ពិធីចូល និងចេញម្លប់កាលពីសម័យដើមត្រូវបានចាត់ថា ជាមង្គលមួយយ៉ាងសំខាន់សម្រាប់ស្ត្រីខ្មែរ ។ បុព្វបុរសខ្មែរបង្កើតពិធីនេះ សម្រាប់ឲ្យកូនស្រីចាប់អារម្មណ៍ ពីលំដាប់ថ្នាក់ប្រចាំជីវិត ដែលត្រូវឈានឡើង ដោយឲ្យប្រឹងប្រែងតស៊ូជានិច្ច ដើម្បីវឌ្ឍនភាព ។ ប៉ុន្តែជំនាន់ក្រោយៗមក ពិធីចូលម្លប់ចេញម្លប់លែងមានន័យអ្វីទៀតហើយ ។ គេកម្រឃើញគ្រួសារណាមួយ នៅប្រកាន់ទំនៀមទម្លាប់នេះទៀតណាស់ ទោះជាខ្មែរនៅស្រុកសៀម ឬខ្មែរនៅកម្ពុជាក្រោមក៏ដោយ ព្រោះវាហួសសម័យទៅហើយ ។ ប៉ុន្តែទោះជាយ៉ាងណាពិធីចូលម្លប់ត្រូវបានដូនតាយើងគោរពប្រតិបត្តិ មិនដែលខានពេលដែលកូនស្រីរបស់ខ្លួនចូលវ័យក្រមុំ ។ តើពិធីនេះប្រព្រឹត្តទៅយ៉ាងណាខ្លះនោះ អ្នកស្រី កែវ ណារុំ សាស្ត្រាចារ្យនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានរៀបរាប់ដូចតទៅ ៖
តាមការកំណត់របស់សង្គមខ្មែរ ការឆ្លងពីថ្នាក់កុមារីចូលដល់វ័យពេញក្រមុំ គឺនៅត្រង់កូនស្រីចាប់មានរដូវជាលើកទីមួយ ដែលគេនិយមហៅថា “គ្រប់ការ” ។ ពេលនេះជាពេលកំពុងឈានឡើងនាងមានលក្ខណៈប្លែក គឺអត្តចរិតជួនឆាប់ខឹង ជួនអៀនខ្មាស ជួនចូលចិត្តស្ងប់ស្ងាត់នៅតែម្នាក់ឯង ឬព្រួយចិត្តដោយឥតមូលហេតុ ។ នាងនឹងមានការភិតភ័យណាស់ ប្រសិនបើពុំមាននរណាម្នាក់បានពន្យល់ប្រាប់ជាមុនពីហេតុការណ៍ធម្មជាតិ ដែលនឹងត្រូវកើតឡើងចំពោះនាង ។ នាទីនេះ គឺអ្នកម្តាយតែងឃ្លាំមើលឥរិយាបថរបស់កូនស្រី ដើម្បីពន្យល់ និងជួយរៀបចំគ្រឿងស្លៀកពាក់ផ្សេងៗសម្រាប់កូន ។ មិនចំពោះតែអ្នកម្តាយទេ គឺក្នុងគ្រួសារទាំងមូលត្រូវជួយជ្រោមជ្រែងទាំងផ្លូវកាយ និងផ្លូវចិត្ត សម្រាប់ឲ្យនាងមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ពេលខាង មុខ ។ នាងនឹងត្រូវបំពេញតួនាទីជាភរិយា និងជាម្តាយដ៏ល្អសម្រាប់សង្គម ។ ហេតុ ដូច្នេះហើយ បានជាគេរៀបចំពិធីចូលម្លប់ ដើម្បីបំពាក់បំប៉នដល់កូនស្រីរបស់គេ មុននឹងឈានចូលទៅបំពេញតួនាទីដ៏ចម្បងនេះ ។
ចូលម្លប់
គេបញ្ចូលម្លប់កូនស្រីមិនមើលពេលវេលាទេ គឺសម្រេចយកថ្ងៃណាមួយ ដែលនាងមករដូវជាលើកទីមួយ ។
ចំណែកពិធីក៏មិនមានរៀបចំអ្វីធំដុំទេ គឺគ្រាន់តែឲ្យឪពុកម្តាយនាងជម្រាបដល់សាច់ញាតិជិតដិត ឲ្យបានដឹងថាកូនស្រីឈ្មោះនេះបានបញ្ចូលម្លប់នៅថ្ងៃនេះ ថ្ងៃនោះហើយ ។
