និយមន័យនៃពាក្យសីលធម៌ និងគុណធម៌ - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Friday, January 22, 2016

និយមន័យនៃពាក្យសីលធម៌ និងគុណធម៌

១.សីលធម៌ គឺជាសីលធម៌  ពាក្យ​នេះ​កាត់​ជា ២ បទ គឺ​សីល ១ ធម៌ ១ ។ ការ​រក្សា​កាយ​វាចា​ឲ្យ​រៀប​រយ​ល្អ ឲ្យ​ប្រាស​ចាក​ទោស ហៅ​ថា សីល បាន​ដល់​សីល ៥ សីល ៨ សីល ១០ សីល ២២៧ ។ សភាវៈ​ដែល​ទ្រ​ទ្រង់​ហៅ​ថា ធម៌ ។
ពាក្យ​ថា ធម៌ នេះ​ជា​របស់​កណ្ដាល គឺ​ទ្រទ្រង់​ទាំង​ខាង​ល្អ ទ្រ​ទ្រង់​ទាំង​ខាង​អាក្រក់​, បើ​ខាង​ល្អ គឺ​ទ្រទ្រង់​អ្នក​ប្រព្រឹត្ត​ល្អ​មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ទី​អាក្រក់ ហៅ​ថា ធម៌​ល្អ ( កុសលធម៌ ) បើ​ខាង​អាក្រក់ គឺ​ទ្រ​ទ្រង់​អ្នក​ប្រព្រឹត្ត​អាក្រក់​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ទី​អាក្រក់ ហៅ​ថា ធម៌​អាក្រក់ ( អកុសល​ធម៌ ) ។ ធម៌​ក្នុង​ពាក្យ​ថា សីលធម៌​នេះ សំដៅ​យក​ធម៌​ខាង​ល្អ ។
ក្នុង​ទី​នេះ មិន​បាន​អធិប្បាយ​អំពី​សីល​ទេ ព្រោះ​មាន​សេចក្ដី​ពិស្ដារ​ដូច​លោក-អ្នក​ធ្លាប់​ជ្រាប​ស្រាប់​ហើយ សូម​អធិប្បាយ​តែ​ត្រង់​ពាក្យ​ថា ធម៌​ឲ្យ​ពិស្ដារ​បន្តិច ។

មនុស្ស​អ្នក​មាន​ធម៌​នៅ​ប្រចាំ​ក្នុង​ចិត្ត ឬ​ថា​អ្នក​ប្រព្រឹត្ត​ធម៌​ជាប់​ជា​និច្ច ធម៌​នោះ​តែង​រក្សា​អ្នក​នោះ​មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ទី​អាក្រក់​បាន ព្រោះ​សេចក្ដី​អាក្រក់​គ្មាន​ផ្លូវ​នឹង​កើត​ឡើង​បាន មាន​តែ​សេចក្ដី​ល្អ​ឲ្យ​បាន​សេចក្ដី​សុខ​ម្យ៉ាង​ប៉ុណ្ណោះ ។ ធម៌​នេះ មាន​លក្ខណៈ​នឹង​កិច្ច​ផ្សេង​អំពី​សីល​, សីល​មាន​ការ​រៀបរយ​កាយ​វាចា​ជា​លក្ខណៈ មាន​ការ​កម្ចាត់​បង់​សេចក្ដី​អាក្រក់ ដែល​នឹង​គប្បី​ប្រព្រឹត្ត​កន្លង​ដោយ​កាយ​វាចា​ជានិច្ច រមែង​សម្រេច​ជា​សីល​បាន​ដោយ​ការ​លះ​វៀរ គឺ​លះ​វៀរ​តាម​សិក្ខាបទ​នោះ​ៗ ។ ចំណែក​ធម៌​នោះ មាន​សភាព​ទ្រទ្រង់​អ្នក​​ប្រព្រឹត្ត​ទុក​មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ទី​អាក្រក់​, មាន​កិរិយា ធ្វើ​អធ្យាស្រ័យ​របស់​មនុស្ស​អ្នក​ប្រព្រឹត្ត​ឲ្យ​រឹត​តែ​ល្អិត​សុខុម​ក្រៃ​លែង ជាង​ភាព​ដើម​ជា​លក្ខណៈ មាន​ការ​កម្ចាត់​បង់​សេចក្ដី​អាក្រក់ ដែល​នឹង​គប្បី​កើត​ឡើង​ក្នុង​ចិត្ត​ជា​កិច្ច រមែង​សម្រេច​ប្រយោជន៍​ដល់​អ្នក​ប្រតិបត្តិ​បាន ដោយ​​ការ​ធ្វើ​តាម​សីល​និង​ធម៌ មាន​លក្ខណៈ​នឹង​កិច្ច​ផ្សេង​ៗ​គ្នា​ដូច្នេះ ហេតុ​នោះ ទើប​ចាត់​ថា​ជា ខ ប្រតិបត្តិ​ដែល​បុគ្គល​នឹង​ត្រូវ​បំពេញ​ឲ្យ​ប្រព្រឹត្ត​ទៅ​ទាំង ២ យ៉ាង នឹង​បំពេញ​តែ​មួយ​ៗ មិន​បាន​ទេ ។ ក៏​បុគ្គល​អ្នក​រក្សា​សីល​ឈ្មោះ​ថា ជា​អ្នក​វៀរ​ចាក​សេចក្ដី​អាក្រក់​បាន​មែន​ហើយ ប៉ុន្តែ​សេចក្ដី​អាក្រក់​​ដែល​លះ​វៀរ​បាន​ដោយ​សីល​នោះ ជា​សេចក្ដី​អាក្រក់​យ៉ាង​គ្រោតគ្រាត ដែល​ឃើញបាន​ងាយ ចំណែក​សេចក្ដី​អាក្រក់​យ៉ាង​ល្អិត​នៅ​មាន​ក្នុង​ចិត្ត​ទៀត ឬ​នឹង​គប្បី​កើត​ឡើង​ផ្លូវ​ចិត្ត​ផុត​វិស័យ​របស់​សីល​ដែល​នឹង​កម្ចាត់​បាន ។ គប្បី​ឃើញ​ដូច​បុគ្គល​អ្នក​រក្សា​សីល​តែ​ម្យ៉ាង គ្មាន​ធម៌​ជា​គ្រឿង​គាំ​ពារ បើ​ទៅ​ជួប​ប្រទះ​នឹង​មនុស្ស​មាន​ទុក្ខ ដូច​ឃើញ​គេ​ធ្លាក់​ទឹក​ ឬ​អត់​បាយ ហើយ​ដើរ​ហួស​ទៅ​មិន​បាន​ជួយ​គេ​ឲ្យ​ផុត​ពី​អន្តរាយ​ផង យ៉ាង​នេះ​សីល​មិន​ជាប់​ទេ ប៉ុន្តែ​ជា​ហេតុ​ឲ្យ​គេ​តិះដៀល​បាន​ថា​ជា​អ្នក​ប្រាស​ចាក​មេត្តា​ករុណា​ដល់​មនុស្ស​មាន​ទុក្ខ​វេទនា ព្រោះ​ហេតុ​នេះ បុគ្គល​អ្នក​រក្សា​សីល​តែ​ម្យ៉ាង​មិន​ទាន់​បាន​ឈ្មោះ​ថា​ល្អ​មែន​ទែន​ទេ ឬ​ថា​មាន​ធម៌​មិន​ទាន់​បាន​ទេ ត្រូវ​តែ​ជា​អ្នក​ប្រតបត្តិ​ធម៌​ផង ទើប​ចាត់​ថា​ល្អ​មែន​ទែន ឬ​មាន​ធម៌​បាន ហើយ​បាន​ឈ្មោះ​ថា​ជា​អ្នក​មាន​សីល​មាន​ធម៌ ។
មួយ​ទៀត អ្នក​រក្សា​សីល​ដែល​នឹង​រក្សា​ឲ្យ​បរិសុទ្ធ​បាន ត្រូវ​តែ​អាស្រ័យ​ការ​ប្រព្រឹត្ត​ធម៌​ឲ្យ​ជា​គូ​គ្នា ។ សីល​កាល​ណា​មាន​ធម៌​ជា​គ្រឿង​អប់រំ នឹង​ដាច់​ធ្លុះ​ធ្លាយ​ដោយ​កម្រ​ណាស់ រមែង​រឹង​ប៉ឹង​មាំមួន ។ សីល​ដែល​នឹង​ដាច់​ធ្លាក់​ធ្លាយ​ទៅ​បាន ក៏​ព្រោះ​អាស្រ័យ​ចិត្ត​មាន​អធ្យាស្រ័យ​នៅ​គ្រោតគ្រាត ។ កាល​ចិត្ត​បាន​អាស្រ័យ​​ធម៌​ជា​គ្រឿង​អប់រំ​ហើយ​រមែង​មាន​អធ្យស្រ័យ​ល្អិត​សុខុម ។ កាល​បើ​ចិត្ត​មាន​អធ្យាស្រ័យ​ល្អិត​សុខុម​ហើយ សីល​នឹង​មិន​ដាច់​ទៅ​ដោយ​ងាយ​ៗ​ទេ ហេតុ​នេះ​អ្នក​រក្សា​សីល​លោក​ទើប​ប្រដៅ​ឲ្យ​ប្រព្រឹត្ត​ធម៌​ជា​គូ​គ្នា ។ ធម៌​ក្នុង​ទី​នេះ​សំដៅ​យក  កល្យាណ​ធម៌ ប្រែ​ថា ធម៌​ល្អ ជា ខ ប្រតិបត្តិ​ដ៏​ពិសេស ត្រូវ​រក្សា​ឲ្យ​ជា​គូ​នឹង​សីល​ប្រាំ ។ អ្នក​ដែល​មាន​កល្យាណ​ធម៌​នៅ​ក្នុង​ចិត្ត លោក​ហៅ​ថា កល្យាណ​ជន ប្រែ​ថា ជន​ល្អ កល្យាណ​ធម៌​នោះ​លោក​ចែក​ទុក​ជា ៥ ប្រការ ជា​គូ​នឹង​សីល ៥ គឺ៖
១- មេត្តា​និង​ករុណា                       គូ​នឹង​សីល​សិក្ខាបទ​ទី ១
២- សម្មា​អាជីវៈ                            គូ​នឹង​សីល​សិក្ខាបទ​ទី ២
៣- សេចក្ដី​សង្រួម​ក្នុង​កាម               គូ​នឹង​សីល​សិក្ខាបទ​ទី ៣
៤- ការ​មាន​សត្យ                           គូ​នឹង​សីល​សិក្ខាបទ​ទី ៤
៥- ការ​មាន​សតិ​ជុំវិញ                     គូ​នឹង​សីល​សិក្ខាបទ​ទី ៥
អធិប្បាយ
១- មេត្តា​-​ករុណា
មេត្តា បាន​ដល់​ការ​ផ្សាយ​មេត្រី​ចិត្ត គិត​ប្រាថ្នា​ឲ្យ​គេ​បាន​សុខ ។ ការ​ផ្សាយ​មេត្តា​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​អាការ ២ យ៉ាង គឺ​ផ្សាយ​ទៅ​ដោយ​ចំពោះ​ពួក​គណៈ​របស់​ខ្លួន ឬ​បុគ្គល​ដែល​ខ្លួន​ធ្លាប់​ស្គាល់​ ហៅ​ថា ឧទ្ទិស្សផរណា ១ , ការ​ផ្សាយ​ទៅ​ក្នុង​សត្វ​មិន​ប្រមាណ មិន​ចំពោះ​អ្នក​ណា ទោះ​បី​ជា​សត្វ​ ឬ​បុគ្គល មិន​កំណត់​ពួក​នេះ ហៅ​ថា អនោទ្ទិស្សផរណា ១ 
