ជំហានទី១: សរសេរផែនការអាជីវកម្ម (Business Plan)
អ្នកមិនអាចសង់ផ្ទះដោយមិនដឹងប្លង់យ៉ាងម៉េចឡើយ។ ដូចគ្នានេះដែរ ការបើកអាជីវកម្មមួយក៏ត្រូវចាប់ផ្តើមពីផែនការអាជីវកម្មដែរ។ ការសរសេរផែនការអាជីវកម្មកើតឡើងពីការសិក្សាពីអាជីវកម្មដែល អ្នកចង់បើកឱ្យបានច្បាស់លាស់ ហើយត្រូវរៀបរាប់ពីទស្សនៈវិស័យ បេសកកម្ម លក្ខណៈផលិតផល និងសេវកម្ម ការចាត់ចែងហិរញ្ញវត្ថុ រចនាសម្ព័ន្ធគ្រប់គ្រង យុទ្ធិសាស្ត្រទីផ្សារ និងផែនការផ្សេងៗសំខាន់ៗជាច្រើនទៀត ដើម្បីជាផែនទីសម្រាប់ដើរនៅពេលអាជីវកម្មចេញជារូបរាង។
ជំហានទី២:រៀនវគ្គបំពាក់បំប៉នផ្នែកអាជីវកម្ម
ជំនាញលើអាជីវកម្ម គឺចំណេះដឹងមួយទៀតរបស់អ្នក ទុកជាគ្រឹះសម្រាប់បើកអាជីវកម្ម។ អ្នកត្រូវប្រាកដថា អ្នកពិតជាមានសមត្ថភាពគ្រប់គ្រាន់ និងទទួលបានការបំពាក់បំប៉នច្បាស់លាស់ពីយុទ្ធសាស្ត្រផ្សេងៗក្នុង ការគ្រប់គ្រងវិស័យអាជីវកម្ម។ តែបើអ្នកខ្វះខាតចំណុចត្រង់នេះ លោកអ្នកត្រូវសិក្សាជំនាញទាំងនេះក្នុងគ្រឹះស្ថានសិក្សាណាមួយ ដែលសក្ដិសមបំផុតសម្រាប់វិស័យអាជីវកម្មនេះ។
សម័យនេះ គឺជាយុគសម័យឌីជីថល ដែលទាមទារឱ្យម្ចាស់អាជីវកម្មមានជំនាញ និងបានសិក្សារៀនសូត្រជ្រៅជ្រះមិនថាតែជំនាញពាណិជ្ជកម្ម សូម្បីតែជំនាញបច្ចេកវិទ្យាមួួយចំនួនដែលនឹងត្រូវប្រើសម្រាប់ គាំទ្រអាជីវកម្ម (ដូចជាបណ្ដាញសង្គម)ត្រូវស្វែងយល់ឱ្យបានច្បាស់។
យុទ្ធសាស្ត្រដែលបានពីការសិក្សា មិនប្រាកដថាយកមកអនុវត្តទទួលបានជោគជ័យនោះទេ ក៏ប៉ុន្តែវាជាទុនមួយនាំមកនូវគំនិត និងយុទ្ធសាស្ត្រដែលឆ្លើយតបនឹងបច្ចុប្បន្នភាពប្រកួតប្រជែងជាច្រើន ទៀត។
ជំហានទី៣: ជ្រើសរើសទីតាំងអាជីវកម្ម
ការជ្រើសរើសទីតាំងសម្រាប់បើកអាជីវកម្ម គឺជាជំហានសំខាន់មួយទៀតបន្ទាប់ពីផែនការរបស់អ្នកត្រូវបាន រៀបចំឡើងបានចប់សព្វគ្រប់។ គន្លឹះដ៏ល្អសម្រាប់ឲ្យអាជីវកម្មដ៏តូចរបស់អ្នកលេចឈ្មោះពីមុខ សាធារណជនទូទៅគឺមានគម្រោង និងការស្រាវជ្រាវច្បាស់លាស់ជាមុនលើទីតាំងភូមិសាស្ត្រ ស្ថានភាពប្រកួតប្រជែង ទន្ទឹមនឹងការស្វែងយល់ពីនីតិវិធីច្បាប់ និង ពន្ធដារនៅក្នុងតំបន់នោះផងដែរ។ (របៀបនៃការជ្រើសរើសទីតាំង នឹងចុះផ្សាយនៅពេលឆាប់ៗនេះ)
ជំហានទី៤: បង្កើតទុនសម្រាប់បើកអាជីវកម្ម
