី២ ពេលនោះហើយដែលគេគិតថា ប្រាសាទភ្នំព្រះវិហារ
គឺបានស្ថាបនាឲ្យកាន់តែល្អឡើង នៅពាក់កណ្តាលសតវត្សរ៍ទី១២ ។ ព្រះបាទ
សុរិយវរ្ម័នទី២ នោះហើយ ដែលព្រះអង្គបានសាងប្រាង្គប្រាសាទអង្គរវត្ត
ដែលស្ថិតនៅក្នុងខេត្តសៀមរាប សព្វថ្ងៃនេះ ។
លក្ខណៈសំណង់ប្រាសាទព្រះវិហារ
បើគិតចាប់ពីដីទំនាប ពីផ្លូវឡើងទៅដល់ប្រាសាទដែលនៅលើកំពូលភ្នំខ្ពស់ជាងគេនោះ
គឺគេត្រូវដើរឡើងតាមជណ្តើរជាច្រើនកាំ ដែលមានចម្ងាយទាំងអស់ ៨០៤ម៉ែត្រ
។មុននឹងឡើងពីដីទំនាប ទៅដល់ប្រាង្គប្រាសាទលើកំពូលភ្នំ
គេត្រូវឆ្លងកាត់ខ្លោងទ្វារ ៥ ។ ទីតាំងដែលធ្វើប្រាសាទនៅលើកំពូលភ្នំខ្ពស់ជាងគេ
មានកម្ពស់ ៥២៥ម៉ែត្រ ។ តួប្រាសាទសំខាន់នោះមានទំហំ ៣៥ម៉ែត្រគុណនឹង
៤៥ម៉ែត្រ ដែលគេគិតសង្ស័យថា ជាកន្លែងរក្សាទុកលិង្គអាទិទេព ឈ្មោះ ស្រីសិខៈ
រិស្វារៈ ។
ទីមួយ ពីដីយើងធម្មតាហ្នឹង ពីដីគឺជើងភ្នំរបស់ភ្នំដងរែកហ្នឹង
យើងឡើងមកហ្នឹង គឺចម្ងាយ ៥៤ម៉ែត្រគេធ្វើជាជណ្តើរៗ ទាំងអស់មាន ១៥៩កាំ ។
យើងឡើងជណ្តើរហ្នឹងមកហើយ បានគេធ្វើរាងជម្រាលបន្តិចចម្ងាយ ២៥ម៉ែត្រ
ហ្នឹង ចូលមកខ្លោងទ្វារទី១ ។
·
សំគាល់១៖
បើសិនណាអស់លោកមានសៀវភៅ គេសរសេរជាភាសាបារាំង ជាអង់គ្លេស
គេរាប់បញ្ច្រាស គេរាប់ពីទីមួយ ប្រាសាទធំបំផុត មកឯខាងដើម ។
បន្ទាប់ពីខ្លោងទ្វារទី១ហ្នឹង
ត្រូវធ្វើដំណើរតាមកាំជណ្តើរនោះ ឡើងមកទៀត ចម្ងាយ ២៤៤ម៉ែត្រ ។ ជណ្តើរនេះ
គេមានបោះគោលតាមសងខាងផ្លូវ ដើរមកបានចូលខ្លោងទ្វារទី២ ។
នៅខ្លោងទ្វារទី២ នោះមាន ហោជាង គេធ្វើរូបរឿងកូរសមុទ្រទឹកដោះ
គឺការដែលបង្កើតលោក ។ នៅពេលដែលឡើងមកហ្នឹង នៅខាងឆ្វេងដៃ មានស្រះមួយ ។
ស្រះនេះគឺមានន័យសំខាន់ណាស់ ព្រោះថា កាលពីពេលដែលព្រះមហាក្សត្រថៃ
សព្វថ្ងៃគឺ ព្រះបាទ ភូមិផុន អាឌុល យ៉ាដេត ឡើងគ្រងរាជ្យនៅថ្ងៃទី៩ ខែមិថុនា
ឆ្នាំ១៩៤៦ ថៃបានមកយកទឹកពីស្រះនេះទៅ
ដើម្បីបំពេញពិធីអភិសេកព្រះមហាក្សត្រថៃ នៅឯទីក្រុងបាងកក ប្រទេសថៃ ។
ឡើងមកទៀត ហើយចម្ងាយ ១៥០ម៉ែត្រ មានបោះគោលតាមផ្លូវហ្នឹងរហូត
។ នៅខាងឆ្វេងដៃដដែលហ្នឹង មានតួប្រាសាទតូចៗ ឡើងមកទៀតអ៊ីចឹងមក
១៥០ម៉ែត្រហ្នឹង បានមកដល់ខ្លោងទ្វារទី៣ៗ ហ្នឹងមានសិលាចារឹក
ដែលនិយាយអំពីការកសាងប្រាសាទ គឺនៅក្នុងជំនាន់រជ្ជកាលព្រះបាទ
សុរិយវរ្ម័នទី១ ប្រហែលជាទីកន្លែងអ្នកចូលទៅបួស គេឲ្យតាំងសីល
គេឲ្យរៀនធម៌ នៅហ្នឹងចូលផុតពីខ្លោងទ្វារទីបីមកនេះ ។
នៅចន្លោះពីខ្លោងទ្វារទីបីនិងខ្លោងទ្វារទីបួន
មានផ្លូវដើរ ប្រហែល ៤០ម៉ែត្រ ។ ផ្លូវដើរ ៤០ម៉ែត្រនេះឯង
ដែលមានធ្វើជាខ្លួននាគ ដូចជាបង្កាន់ដៃ ហើយនិងបោះគោលតាមផ្លូវនេះឯង ។