គុណ​ធម៌​នេះ​ជា​របស់​សំខាន់​ក្រៃ​លែង​របស់​ពួក​មនុស្ស ជា​ហេតុ​ឲ្យ​មាន​សេចក្ដី​គោរព​រាប់​អាន​គ្នា មាន​សេចក្ដី​អើ​ពើ​​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ផ្សាយ​មេត្តា​ទៅ​ដោយ​ចំពោះ ជា​ហេតុ​ឲ្យ​មនុស្ស​ដែល​ខ្លួន​ផ្សាយ​មេត្តា​ទៅ​ដល់​នោះ​មាន​សេចក្ដី​ស្រឡាញ់​គោរព​រាប់អាន គប្បី​ឃើញ​ដូច​យ៉ាង​មាតា​បិតា​មាន​សេចក្ដី​មេត្តា​ក្នុង​បុត្រ​ធីតា ឧស្សាហ៍​ទំនុក​បម្រុង​ឲ្យ​បាន​ទទួល​សេចក្ដី​សុខ​ជា​យ៉ាង​ក្រៃ​លែង បុត្រ​ធីតា​ក៏​មាន​សេចក្ដី​ស្រឡាញ់​គោរព​មាតា​បិតា​នោះ​យ៉ាង​ខ្លាំង​ក្លា បើ​មាតា​បិតា​គ្មាន​មេត្តា​ក្នុង​បុត្រ​ធីតា​ទេ គ្រាន់​តែ​ចិញ្ចឹម​កុំ​ឲ្យ​គេ​តិះដៀល​ប៉ុណ្ណោះ បុត្រ​ធីតា​ក៏​មិន​សូវ​មាន​ចិត្ត​ស្រឡាញ់​គោរព​មាតា​បិតា​ណាស់​ដែរ ។
ការ​ផ្សាយ​មេត្តា​ដោយ​មិន​ចំពោះ ជា​ហេតុ​ឲ្យ​មនុស្ស​ទាំង​ឡាយ​មាន​សេចក្ដី​ស្រឡាញ់​គោរព​រាប់អាន គប្បី​ឃើញ​ដូច​យ៉ាង​បុគ្គល​ដែល​មិន​ធ្លាប់​ស្គាល់​គ្នា​មក​ពី​មុន ប៉ុន្តែ​លុះ​បាន​ទទួល​សេចក្ដី​អើពើ​​ផ្សាយ​មេត្តា​រក​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ ត្រឡប់​ជា​មាន​សេចក្ដី​គោរព​រាប់អាន​គ្នា នេះ​ក៏​ព្រោះ​មេត្តា ។ បើ​អ្នក​ទាំង​ពីរ ខាង​ចេះ​តែ​មាន​ចិត្ត​ឫស្យា​ឈ្នានីស​គ្នា ធ្វើ​ម្ដេច​នឹង​ស្រឡាញ់​គ្នា​កើត កុំ​ថា​តែ​មនុស្ស សូម្បី​សត្វ​តិច្ឆាន កាល​បើ​បាន​ទទួល​សេចក្ដី​រាក់​ទាក់​ទំនុក​បម្រុង​អំពី​អ្នក​ណា ក៏​គង់​តែ​ចេះ​សម្ដែង​​ការ​ស្រឡាញ់​ពេញ​ចិត្ត​នឹង​អ្នក​ដែល​​មាន​មេត្តា​ដល់​វា​នោះ​ដែឬ ព្រោះ​ដូច្នោះ បាន​ជា​លោក​ប្រដៅ​ឲ្យ​បំពេញ​ទាន​ៗ នេះ​ក៏​ដើម្បី​ឲ្យ​ជា​ការ​សម្ដែង​មេត្រី​ចិត្ត ។ មេត្តា​នេះ​ជា​គ្រឿង​ទំនុក​បម្រុង​សិក្ខាបទ​ទី ១ ឲ្យ​មាំ​មួន​ក្រៃ​លែង​ឡើង បើ​ក្នុង​កាល​ខ្លះ​កើត​ចិត្ត​ព្យាបាទ​ឈ្លោះ​ប្រកែក​គ្នា កាល​តាំង​ចិត្ត​ផ្សាយ​មេត្តា​ទៅ​ហើយ គឺ​តាំង​ចិត្ត​ឲ្យ​គិត​ឃើញ​ថា យើង​ជា​អ្នក​ស្រឡាញ់​សុខ ស្អប់​ខ្ពើម​ទុក្ខ រូប​គេ​ក៏​ដូច​ជា​យើង​ដែរ កាល​បើ​យើង​ធ្វើ​ឲ្យ​គេ​មាន​សេចក្ដី​ក្ដៅ​ក្រហាយ គេ​ក៏​មុខ​ជា​ខាន​បាន​សុខ យើង​មិន​គួរ​នឹង​ធ្វើ​ឲ្យ​គេ​បាន​ទុក្ខ​ទេ លំដាប់​នោះ​ក៏​នឹង​ធ្វើ​ចិត្ត​ឫស្យា​ឈ្នានីស​ព្យាបាទ ឲ្យ​ស្រាក​ស្រាន្ត​ថយ​ចុះ​បាន​រហូត​ដល់​លែង​ព្យាបាទ​គេ​ជា​ទី​បំផុត ។
ករុណា បាន​ដល់​សេចក្ដី​អាណិត​អាសូរ ប្រាថ្នា​នឹង​ឲ្យ​គេ​ផុត​ទុក្ខ​ក្នុង​វេលា​អ្នក​ដទៃ​បាន​ទទួល​ទុក្ខ ។ គុណ​ធម៌​នេះ​ចាត់​ថា​ជា​ធម៌​ដ៏​សំខាន់​, ប្រការ​មួយ​ទៀត សឹង​ជា​ហេតុ​ដែល​នឹង​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​ៗ​រូប​មាន​សេចក្ដី​ជួយ​ជ្រោម​ជ្រែង​ក្នុង​រឿង​ទុក្ខ​ភ័យ​នៃ​គ្នា​នឹង​គ្នា មិន​អង្គុយ​ស្ងៀម​មើល​បំណាំ​គ្នា ។ កាល​បើ​គ្មាន​ករុណា​ដល់​គ្នា​ទេ គង់​តែ​មាន​ចិត្ត​អាក់​អន់​នឹង​គ្នា​ខ្លះ​មិន​ខាន​, ករុណា​ជា​គ្រឿង​ដាស់​តឿន​ចិត្ត​ឲ្យ​គិត​ដល់​សេចក្ដី​សុខ​ទុក្ខ​របស់​អ្នក​ដែល​ខ្លួន​មិន​ពេញ​ចិត្ត លំដាប់​ពី​នេះ ក៏​នឹង​កើត​សេចក្ដី​អាណិត​អាសូរ​មិន​អាច​បៀតបៀបៀន​គេ​បាន ការ​មិន​​ចូល​ចិត្ត មិន​ពេញ​ចិត្ត ក៏​អន់​ថយ​តិច​ទៅ ដរាប​ដល់​អស់​រលីង ។
