លោក ម៉ុង ឫទ្ធី៖ ខ្ញុំជាសមាជិកព្រឹទ្ធសភាសុំជួបរដ្ឋមន្ត្រីកសិកម្មមិនបានផង ចុះទម្រាំប្រជាពលរដ្ឋ - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Thursday, March 24, 2016

លោក ម៉ុង ឫទ្ធី៖ ខ្ញុំជាសមាជិកព្រឹទ្ធសភាសុំជួបរដ្ឋមន្ត្រីកសិកម្មមិនបានផង ចុះទម្រាំប្រជាពលរដ្ឋ

​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​លោក ម៉ុង ឫទ្ធី ហាក់​មិន​សប្បាយចិត្ត​នោះឡើយ ក្រោយពី​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​លោក អ៊ុក រ៉ាប៊ុន បដិសេធ​មិន​ជួបប្រជុំ​នឹង​រូបលោក ដើម្បី​ពិភាក្សា​អំពី​ការធ្លាក់ចុះ​តម្លៃ​កៅស៊ូ​នៅ​កម្ពុជា​។ លោក ម៉ុង ឫទ្ធី ដែលជា​សហប្រធាន​នៃ​ក្រុមការងារ​ផ្នែក​កសិកម្ម ក​សិ​-​ឧស្សាហកម្ម បាន​ចោទ​ជា​សំណួរ​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ថា រូបលោក​មាន​ឋានៈ​ជា​សមាជិក​ព្រឹទ្ធសភា​ដែរ សុំ​ជួប​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​មិនបាន ចុះ​ទម្រាំ​ប្រជាពលរដ្ឋ​ធម្មតា​វិញ​?

​លោក ម៉ុង ឫទ្ធី បាន​ថ្លែង​ទាំង​ហួសចិត្ត​ថា លោក​គ្មានអ្វី​ត្រូវ​និយាយ​ឆ្លើយឆ្លង​នឹង​លិខិត របស់​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បដិសេធ​មិន​ជួប​ជាមួយ​ក្រុមការងារ​ផ្នែក​កសិកម្ម ក​សិ​-​ឧស្សាហកម្ម​របស់លោក ដើម្បី​ជជែក​ពី​ការធ្លាក់​ថ្លៃ​កៅស៊ូ​នោះទេ​។ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ បានបញ្ជាក់​ប្រាប់​សារ​ព័ត៌មាន​ថ្មីៗ​យ៉ាងនេះ​ថា​៖«​ខ្ញុំ​គ្មានអ្វី​ឆ្លើយឆ្លង​ទេ​។ ខ្ញុំ​បារម្ភ​ខ្លាំងណាស់ ទើប​ខ្ញុំ​សរសេរ​លិខិត​ស្នើសុំ​ជួប​គាត់​(​លោក អ៊ុក រ៉ាប៊ុន​) ហើយ​ខ្ញុំ​ស្នើ​ទៅនេះ​ខ្ញុំ​ស្នើ​ជួប ក្នុងនាម​សហប្រធាន​នៃ​ក្រុមការងារ​ផ្នែក​កសិកម្ម ក​សិ​-​ឧស្សាហកម្ម មិនមែន​សុំ​ជួប​ក្នុងនាម​ខ្ញុំ​ទេ​»​។ ជាងនេះទៅទៀត ដោយ​សារ​តែ​ការបដិសេធ​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម ក៏​ធ្វើ​ឲ្យ​លោក​មហាសេដ្ឋី​កសិកម្ម​រូបនេះ ចោទ​ជា​សំណួរ​ផ្តាំ​ទៅ​ប្រជាកសិករ​ថា ឋានៈ​លោក ជា​សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណៈកម្មការ​ទី​៣​នៃ​ព្រឹទ្ធសភា សុំ​ជួប​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​មិនបាន​ផង ចុះ​ទម្រាំ​ប្រជាពលរដ្ឋ​ធម្មតា​? 

​ផ្អែក​តាម​លិខិត​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចុះ​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០១៦ លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អ៊ុក រ៉ាប៊ុន បាន​ឆ្លើយតប​លិខិត​សំណូមពរ និង​បញ្ហា​ប្រឈម របស់​អ្នកវិនិយោគ​កៅស៊ូ និង​សហគមន៍​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជា​ថា ក្រសួង​មានកម្ម​វិធី​មមាញឹក ពុំមាន​ពេលវេលា​ទទួល​ជួបប្រជុំ​លើ​បញ្ហា​នេះ​ទេ​។  

​លោក ម៉ុង ឫទ្ធី បាន​បន្ត​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី ២៣ ខែមីនា​នេះ​ថា ការឆ្លើយ តប​បែបនេះ គឺជា​សិទ្ធិ​របស់លោក អ៊ុក រ៉ាប៊ុន ប៉ុន្តែ​បើ​និយាយ​ពី​កាតព្វកិច្ច​វិញ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​ទទួល​ប្រាក់ខែ​រដ្ឋ គឺជា​អ្នកបម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ ដែលមាន​ជាង​៨០​ភាគរយ​ជា​កសិករ​។ លោក​មហាសេដ្ឋី​កសិកម្ម​នៅ​កម្ពុជា​រូបនេះ បាន​ពន្យល់​បែបនេះ​ថា​៖«​រាស្ត្រ និង​រដ្ឋ ជា​បបូរមាត់ និង​ធ្មេញ មិនអាច​ខ្វះ​គ្នា​បានទេ​។  បើ​លោក អ៊ុក រ៉ាប៊ុន ឆ្លើយតប​បែបនេះ អ៊ីចឹង​មានន័យថា គាត់​មិនបាន​គិតពី​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​»​។​

​គួរ​កត់សម្គាល់ថា​មិនមែន​មានតែ​ដំណាំ​កៅស៊ូ​នោះទេ ដែល​ធ្លាក់ចុះ​យ៉ាងគំហុក​គ្មាន​ទីផ្សារ តែ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​ផ្សេងទៀត មាន​សណ្តែក ល្ង ពោត ដំឡូង​មី និង​ម្រេច​ជាដើម ក៏​ធ្លាក់ចុះ​យ៉ាងគំហុក​ដែរ​។ ទីផ្សារ​ដំណាំ​កសិកម្ម​គ្មាន​លំនឹង​នេះ បាន​បង្ក​ឲ្យ​មាន​ប្រជាពលរដ្ឋ​ដែលជា​កសិករ​ភាគច្រើន​មាន​បំណុល ហើយ​ពួកគេ​បាន​ត្អូញត្អែរថា រាល់ថ្ងៃ​ធ្វើ​ចម្ការ​ឲ្យ​តែ​ល្អមើល តែ​ដោះបំណុល​ស្ទើរ​មិន​រួច​៕ 

ប្រភពពី ថ្មីថ្មី

No comments:

Post a Comment