នៅថ្ងៃបញ្ចូលគេរៀបចំសែនព្រេនអុជធូបទៀនជម្រាបដូនតា និងប្រកាសចំពោះវត្ថុស័ក្តិសិទ្ធិឲ្យបានដឹងឮ អំពីការចូលម្លប់របស់កូនស្រី និងសុំសេចក្តីសុខសប្បាយ ។ ប្រការសំខាន់ត្រូវគិតគូរពីអ្នកជួយបម្រើសេចក្តីត្រូវការរបស់នាង និងជួយបណ្តុះ បណ្តាលនាង ។ សំខាន់មួយទៀតត្រូវត្រៀមលក្ខណៈសម្រាប់ថ្ងៃបញ្ចេញម្លប់ ដោយមានបម្រុងគ្រឿងហូបចុក សម្រាប់លៀងភ្ញៀវដែលត្រូវមកចូលរួមពិធី ។
ការត្រៀមលក្ខណៈនេះ ស្រុកខ្លះគេដាំចេកណាំវ៉ាជានិមិត្តរូប គឺប្រារព្ធពិធីបញ្ចេញម្លប់នៅពេលផ្លែចេកទុំ ខ្លះទៀតគេចិញ្ចិមមាន់ ទាជាដើមទៅតាមលទ្ធភាពក្នុងគ្រួសារ ។ ពេលវេលានៃការចូលម្លប់មិនមានកំណត់ទេ គឺយោងទៅតាមធនធាននៃគ្រួសារ អ្នកខ្លះចូលក្នុងរយៈពេលមួយសប្តាហ៍ ខ្លះទៀតរហូតដល់មួយឆ្នាំក៏មានដែរ ។
ភារកិច្ចនៅពេលចូលម្លប់
ពេលចូលម្លប់ គឺជាពេលដែលកូនស្រីខ្មែរត្រូវទទួលការសិក្សាពីក្បួនច្បាប់ទូន្មាន ល្អៗ ជាពិសេសច្បាប់ទូន្មានស្រី ។ ច្បាប់នេះចែងពីតួនាទីរបស់ស្រីក្នុងការរស់នៅ ។ ច្បាប់ចែងថាសេចក្តីសុខ និងសុភមង្គលក្នុងគ្រួសារមួយភាគធំស្ថិតនៅ លើស្រីជាអ្នកកំណត់ ។ ដូច្នេះគេត្រូវឲ្យនាងទន្ទេញចាំស្ទាត់ ដើម្បីទុកអនុវត្តតាមលំអានដែលក្បួនបានចែង ។ ក្រៅពីការសិក្សាក្បួនច្បាប់នាងត្រូវរៀនធម៌ ។ ប្រសិនបើសុខភាពនាងធានាត្រូវកាន់សីល ១០ ដើម្បីកាន់ចិត្តអំណត់ ខន្តីដូចដូនជីដែរ ។ ក្នុងជីវភាពដូនជីនាងត្រូវហូបចុកម្ហូបបួស ហើយកំណត់ពេលម៉ោងដូចព្រះសង្ឃដែរ ។ នាងមានតំណមលើសដូនជី ដោយមិនត្រឹមតែមិនឲ្យប្រុសៗឃើញប៉ុណ្ណោះទេ គឺមិនអនុញ្ញាតឲ្យនិយាយឆ្លើយឆ្លងរកប្រុសទៀត ។ នាងត្រូវតស៊ូសម្ងំនៅតែក្នុងបន្ទប់ពិសេសមួយ ដើម្បីត្រងស្តាប់នូវវិជ្ជាមេផ្ទះ ស្តីពីការរស់នៅក្នុងគ្រួសារ ចំពោះសាច់ញាតិផ្ទាល់ ឬញាតិជិតខាង ពិសេសអាកប្បកិរិយាចំពោះប្តី ។ ជាមួយគ្នានោះក៏ត្រូវរៀនវិជ្ជាធ្វើម្ហូប វិជ្ជាតម្បាញ ការរៀបចំផ្ទះ សម្បែង និងការអប់រំកូនចៅជាដើម ។ ភារកិច្ចម្យ៉ាងទៀតត្រូវថែទាំសាច់ ដោយត្រូវលាបរមៀតសព្វខ្លួនប្រាណ ដៃជើងឲ្យមានសម្បុរលឿងស្រស់ផូរផង់ ។
នៅពេលចេញម្លប់