មេត្តា​​និង​ករុណា​ទាំង​ពីរ​នេះ ជា​គ្រឿង​កម្ចាត់​វិហិង្សាវិតក្ក គឺ​គិត​បៀតបៀន​អ្នក​ដទៃ ។ កាល​បើ​មនុស្ស​យើង​ចេះ​តែ​មាន​មេត្តា​ករុណា​ដល់​គ្នា​នឹង​គ្នា​ដូច្នេះ​គ្រប់​ៗ​រូប​ហើយ ការ​បៀតបៀន​ប្រទូសរ៉ាយ​គ្នា​ក៏​លែង​កើត​មាន​, ដូច្នេះ សីល​សិក្ខាបទ​ទី ១ ក៏​នឹង​រឹត​តែ​តាំង​មាំ​ខ្លាំង​ឡើង​លើស​ដើម ។
មេត្តា​និង​ករុណា​នេះ មាន​គុណ​ច្រើន​ដូច​ពោល​មក​ហើយ ប៉ុន្តែ​ត្រូវ​ប្រើ​ក្នុង​ផ្លូវ​ដែល​ត្រូវ បើ​ប្រើ​ក្នុង​ផ្លូវ​ខុស ដូច​ជួយ​អ្នក​ត្រូវ​ទោស​ព្រោះ​ប្រព្រឹត្ត​ខុស​ជាដើម មិន​ចាត់​ជា​មេត្តា-​ករុណា​ទេ ហើយ​បាន​ឈ្មោះ​ថា​ទំនុក​បម្រុង​អ្នក​ធ្វើ​ខុស ផ្លូវ​ដែល​ល្អ​គួរ​តែ​ពិចារណា​ថា ជា​កម្ម​របស់​គេ​ ដែល​គេ​បាន​ធ្វើ​ទុក​មក​ហើយ រួច​ត្រូវ​តាំង​ចិត្ត​ឲ្យ​នៅ​ជា​កណ្ដាល​, មេត្តា​និង​ករុណា​ កាល​បើ​ប្រើ​ខុស​ផ្លូវ​ដូច្នេះ រមែង​មាន​ទោស​ច្រើន​ដូច​គ្នា នេះ​ចាត់​ជា​កល្យាណ​ធម៌​គូ​នឹង​សិក្ខាបទ​ទី ១ ។
២- សម្មាអាជីវៈ
បាន​ដល់​សេចក្ដី​ព្យាយាម​ស្វែង​រក​គ្រឿង​ចិញ្ចឹម​ជីវិត​ក្នុង​ផ្លូវ​ដែល​ត្រូវ គុណ​ធម៌​នេះ​ចាត់​ថា​ជា​ធម៌​សំខាន់​ប្រការ​មួយ​របស់​បុគ្គល​អ្នក​រក្សា​សីល នឹង​ចាត់​ថា​ជា​គ្រឿង​ផ្គត់ផ្គង់​សិក្ខាបទ​ទី ២ ឲ្យ​រឹត​តែ​មាំមួន​ក្រៃលែង​ឡើង ។ បុគ្គល​អ្នក​រក្សា​សីល​ហើយ បាន​ឈ្មោះ​ថា​ជា​អ្នក​លះ​វៀរ​ចាក​ការ​ស្វែង​រក​គ្រឿង​ចិញ្ចឹម​ជីវិត​ក្នុង​ផ្លូវ​ដែល​ខុស សូម្បី​វៀរ​ចាក​ការ​ស្វែង​រក​ក្នុង​ផ្លូវ​ដែល​ខុស​ដូច្នោះ​ហើយ ក៏​ត្រូវ​ខំ​ស្វែង​រក​ក្នុង​ផ្លូវ​ដែល​ត្រូវ​ផង បើ​មិន​ខំ​ស្វែង​រក​ទេ គ្រឿង​ចិញ្ចឹម​ជីវិត​របស់​ខ្លួន​ក៏​នឹង​ខ្វះ​ខាត កាល​បើ​ខ្វះ​គ្រឿង​ចិញ្ចឹម​ជីវិត​ហើយ រាង​កាយ​ក៏​គង់​នៅ​មិន​បាន ត្រូវ​តែ​ស្លាប់ ឬ​មាន​អ្នក​ខ្លះ​បាន​អាស្រ័យ​បរិភោគ​ទ្រព្យ​សម្បត្តិ​ចាស់​ដែល​មាន​ស្រាប់ ប៉ុន្តែ​បើ​គ្មាន​ទ្រព្យ​ថ្មី​ចូល​សោះ ទ្រព្យ​ចាស់​មុខ​ជា​រលស់​អស់​ទៅ​រាល់​ថ្ងៃ​រហូត​ដល់​ផុត​អស់​រលីង​ឥត​សល់​អ្វី​,  បើ​ទ្រព្យ​ចាស់​អស់​រលីង​ហើយ ​សេចក្ដី​ទាល់​ក្រ​ចូល​មក​សង្កត់​ក​យ៉ាង​ធ្ងន់ ទាល់​តែ​ទ្រាំ​រក្សា​សីល​តទៅ​ទៀត​មិន​បាន នឹង​ត្រូវ​បែរ​ក្បាល​ចុះ​ទៅ​កាន់​ភាព​​ជា​មនុស្ស​ថោក​ទាប​ម្ដង​ទៀត ព្រោះ​ហេតុ​នេះលោក​ទើប​ប្រដៅ​ឲ្យ​អ្នក​ដែល​តាំង​នៅ​ក្នុង​សីល ឲ្យ​មាន​ព្យាយាម​ប្រឹង​ប្រែង​ស្វែង​រក​គ្រឿង​ចិញ្ចឹម​ជីវិត​កុំ​ឲ្យ​ខ្ជិល​ច្រអូស ប៉ុន្តែ​ឲ្យ​ស្វែង​រក​តែ​ក្នុង​ផ្លូវ​ដែល​ត្រូវ​ធម៌​ដូច​យ៉ាង​ដែល​ហៅ​ថា សម្មាអាជីវៈ ។ ការ​ស្វែង​រក​ក្នុង​ផ្លូវតាម​គន្លង​ធម៌​នេះ​ក្នុង​ទី​នេះ មិន​មែន​សំដៅ​យក​ត្រឹម​តែ​ថា ឲ្យ​វៀរ​ចាក​មិច្ឆាជីវៈ​ប៉ុណ្ណោះ​ទេ កាល​បើ​វៀរចាក​មិច្ឆាជីវៈ​ហើយ ត្រូវ​ប្រកប​ដោយ​សេចក្ដី​ប្រព្រឹត្តិ​ជា​ធម៌​ក្នុង​ការ​ស្វែង​រក​គ្រឿង​ចិញ្ចឹម​ជីវិត​ផង រឿង​នេះ​គប្បី​ឃើញ​សេចក្ដី​ប្រព្រឹត្តិ​ជា​ធម៌​ក្នុង​កិច្ចការ ក្នុង​បុគ្គល ក្នុង​វត្ត ដូច​តទៅ​នេះ ៖