ហិរញ្ញវត្ថុ ឬ ទុនសម្រាប់បើកអាជីវកម្មអាចមិនមែនជាបញ្ហាប្រសិនបើអ្នកមានប្រាក់ គ្រប់គ្រាន់សម្រាប់បើកអាជីវកម្មរបស់ខ្លួន។ តែនៅមានច្រកផ្លូវជាច្រើនទៀតដែលអ្នកអាចបង្កើតអាជីវកម្ម ទោះបីជាគ្មានប្រាក់គ្រប់គ្រាន់ ដូចជា ខ្ចីប្រាក់ ពីគ្រួសារ ឬ មិត្តភក្ដិ ធនាគារ ឬ អាចចូលហ៊ុនគ្នាក៏បាន។ អានលម្អិត…
ជំហានទី៥: កំណត់ប្រភេទក្រុមហ៊ុន
ក្រុមហ៊ុនអាជីវកម្មរបស់អ្នកអាចបែងចែកជាច្រើនប្រភេទ មានជាអាទិ៍ ជាក្រុមហ៊ុនឯកកម្មសិទ្ធិ (Sole Proprietorship) ជាក្រុមហ៊ុនសហកម្មសិទ្ធិ ( Partnership) ជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់ (Limited Liability Company-LLC) ជាសាជីវកម្ម ឬ ជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញ។ អ្នកត្រូវកំណត់ប្រភេទក្រុមហ៊ុនរបស់អ្នកឲ្យបានច្បាស់ និងដោយការទទួលខុសត្រូវ។
ជំហានទី៦: សុំអាជ្ញាប័ណ្ណបើកអាជីវកម្ម
សម្រាប់ប្រទេសកម្ពុជា ការចុះអាជ្ញាប័ណ្ណអាចធ្វើឡើងនៅក្នុងក្រសួងពាណិជ្ជកម្ម។ ការសុំអាជ្ញាប័ណ្ណគឺផ្នែកមួយនៃការទទួលស្គាល់ និង ផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនរបស់អ្នកអាចដំណើរការអាជីវកម្ម ដោយស្របច្បាប់។ នេះអាចការពារហានិភ័យមួយចំនួនដូចជាការរំលោភកម្មសិទ្ធិបញ្ញា ព្រមទាំងចែងពីកាតព្វកិច្ច និងទំនួលខុសត្រូវនានាដែលអ្នកត្រូវបំពេញជាមុន ដូចជា លក្ខខណ្ឌការងារ បង់ពន្ធដារជូនរដ្ឋជាដើម។
ជំហានទី៧: ស្វែងយល់ទំនួលខុសត្រូវលើបុគ្គលិក
ការបំពេញបែបបទខាងលើគ្រាន់តែជាដងវិថីមួយបើកច្រកផ្លូវឲ្យ សហគ្រិនទាំងអស់អាចដំណើរការអាជីវកម្មមួយបានត្រឹមត្រូវស្របតាម នីតិវិធីច្បាប់ប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលជាជំហានបន្ទាប់របស់អ្នកក្នុងនាមជាសហគ្រិន ឬប្រធានក្រុមហ៊ុនគឺត្រូវមានទំនួលខុសត្រូវលើស្ថានភាពទូទៅរបស់ បុគ្គលិក។ ការបង់ពន្ធ ប្រាក់ខែ ប័ណ្ណធានារ៉ាប់រងសុខភាព និងអត្ថប្រយោជន៍ផ្សេងៗគឺសុទ្ធតែទំនួលខុសត្រូវដែលសហគ្រិនត្រូវធ្វើ ដើម្បីរក្សាតុល្យភាពការងាររវាងបុគ្គលិក និង និយោជកឲ្យដើររលូតទៅមុខបាន ក៏ប៉ុន្តែប្រការទាំងអស់នេះត្រូវធ្វើជាជំហ៊ានៗ។
សូមបញ្ជាក់ថា ចំណុចទាំងនេះសហគ្រិនត្រូវតែចេះ និងយល់ឱ្យបានច្បាស់ ហើយអ្វីដែលពិសេសបំផុតនោះគឺដឹងពីឱកាសវាយលុយទីផ្សារ៕
No comments:
Post a Comment