ពិធីចេញម្លប់នេះមានលក្ខណៈពិធីច្រើនយ៉ាងណាស់ខុសពីពិធី ចូលម្លប់ ។ ប៉ុន្តែវត្ថុបំណងគឺបំពេញលក្ខណ៍គម្រប់ឲ្យកូនស្រី ។ ឆ្លងតាមរយៈកាលបញ្ចូលម្លប់គ្រប់តាមកាលកំណត់ហើយ មាតា បិតា នៃកូនស្រី បានរើសរកពេលវេលាសម្រាប់បញ្ចេញម្លប់កូនស្រី ។ ពេលដឹងថ្ងៃជោគសិរីមង្គលហើយ គ្រួសារទាំងអស់រវល់ដើររកភស្តុភារ និងអញ្ជើញញាតិមិត្តដូចរៀបមង្គលការដែរ ។ កម្មវិធីនៃដំណើរការនេះមានរយៈពេលពីរថ្ងៃមួយយប់ ។
នៅថ្ងៃដំណើរការដំបូងចាប់ពីពេលព្រឹករហូតដល់ថ្ងៃត្រង់ មានតែការទទួលញាតិមិត្តជិតខាងនិងការលៀងភោជនាហារប៉ុណ្ណោះ ។ ប៉ុន្តែចាប់ពីពេលរសៀលទៅមានពិធីជាហូរហែបន្តបន្ទាប់ដូចជា ៖
ពិធីកាត់សក់ ៖ ជាលើកដំបូងបំផុត គឺត្រូវបញ្ចេញកូនស្រីមកកាត់សក់ គឺចេញពីបន្ទប់នៅក្នុងផ្ទះដែលចូលម្លប់ ។ បន្ទាប់ពីការកាត់សក់លាបប្រេងម្សៅហើយ នាងត្រូវវិលចូលទៅក្នុងបន្ទប់វិញ ។ ពេលកាត់សក់ភ្លេងកំដរ នូវបទសារិកាកែវ ។
ពិធីសូត្រមន្ត ៖ សាច់ញាតិជាស្ត្រីភេទម្នាក់ ដែលត្រូវបានទទួលស្គាល់ថា ខ្ពង់ខ្ពស់មានចរិយាសម្បត្តិល្អ ត្រូវទៅបន្ទាបដឹកដៃនាងឲ្យចេញមកទទួលទឹកមន្ត និងធម៌លើករាសីពីព្រះសង្ឃ ។
ពិធីសែនព្រេន ៖ នៅពេលព្រលប់រៀបចំពិធីសែនដូនតាម្ចាស់ទឹកម្ចាស់ដី ។
ពិធីបុកល័ក្ត ៖ ពិធីនេះគេធ្វើនៅពេលយប់ បន្ទាប់ពីការពិសារអារហារហើយ ដែលប្រកបដោយពិធីជាហូរហែបន្តបន្ទាប់ទៀត ៖
ពិធីទៅរកល័ក្ត ៖ ពិធីនេះដំណើរការដោយអ្នកភ្លេងជារបៀបកំប្លែងធ្វើជាទៅរកល័ក្ត ក្នុងព្រៃជួបសត្វតាឱដេញទិចស្ទុះរត់ច្រឡោតជាន់គ្នារញ៉េរញ៉ៃ ។
ពិធីកាត់ត្បាល់ ៖ ពិធីនេះដំណើរការដោយអ្នកភ្លេងដែរ គេធ្វើជាទៅក្នុងព្រៃរកឈើល្អមកធ្វើត្បាល់ថ្មី ស្របតាមកូនស្រីដែលចេញពីម្លប់ដែរ ។
ពិធីបុកល័ក្ត ៖ ពិធីនេះធ្វើឡើងដើម្បីយកល័ក្តមកធ្វើធ្មេញបំពេញលក្ខណ៍ឲ្យកូនស្រី ។ គេឲ្យកុមារីព្រហ្មចារី ៤ នាក់ មកបកក្រមរល័ក្តចេញពីមែកឈើ រួចប្រគល់ជូនតាអាចារ្យទៅដាក់ក្នុងត្បាល់ ហើយអ្នកភ្លេងជាអ្នកដើរតួបុកល័ក្តរហូតដល់ល្អិត ទើបកាយដាក់ផ្តិលប្រគល់ជូនតាអាចារ្យវិញ ។
អាសនៈពិធីធ្វើធ្មេញ, គំនូរស.វ.ទី១៩ សារមន្ទីរអាឡាំងសុខ (បារាំង)