សេចក្ដី​ប្រព្រឹត្តិ​ជា​ធម៌​ក្នុង​កិច្ចការ ៖ ការ​គ្រប់​យ៉ាង​ដែល​ខ្លួន​ធ្វើ ហើយ​នឹង​បាន​ទទួល​ផល​ប្រយោជន៍​អំពី​គេ ត្រូវ​តែ​តាំង​ចិត្ត​ធ្វើ​ឲ្យ​មែន​ទែន សំដៅ​យក​ផល​ជា​ធំ កុំ​គិត​តែ​ចង់​បាន​មួយ​ចំណែក ដូច​ជា​ខ្ញុំ​រាជការ​បាន​ទទួល​ផល​ប្រយោជន៍​អំពី​រដ្ឋបាល ត្រូវ​តែ​តាំង​ចិត្ត​ធ្វើ​ការ​រដ្ឋបាល​​មែន​ទែន​ រក្សា​កិច្ចការ​ជា​មុខ​ក្រសួង​របស់​ខ្លួន​កុំ​ឲ្យ​ខ្វះ​ខាត ធ្វើ​កិច្ចការ​នោះ​ៗ ឲ្យ​សម្រេច​ទៅ​ដោយ​ល្អ មិន​បិទ​បាំង​មុខ​ក្រសួង ធ្វើ​ឲ្យ​ពេញ​លេញ​តាម​កំណត់​កាល​វេលា កាល​មក​ធ្វើ​ការ ក៏​មក​ឲ្យ​ត្រឹម​ត្រូវ​​តាម​ពេល កាល​នឹងត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​ត្រឡប់​ឲ្យ​ត្រឹម​ត្រូវ​តាម​ពេល រួម​សេចក្ដី​ថា កុំ​ធ្វើ​ឲ្យ​ឃើញ​តែ​បាន ។ សូម្បី​កិច្ចការ​យ៉ាង​ដទៃ​ៗ ដែល​ខ្លួន​ត្រូវ​បាន​ទទួល​ផល​ប្រយោជន៍​អំពី​គេ ក៏​ត្រូវ​ធ្វើ​ដោយ​ស្មោះ​ត្រង់ កុំ​យក​ចំណេញ​យក​ប្រៀប​គេ ធ្វើ​ឲ្យ​សម​គួរ​ដល់​ការ​ដែល​នឹង​បាន​ទទួល​ប្រយោជន៍​អំពី​គេ នេះ​ឈ្មោះ​ថា​សេចក្ដី​ប្រព្រឹត្ត​ជា​ធម៌​ក្នុង​កិច្ចការ ។
សេចក្ដី​ប្រព្រឹត្ត​ជា​ធម៌​ក្នុង​បុគ្គល ៖ ការ​ងារ​ដែល​ត្រូវ​ធ្វើ សុទ្ធ​តែ​ជាប់​ជំពាក់​នឹង​មនុស្ស​ទូទៅ ក៏​ត្រូវ​ធ្វើ​ឲ្យ​ស្មើ មិន​យល់​មុខ​ថា​អ្នក​នោះ អ្នក​នេះ ដូច​ជា​ឈ្មួញ កាល​យក​របស់​មក​លក់​ត្រូវ​កំណត់​ថា យើង​នឹង​លក់​យក​ចំណេញ​ប៉ុន្មាន ហើយ​ទើប​បាន​លក់ កាល​លក់​ក៏​ត្រូវ​លក់​ឲ្យ​ស្មើ​មុខ​គ្នា​ ដូច​ជា​លក់​ឲ្យ​អ្នក​នេះ ថ្លៃ​ប៉ុណ្ណេះ កាល​លក់​ឲ្យ​អ្នក​ដទៃ​ក៏​ឲ្យ​តម្លៃ​ស្មើ​គ្នា​ដែរ ក្នុង​របស់​ដូច​គ្នា ទោះ​អ្នក​ទិញ​ជា​មនុស្ស​ជាន់​ណា ក៏​ដោយ ត្រូវ​លក់​ឲ្យ​តម្លៃ​ស្មើ​គ្នា​ជា​ដរាប មិន​ត្រូវ​លក់​ឲ្យ​ខុស​តម្លៃ​គ្នា​ដូច្នេះ​ជា​ដើម នេះ​ឈ្មោះ​ថា​ប្រព្រឹត្ត​ជា​ធម៌​ក្នុង​បុគ្គល ។
សេចក្ដី​ប្រព្រឹត្ត​ជា​ធម៌​ក្នុង​វត្ថុ​នោះ ៖ ដូច​បុគ្គល​ដែល​ជា​អ្នក​ជំនួញ​នោះ កាល​នាំ​យក​ទំនិញ​មក​លក់​តែង​ដឹង​ថា របស់​នោះ​ល្អ របស់​នោះ​មិន​ល្អ កាល​លក់​ក៏​ប្រាប់​អ្នក​ទិញ តាម​ពិត ដូច​របស់​សុទ្ធ​ក៏​ប្រាប់​ថា​សុទ្ធ របស់​ក្លែង​ក្លាយ​ក៏​ប្រាប់​ថា​កែ្លងក្លាយ របស់​ល្អ​ក៏​ប្រាប់​ថាល្អ មិន​ល្អ​ក៏​ប្រាប់​​ថា​មិន​ល្អ ប្រាប់​តាម​ការ​ពិត​នៃ​របស់​នោះ​ៗ មិន​កុហក​បញ្ឆោត ដូច​របស់​មិន​ល្អ​ប្រាប់​ថា​ល្អ របស់​ក្លែង​ក្លាយ​ប្រាប់​ថា​របស់​សុទ្ធ​ជាដើម នេះ​ឈ្មោះ​ថា​សេចក្ដី​ប្រព្រឹត្ត​ជា​ធម៌​ក្នុង​វត្ថុ ។
មួយ​ទៀត អ្នក​មាន​សីល សូម្បី​វៀរ​ចាក​ការងារ​ដែល​ជា​ទោស ដោយ​ត្រង់​ដូច្នេះ​ហើយ ក៏​នៅ​តែ​ត្រូវ​លះ​វៀរ​ការ​ងារ​បែប​ខ្លះ​ទៀត ដែល​ជា​ផ្លូវ​ខូច​ខាត​ចាក​ទ្រព្យ​សម្បត្តិ ដូច​ជា​ស្វែង​រក​ទ្រព្យ​ក្នុង​ការ​ភ្នាល់​ល្បែង​ភ្នាល់​ជា​ការ​នាំ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ ចួន​កាល​ដេក​កើត​ទុក្ខ ចួន​កាល​ខូច​ខាត​ទ្រព្យ ។ ឯ​ទ្រព្យ​ដែល​បាន​មក​អំពី​ការ​ភ្នាល់​នោះ មិន​គង់​ទ្រង់​អង្វែង​ដោយ​ហេតុ ២ យ៉ាង គឺ ១ បាន​មក​ដោយ​ងាយ​ច្រើន​តែ​មិន​សូវ​ស្ដាយ ចាយ​វាយ​ងាយ ទុក​មិន​គង់​, ២ ការ​ចង់​បាន​គ្មាន​ទី​បំផុត