ការសែនក្រុងពាលី ជាបញ្ហាមួយដែលនៅតែមានការប្រទាំងប្រទីសគ្នា រវាងព្រះពុទ្ធសាសនា និងអ្នកកាន់ទំនៀមទម្លាប់ប្រពៃណីខ្មែរ ដោយអ្នកខ្លះនិយាយថា ការសែនក្រុងពាលីជាប្រពៃណីបែប ព្រហ្មញ្ញសាសនា មិនត្រូវយកមកលាយឡំក្នុងពិធីពុទ្ធសាសនានោះទេ ព្រោះវានាំឲ្យដាច់ត្រ័យសណគមន៍។ ឯអ្នកខ្លះទៀតនិយាយថា ការសែនក្រុងពាលី មិនមានខុសឆ្គងអ្វីទេ ព្រោះជារឿងពុទ្ធសាសនាដែរ។
កាលដើមឡើយមានស្តេចក្រុងពាលីមួយអង្គមានបុត្រី ១អង្គ និងបុត្រា ៦អង្គ។ បុត្រីនេះរៀបអភិសេកជាភរិយារបស់ព្រះបាទជម្ពូបាបកាស ដែលជាកូនស្តេចនាគ ហើយត្រូវបានត្រួតត្រា១៦នគរក្នុងជម្ពូទ្វីប។
នៅពេលដែលព្រះពុទ្ធទ្រង់បានត្រាស់ដឹងក្នុងលោក មានមនុស្សជាច្រើនបានគោរពប្រតិបត្តិ និងដើរតាមមាគា៌ដឹកនាំរបស់ព្រះអង្គ។ ហេតុនេះហើយទើបព្រះបាទ ជម្ពូបាបកាស ខឹងនឹង ព្រះពុទ្ធ ក៏បានទៅប្តឹងបិតាក្មេក គឺស្តេចក្រុងពាលី បន្ទាប់មកស្តេចក្រុងពាលីក៏ទៅជួបជាមួយនឹងព្រះពុទ្ធ។ ឯព្រះពុទ្ធ នឹងស្តេចក្រុងពាលី លោកទាំងពីរធ្លាប់មានឧបនិស្ស័យជាមួយគ្នាតាំងពីទ្រង់ចាប់កំណើត ជាសត្វស្វាខ្មៅ រីឯព្រះបាទ ក្រុងពាលី ជាស្តេចស្វាស បានយកគ្នាជាសំឡាញ់។ ស្វាខ្មៅអប់រំស្វាសឲ្យចេះប្រព្រឹត្តធ្វើអំពើល្អគ្រប់យ៉ាង រួចក៏ប្តេជ្ញាថាគ្រប់ពេលវេលាណាៗទាំងអស់ កុំឲ្យខ្ញុំរំលងពីចក្ខុអ្នកឡើយ។ ពេលនេះស្វាខ្មៅក៏បានចាប់កំណើតជាព្រះពុទ្ធ រីឯស្វាសបានចាប់កំណើតជាក្រុពាលី មានសទ្ធាជ្រះថ្លាសំុបួសក្នុងព្រះពុទ្ធសាសនា តែព្រះពុទ្ធព្រះអង្គទ្រង់មិនអនុញ្ញាតឲ្យបួសទេ ព្រោះព្រះបាទក្រុងពាលី មានខ្លួនមួយកំណាត់ជាសត្វ និងមួយកំណាត់ទៀតជាមនុស្សមិនអាចបួសក្នុងព្រះពុទ្ធសាសនាបានឡើយ គឺបានត្រឹមតែត្រ័យសរណគមន៍ សីលប្រាំ និងកម្មបទ ១០ប៉ុណ្ណោះ។
ម្យ៉ាងទៀត ស្តេចក្រុងពាលីក៏បានសំណូមពរចំពោះព្រះពុទ្ធថា ចាប់ពីពេលនេះតទៅបើមនុស្សទូទៅ មានប្រារព្ធធ្វើពិធីអ្វីមួយ សូមឲ្យឧទ្ទិសចែករំលែកបុណ្យឲ្យខ្លួនផង ដើម្បីឆាប់បានរួចភាពជាមនុស្សពាក់កណ្តោលសត្វពាក់កណ្តោល។
ហេតុនេះហើយទើបអ្នកស្រុកអ្នកភូមិតែងតែមានទម្លាប់តៗគ្នា ឲ្យតែមានពិធីអ្វីមួយគេប្រកាសក្រុងពាលីទាំង៥ មាន៖ បុព្វបេតពលី(ជូនដល់អ្នកស្លាប់) អតិថិពលី(ជូនដល់ជនទូទៅ) ញាតិពលី(ជូនដល់ញាតិ) រាជពលី(ជូនដល់រដ្ឋអំណាច) ទេវតាពលី(ជូនដល់ពពួកទេវតា ជាពិសេសជូនដល់ស្តេចក្រុងពាលីនោះឯង)។ ឯការច្រលំកន្លងមកព្រោះយល់មិនច្បាស់ថា ពិធីសែនក្រុងពាលី ខ្លះកាន់សីល៥, សីល៨, សីល១០ មិនហ៊ានធ្វើឡើយ ព្រោះខ្លាចដាច់ត្រ័យសរណគមន៍។ តែតាមពិតទៅ គឺជារឿងចែករំលែកបុណ្យទៅវិញ។
No comments:
Post a Comment