ពិធីធ្វើធ្មេញ ៖ តាអាចារ្យយកល័ក្តទៅដាំស្ងោរនៅកណ្តាលផ្ទះជាមួយសម្បកស្បែង និងផ្លែសំបួរមាស ។ ស្ងោរ ដោយឆ្នាំងថ្មី ចង្ក្រានថ្មី ដោយរម្ងាស់ចេញជាតិពណ៌ក្រហមស្រស់ បានយកទៅឲ្យសាមីខ្លួនស្រីបៀម ។ នៅពេលមានចំហាយទឹកអាចារ្យយកសំឡីផ្តិតចំហាយទឹកស្ងោរល័ក្តមកលាប ធ្មេញឲ្យកូនស្រីដែលចេញពីម្លប់ ដោយប្រសិទ្ធពរឲ្យទឹកល័ក្តនេះ ធ្វើឲ្យនាងក្លាយជាស្រីគ្រប់លក្ខណ៍ពេញបរិបូណ៌...។ អ្នកទីទ័លក្រ មិនមានលទ្ធភាពរៀបពិធីចេញម្លប់ ឲ្យកូនស្រីអាចយកកូនស្រីខ្លួនមកចូលរួមធ្វើធ្មេញបំពេញលក្ខណ៍ ជាមួយកូនស្រីអ្នកមានដែលចេញពីម្លប់តាមការយល់ព្រម ។
ពិធីដេកអង្កររាប ៖ ពិធីនេះមានលក្ខណៈដូចពិធីកោរជុកដែរ ប្រសិនបើមានរៀបចំពិធីកោរជុកហើយនោះមិនបាច់ក៏បានដែរ តែត្រូវភ្ញាក់ពេលទៀបភ្លឺរង់ចាំទទួលពេលា ដើម្បីសំពះព្រះអាទិត្យ ។ នៅមុនពេលនាងចេញពីបន្ទប់នោះមកកាន់កន្លែងពិធី ត្រូវស្លៀកពាក់ដូចកូនក្រមុំពេលរៀបមង្គលការ ដៃកាន់បាយព្រលឹងមកអង្គុយលើកម្រាលព្រំ ដែលមានញាតិមិត្តរង់ចាំឲ្យពរជ័យ ។ អាចារ្យសូត្រប្រកាសបួងសួងហើយចាប់ផ្តើមបង្វិលពពិលចំនួន ១៩ ជុំ ញាតិសណ្តាននាំគ្នាចងដៃដោយអំបោះ ព្រមទាំងប្រាក់កាស មាស... ដើម្បីជូនពរ និងភ្ជាប់ព្រលឹងឲ្យនាង ។ លុះចប់ ហើយញាតិមិត្តដឹកដៃកូនស្រីទៅក្នុងបន្ទប់វិញ ។
ពិធីសាកន្ទេលនិងលក់កន្ទេល ៖ អ្នកភ្លេងច្រៀងរាំបណ្តើរឆ្កឹះរមូរកន្ទេលដែលកូនស្រីអង្គុយសំពះ បង្វិលពពិលនោះបណ្តើរ ហើយយកដាក់លើស្មា ។ គេច្រៀងលក់កន្ទេលរៀបរាប់ថាលក់ឲ្យចំពោះតែអ្នកមាននិស្ស័យ និងអានុភាព ។ អ្នកមានវាសនា ពេលយកទៅក្រាលដេកកើតមាសកើតប្រាក់ ទ្រព្យសម្បត្តិ...។ ពេលនោះសាមីខ្លួនត្រូវចេញមកសុំទិញហើយសន្មតថា ចប់ពិធីលក់កន្ទេល ។
គេយកល័ក្តដែលបារទុកខ្លះពីការធ្វើធ្មេញនោះ ឲ្យកូនស្រីយកទៅកប់នឹងចបជីកថ្មីនៅលើដីភូមិណាដែលឪពុកម្តាយបម្រុងចែកឲ្យជាកេរ្តិ៍ និងដាំដើមចេក ដើមអំពៅមួយដើមៗពីលើ ដើម្បីជានិមិត្តរូបថា ជីវិត និងការរស់នៅក្នុងសុភមង្គលផ្អែមដូចផ្លែចេកនិងដើមអំពៅដែរ ។ ចាប់ពីពេលនេះទៅនាងអាចដើរចេញក្រៅបន្ទប់ទៅ ណាមកណាបានដោយសេរីហើយ ។
រយៈពេលចូលម្លប់ រយៈពេលចូលម្លប់ប្រែប្រួលទៅតាមលក្ខណៈសម្បត្តិរបស់គ្រួសារនិមួយៗ ជាទូទៅមានរយៈពេលពី ៣ ទៅ ៦ ខែ ។
No comments:
Post a Comment