ទោះ​បី បាន​ប៉ុន្មាន​ក៏​នៅ​តែ​មិន​គ្រប់​គ្រាន់​ដែរ ចេះ​តែ​ខំ​លេង​តទៅ​ទៀត គង់​តែ​មាន​ពេល​ភ្លាត់​ចាញ់​គេ​មួយ​គ្រា ។ ទ្រព្យ​ដែល​បាន​មក​ដោយ​ងាយ​ដូច្នេះ មាន​សេចក្ដី​ស្រឡាញ់​មិន​ដូច​ទ្រព្យ​សម្បត្តិ​​ដែល​បាន​មក​ត្រូវ​ចេញ​ពី​ដើម​ទុន ចេញ​កម្លាំង​ទេ ។ ទ្រព្យ​ដែល​រក​បាន​មក​ហើយ ត្រូវ​ចេះ​រក្សា​នឹង​ចាយ​វាយ​ប្រើ​ប្រាស់​ឲ្យ​ជា​ប្រយោជន៍ គឺ​ទំនុក​បម្រុង​ខ្លួន​ឯង​ខ្លះ ទំនុក​បម្រុង​អ្នកដែល​គួរ​ទំនុក​បម្រុង​ខ្លះ កាល​មាន​ហេតុ​គួរ​ប្រើ​ទើប​ប្រើ មិន​ចេះ​តែ​ចាយ​វាយ​ខ្ជះខ្ជាយ​ទាល់​តែ​ហួស​ប្រមាណ នឹង​មិន​ក្បិតក្បៀត​​ខ្លាំង​ពេក ។
មនុស្ស​គ្រប់​រូប កាល​បើ​នាំ​គ្នា​ប្រកប​ការងារ​ដ៏​ប្រាស​ចាក​ទោស​​ប្រកប​តែ​ក្នុង​ផ្លូវ​ត្រូវ​ដូច​ពោល​មក​នេះ​ហើយ រមែង​បាន​ទទួល​សេចក្ដី​សុខ​សប្បាយ មិន​ត្រូវ​មាន​ភ័យ​មាន​ពៀរ​នឹង​អ្នក​ណា​ឡើយ ។
សម្រាប់​អ្នក​រក្សា​សីល កាល​តាំង​នៅ​ក្នុង​សម្មាអាជីវៈ​ដូច្នេះ​ហើយ រមែង​ជា​ផ្លូវ​ដែល​នឹង​ឲ្យ​រក្សា​សីល​សិក្ខាបទ​ទី ២ បាន​បរិសុទ្ធ សីល​របស់​ខ្លួន​ក៏​នឹង​មិន​ពពាល​មិន​ពព្រុះ ព្រោះហេតុ​នោះគុណ​ធម៌​នេះ​លោក​ទើប​ចាត់​ថា​ជា​កល្យាណ​ធម៌​ប្រការ​មួយ សម្រាប់​បំពេញ​ឲ្យ​ជា​គូ​គ្នា​ទៅ​នឹង​សិក្ខា​បទ​ទី ២ ។
៣- សេចក្ដី​សង្រួម​ក្នុង​កាម
បាន​ដល់​កិរិយា​ដែល​មិន​ព្រម​ប្រព្រឹត្ត​ល្មោភ​ក្នុង​កាម ធ្វើ​សេចក្ដី​ត្រេក​អរ​ក្នុង​កាម​តាម​ប្រមាណ​ដែល​មាន​គុណ​ធម៌​​នេះ​ចាត់​ថា ជា​របស់​សំខាន់​ក្នុង​កិរិយា​នឹង​គាំ​ពារ​សីល​សិក្ខាបទ​ទី ៣ ឲ្យ​គង់​ស្ថិត​ស្ថេរ នឹង​ជា​គ្រឿង​ចង្អុល​បង្ហាញ​សេចក្ដី​បរិសុទ្ធ​របស់​បុរស​ស្ត្រី​ឲ្យ​ឃើញ​ច្បាស់ ។ អ្នក​ដែល​លះ​វៀរ​ចាក​កាម​ហើយ ប៉ុន្តែ​នៅ​ប្រព្រឹត្ត​ខ្លួន​ឲ្យ​ជា​មនុស្ស​វិល​វល់​ឈ្លក់​នៅ​ក្នុង​កាម ក៏​ត្រូវ​ចាត់​ថា​ជា​អ្នក​មាន​មន្ទិល មិន​មែន​ជា​អ្នក​បរិសុទ្ធ​ស្អាត ។
សម្រាប់​បុរស កាល​មាន​ភរិយា​ហើយ ក៏​ត្រេក​អរ​ពេញ​ចិត្ត​នៅ​តែ​ក្នុង​ភរិយា​របស់​ខ្លួន មិន​គួរ​នឹង​ទៅ​ស្មគ្រ​ស្មោះ​លប​ស្រឡាញ់​ស្រី​ដទៃ​ឡើយ កាល​បើ​ខ្លួន​មាន​ប្រពន្ធ​ហើយ​យ៉ាង​ណា ក៏​គប្បី​តាំង​សេចក្ដី​ឧស្ដាហ៍​ចិញ្ចឹម​រក្សា​គ្នា​ទៅ បើ​ទុក​ជា​ក្រ​លំបាក​យ៉ាង​ណា​ក៏​មិន​ត្រូវ​លះ​បង់​ចោល​គ្នា​ដែរ នេះ​ឈ្មោះ​ថា​ជា​អ្នក​តាំង​នៅ​ក្នុង  សទារ​សន្ដោស ប្រែ​ថា ត្រេក​អរ​ក្នុង​ភរិយា​របស់​ខ្លួន អ្នក​ប្រតិបត្តិ​ខ្លួន​បាន​ដូច្នេះ រមែង​ជា​ទី​គាប់​សរសើរ ទាំង​ជា​ទី​ស្រឡាញ់​ទុក​ចិត្ត​របស់​អ្នក​ដទៃ​ផង ។
សម្រាប់​ស្ត្រី កាល​មាន​ស្វាមី​ហើយ ក៏​ត្រេក​អរ​​នៅ​តែ​ក្នុង​ស្វាមី​របស់​ខ្លួន តាំង​ចិត្ត​ទំនុក​បម្រុង​បម្រើ​ស្វាមី​របស់​ខ្លួន​មិន​ទៅ​ស្មគ្រ​ស្មោះ​រួម​រក្ស​ស្រឡាញ់​ប្រុស​ដទៃ សូម្បី​ស្វាមី​របស់​ខ្លួន​មាន​សេចក្ដី​ទាល់​ក្រ​លំបាក​យ៉ាង​ណា​ក៏​ដោយ មិន​សម្ដែង​អាការ​ព្រងើយ​កន្តើយ​សោះ​អង្គើយ​នឿយ​ណាយ​រសាយ​ចិត្ត​ចេញ​ពី​ស្វាមី​របស់​ខ្លួន​ដែរ ស្រ្តី​ដូច្នេះ បាន​ឈ្មោះ​ថា មាន​សេចក្ដី​ប្រព្រឹត្ត​ធម៌​ដ៏​ល្អ​ប្រពៃ​ក្នុង​ស្វាមី​របស់​ខ្លួន រមែង​ជាទី​ទុក​ចិត្ត​របស់​ស្វាមី នឹង​ជា​ទី​សរសើរ​របស់​ជន​ទូទៅ ។