យើងដើរតាមផ្លូវនាគហ្នឹងមក បានមកដល់ខ្លោងទ្វារទី៤ ។
មកដល់ខ្លោងទ្វារទី៤ ប្រាសាទហ្នឹងបែរមុខទៅទិសខាងជើង ។
នៅទិសខាងលិចឬក៏នៅស្តាំដៃហ្នឹង មានអគារមួយ នៅខាងឆ្វេងដៃអត់មានទេ
។អគារនេះឯងប្រហែលគេទុកឲ្យសម្រាប់ឥសីធំៗសំណាក់ឬក៏តាំងសីលនៅត្រង់កន្លែងហ្នឹង» ។
ចម្ងាយពីខ្លោងទ្វារទី៤ ទៅដល់ខ្លោងទ្វារទី៥នោះ
មានប្រមាណពី៤០ ទៅ៥០ម៉ែត្រ ។ គេត្រូវដើរឆ្លងខ្លោងទ្វារទី៥នេះ
ទើបទៅដល់ប្រាង្គប្រាសាទចុងក្រោយបង្អស់
ដែលស្ថិតនៅលើកំពូលភ្នំខ្ពស់ជាងគេ ។ ទីតាំងដែលធ្វើប្រាសាទនៅលើកំពូលភ្នំខ្ពស់ជាងគេនោះ
មានកំពស់ ៥២៥ម៉ែត្រ ។ កន្លែងនេះឯង គឺជាកន្លែងដែលប្រហែលគេដាក់លិង្គ
ដែលគេថា ជាអាទិទេពប្រចាំប្រាសាទព្រះវិហារ
បើយើងគិតតែតួប្រាសាទធំចុងក្រោយនេះ គឺមានទំហំ ៣៥ម៉ែត្រគុណនឹង
៤៥ម៉ែត្រ តែប៉ុណ្ណោះ ហើយបើយើងដើរទៅខាងក្រោយប្រាសាទហ្នឹង
ប្រយ័ត្នព្រោះហ្នឹងដល់ចុងភ្នំហើយ គឺកន្លែងដែលចោទហើយ ផុតត្រឹមប៉ុណ្ណឹង
។ ដូច្នេះចុងខាងក្រោយនេះឯង ប្រហែលជាគេទុកលិង្គអាទិទេព ឈ្មោះ ស្រីសិខៈ
រិស្វារៈ នោះ ។ មកដល់ឆ្នាំ២០០៨ នេះ មានបាត់បង់ក៏ច្រើន បាក់បែកក៏ច្រើន
អ្វីដែលនៅឃើញសល់សព្វថ្ងៃនេះ យើងមើលទៅតាំងពីក្បាច់ចម្លាក់
គួរឲ្យស្រលាញ់ជាទីបំផុត ពីព្រោះស្អាតណាស់ ធ្វើហ្នឹង ធ្វើល្អខ្លាំងណាស់» ។
ហេតុអ្វីបានជាប្រាសាទព្រះវិហារមានជណ្តើរឡើង
ស្ថិតនៅក្នុងទឹកដីថៃ សព្វថ្ងៃនេះទៅវិញ?
លោកសាស្រ្តាចារ្យ ឃិន សុខ
បច្ចុប្បន្នបង្រៀនប្រវត្តិសាស្រ្តខ្មែរថៃលាវនិងភូមា នៅឯវិទ្យាស្ថានជាតិ
អ៊ីណាល់កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង មានប្រសាសន៍ថា នៅពេលដែលស្តេចខ្មែរ
ផ្តើមសាងសង់ប្រាសាទព្រះវិហារនោះឡើងនៅក្នុងខេត្តព្រះវិហារនៃដែនដីព្រះរាជាណាចក្រកម្ពុជា
កាលពីបុរាណសម័យនោះ គឺពុំទាន់មានប្រទេសសៀម ឬថៃ
តាំងនៅទីតាំងប្រទេសថៃសព្វថ្ងៃ នៅឡើយទេ ។
ពិសេស កាលពីបុរាណសម័យ ស្រុកខ្មែរមានផ្ទៃដីធំធេង
ផ្នែកខាងលិចគឺលាតសន្ធឹង ពីខេត្តព្រះវិហារ ហួសប្រទេសថៃសព្វថ្ងៃ
និងតរហូតទៅដល់ប្រទេសភូមា ។ ចំណែកផ្នែកខាងជើង
គឺលាតសន្ធឹងរាប់បញ្ចូលទាំងក្រុងឈៀងម៉ៃ
ដែលសព្វថ្ងៃជាខេត្តមួយរបស់ថៃនោះផង ។ ដូច្នេះមិនមែនមកចោទថា ដីត្រង់កន្លែងនោះ
មានសៀម មានអី បើសៀមមិនទាន់មកដល់ឯណា ។ សៀមទាល់តែចុងសតវត្សរ៍ទី១៣
បានទើបនឹងចុះមក ។ ដូច្នេះ ដីត្រង់ដែលគេធ្វើប្រាសាទ
នៅលើកំពូលភ្នំព្រះវិហារនេះ ជាដីរបស់ខ្មែរ ។ ខ្មែរចង់ធ្វើត្រង់ណា
បែរទៅត្រង់ណា គេធ្វើតាមតែទីតាំងរបស់សាច់ភ្នំនោះ ។
No comments:
Post a Comment