មួយ​វិញ​ទៀត ប្រុស​ដែល​មាន​ភរិយា​រួច​ហើយ ឬ​ក៏​នៅ​លីវ​មិន​ទាន់​មាន​ប្រពន្ធ​ទេ ដែល​ទៅ​ភព​ប្រសប់​នឹង​ស្រី​ដទៃ​មាន​ស្រី​ពេស្យា​ជាដើម សូម្បី​មិន​ចាត់​ថា​ជា​កាមេសុមច្ឆាចារ ​ក៏​នៅ​តែ​ជា​ហេតុ​ឲ្យ​បាន​ទទួល​សេចក្ដី​វិនាស​ច្រើន​ប្រការ គឺ ៖
ក- ត្រូវ​បង់​ទ្រព្យ  ព្រោះ​ការ​ទំនុក​បម្រុង​ស្រី​នោះ តាំង​ពី​ត្រូវ​ចាយ​វាយ​ក្នុង​ការ​បណ្ដើរ​គ្នា​លេង និង​បរិភោគ​ដេក​អង្គុយ​រហូត​ទៅ ដែល​ជា​ការ​មិន​គួរ​ឲ្យ​ខូច​ខាត​ទ្រព្យ ។
ខ- ជា​អណ្ដូង​កើត​នៃ​រោគ  បណ្ដា​រោគ​ទាំង​អស់ រោគ​ដែល​កើត​អំពី​ស្រី​ពេស្យា​ដែល​ហៅ​ថា កាម​រោគ នេះ​រាប់​ថា​ជា​រោគ​យ៉ាង​កាច​អាក្រក់​ម្យ៉ាង អាច​ធ្វើ​ឲ្យ​អវយវៈ​រាង​កាយ​ពិកល​ពិការ​ទៅ​បាន ក្នុង​ទី​បំផុត​ក៏​ដល់​ស្លាប់ បើ​មិន​ស្លាប់​ទេ រោគ​នេះ​ក៏​អាច​ជាប់​ឆ្លង​ទៅ​ដល់​ភរិយា​និង​បុត្រ​របស់​ខ្លួន ធ្វើ​ឲ្យ​ភរិយា​និង​បុត្រ​របស់​ខ្លួន​បាន​ទទួល​ទុក្ខ​ជា​មួយ​ផង ។
គ- ជិត​ដិត​នឹង​អន្តរាយ​ណាស់  ធម្មតា​ស្រី​ពេស្យា​តែងតែ​ស្នេហ៍​ស្និទ្ធ​ស្រឡាញ់​ប្រុស​ច្រើន​នាក់ កាល​បើ​ប្រុស​កើត​មាន​សេចក្ដី​ហិង្សា​ប្រជែង​គ្នា​ហើយ ក៏​នឹង​កើត​ឈ្លោះ​វិវាទ​គ្នា​ខ្លះ ប្រទូសរ៉ាយ​រាង​កាយ​គ្នា​ខ្លះ ។
សម្រាប់​ស្រ្តី​គ្មាន​ស្វាមី ក៏​មិន​គួរ​ទៅ​ចង​ព័ន្ធ​ស្រឡាញ់​បុរស សូម្បី​ជា​ប្រុស​ដែល​មិន​ត្រូវ​ហាម​ប្រាម​ក៏​មិន​គួរ​ដែរ ព្រោះ​ជា​ទី​ខូច​កេរ្តិ៍​ឈ្មោះ​នឹង​អាច​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​​ព្រោះ ការ​ចិញ្ចឹម​ប្រុស ។
ទោស​ដែល​ពោល​មក​នេះ អាស្រ័យ​សេចក្ដី​មិន​សង្រួម​ក្នុង​កាម​ជា​ហេតុ ព្រោះ​ដូច្នោះ លោក​ទើប​ប្រដៅ​​ឲ្យ​សង្រួម​ក្នុង​កាម​, កាល​បើ​មាន​សេចក្ដី​សង្រួម​ក្នុង​កាម​ហើយ ការ​រក្សា​សីល​ក្នុង​សិក្ខាបទ​ទី ៣ ក៏​នឹង​តាំង​នៅ​បាន​ដោយ​មាំមួន ហេតុ​នេះ សទារ​សន្ដោស លោក​ទើប​ចាត់​ជា​កល្យាណ​ធម៌​ប្រការ​មួយ ឲ្យ​បំពេញ​ជា​គូ​គ្នា​នឹង​សីល​សិក្ខាបទ​ទី ៣ ។
៤- សេចក្ដី​មាន​សត្យ
ការ​ប្រព្រឹត្ត​ខ្លួន​ជា​មនុស្ស​ត្រង់​ហៅ​ថា មាន​សត្យ  ចាត់​ជា​គុណធម៌​ដ៏​សំខាន់​ប្រការ​មួយ ដែល​ជា​គ្រឿង​ផ្គត់ផ្គង់​សីល​សិក្ខាបទ​ទី ៤​ឲ្យ​មាំ​ស្ថិតស្ថេរ មាន​ប្រភេទ​ដែល​នឹង​គប្បី​វិភាគ​បាន​ដូច​តទៅ​នេះ ៖
ក- សេចក្ដី​ទៀង​ក្នុង​ធម៌  បាន​ដល់​សេចក្ដី​ប្រព្រឹត្ត​ខ្លួន​ជា​ធម៌​ក្នុង​កិច្ចការ​ដ៏​ជា​ទី​របស់​ខ្លួន កាល​នឹង​ធ្វើ​អញវី​មិន​ធ្វើ​ឲ្យ​ខុស​ដោយ​អំណាច​អគតិ ៤ គឺ  ឆន្ទាគតិ សេចក្ដី​លម្អៀង​ព្រោះ​ស្រឡាញ់ ទោសាគតិ សេចក្ដី​លម្អៀង​ព្រោះ​មិន​ត្រូវ​គ្នា​ស្អប់​គ្នា មោហោគតិ  សេចក្ដី​លម្អៀង​ព្រោះ​ល្ងង់​ខ្លៅ ភយាគតិ សេចក្ដី​លម្អៀង​ព្រោះ​ខ្លាច ។
គប្បី​ឃើញ​ដូច​អ្នក​វិនិច្ឆ័យ​កាត់​ក្ដី ដាក់​ខ្លួន​ជា​កណ្ដាល កាត់​សេចក្ដី​ទៅ​ដោយ​ធម៌ មិន​ទន់​ទៅ​ចូល​ខាង​ពួក​ដែល​ខ្លួន​ស្រឡាញ់ មិន​សង្កត់​សង្កិន​ខាង​ពួក​ដែល​ខ្លួន​ស្អប់ បាន​ដឹង​ហេតុ​ផល​ល្អ​ហើយ​ទើប​កាត់​សេចក្ដី និង​មិន​ខ្លាច​​ផ្លូវ​ខាង​នោះ ខាង​នេះ  ឬ​សូម្បី​មនុស្ស​ដទៃ​ៗ ក៏​ប្រកាន់​យក​តែ​សេចក្ដី​ត្រឹម​ត្រូវ​ជា​ធំ ។
ខ- សេចក្ដី​ស្មោះ​ត្រង់  បាន​ដល់​សេចក្ដី​ប្រព្រឹត្តិ​ត្រង់​ចំពោះ​បុគ្គល​ជា​មិត្រ ឬ​សូម្បី​ដល់​អ្នក​ដទៃ​ៗ គប្បី​ឃើញ​តួ​យ៉ាង​ក្នុង​មិត្រ​អ្នក​វៀរ​ចាក​ទោស ៤​ស្ថាន គឺ​មនុស្ស​គិត​ប្រយោជន៍​ខ្លួន​, មនុស្ស​ល្អ​តែ​មាត់​, មនុស្ស​ប្រ​ចុប មនុស្ស​ដឹក​នាំ​ក្នុង​ផ្លូវ​វិនាស​, ហើយ​ជា​អ្នក​ប្រកប​ដោយ​ភាព​ជា​មនុស្ស​មាន​ឧបការ​, មនុស្ស​រួម​សុខ រួម​ទុក្ខ​, មនុស្ស​ប្រាប់​ប្រយោជន៍​មិត្រ ដូច្នេះ​បាន​ឈ្មោះ​ថា​ស្មោះ​ត្រង់​ចំពោះ​មិត្រ ។
គ- ស្វាមី​ភក្ដិ  បាន​ដល់​សេចក្ដី​ស្រឡាញ់​ភក្ដី​ក្នុង​ចៅហ្វាយនាយ​របស់​ខ្លួន កាល​បើ​ខ្លួន​ព្រម​លើក​ឲ្យ​អ្នក​ណា​ធ្វើ​ជា​ចៅហ្វាយ​នាយ​របស់​ខ្លួន​ហើយ ខ្លួន​ក៏​តាំង​ចិត្ត​ប្រព្រឹត្ត​ស្មោះ​ត្រង់​សុចរិត មិន​គិត​ទុយ៌ស​ចំពោះ​បុគ្គល​នោះ ចាំ​ជួយ​មើល​នឹង​កម្លាំង​ក្នុង​កិច្ច​តូច​ធំ​ទាំង​ពួង រហូត​ដល់​ជួយ​ការពារ​រវាង​​សេចក្ដី​អាក្រក់​វិនាស មិន​ឲ្យ​កើត​ឡើង​ដល់​ចៅហ្វានាយ​របស់​ខ្លួន ក្នុង​ទី​បំផុត សូម្បី​ជីវិត​ក៏​អាច​លះ​បង់​ជួស​បាន មាន​ចិត្ត​ស្រឡាញ់​ភក្ដី​ជានិច្ច​មិន​បែក​ចិត្ត នេះ​បាន​ឈ្មោះ​ថា​ជា​អ្នក​ស្វាមី​ភក្ដិ ។
ឃ- សេចក្ដី​កតញ្ញូ  បាន​ដល់​សេចក្ដី​ដឹង​ឧបការ​ដែល​លោក​បាន​ធ្វើ​ហើយ​ដល់​ខ្លួន ជា​គូ​គ្នា​នឹង​កតវេទី ដែល​ប្រែ​ថា អ្នក​ដឹង​ឧបការ​ដែល​លោក​ធ្វើ​ហើយ នឹង​ធ្វើ​តប​វិញ តែ​ក្នុង​ទី​នេះមិន​បាន​ប្រាថ្នា​យ៉ាង​នោះ ប្រាថ្នា​តែ​ត្រឹម​មិន​ភ្លេច​គុណ​របស់​លោក​ដូច​ខ្លួន​បាន​ទទួល​ឧបការ​គុណ​អំពី​លោក​អ្នក​​ដទៃ​ដូច​មាតា​បិតា​ជាដើម ក៏​មិន​ភ្លេច​គុណ​របស់​លោក​ដែល​បាន​ធ្វើ​ឧបការ​ឲ្យ​ខ្លួន​តម្កល់​លោក​ទុក​ក្នុង​ឋានៈ​ដែល​ជា​អ្នក​មាន​គុណ​មាន​សេចក្ដី​គោរព​រាប់​អាន​លោក មិន​ជា​មនុស្ស​លុប​គុណ​របស់​លោក ។
ព្រោះ​សេចក្ដី សេចក្ដី​មាន​សត្យ ទើប​ចាត់​ជា​គុណ​ធម៌​ដ៏​សំខាន់​ក្រៃ​លែង​ក្នុង​ការ​ដែល​នឹង​ទំនុក​បម្រុង​សីល​សិក្ខាបទ​ទី​៤ ឲ្យមាំ​មួន​ឡើង ។ កាល​បើ​មិន​មាន​សេចក្ដី​សត្យ​សុចរិត​ទេ សីល​នេះ​ក៏​នឹង​បែក​ធ្លាយ​ទៅ​បាន​ដោយ​ងាយ ហេតុ​នេះ សេចក្ដី​មាន​សត្យ លោក​ទើប​ចាត់​ជា​កល្យាណ​ធម៌​ប្រការ​មួយ សម្រាប់​បំពេញ​ជា​គូ​គ្នា​នឹង​សីល​សិក្ខាបទ​ទី ៤ ។
៥- សេចក្ដី​មាន​សតិ​ជុំវិញ
បាន​ដល់​សេចក្ដី​មិន​រាយ​មាយ មិន​ភ្លេច​ស្មារតី កាល​នឹង​ធ្វើ​កិច្ចការ​អ្វី​ៗ ក៏​ឲ្យ​មាន​សតិ​សម្បជញ្ញៈ​ចាំ​ត្រួតត្រា រវាំង​ប្រយត្ន​មិន​ឲ្យ​ខុស​ភ្លាត់ ។ គុណធម៌​នេះ រាប់​ថា​ជា​កិច្ច​​សំខាន់​ប្រការ​មួយ ដែល​នឹង​ផ្គត់ផ្គង់​សីល​ទុក​ឲ្យ​មាំមួន ។ សីល​គ្រប់ ខ ដែល​នឹង​ដាច់​ធ្លុះ​ធ្លាយ​ទៅ​បាន ក៏​ព្រោះ​ភាព​ជា​អ្នក​មិន​មាន​សតិ​សម្បជញ្ញៈ​ប្រចាំ​ការ នឹង​ធ្វើ​អ្វី​ក៏​មិន​ខុស​មិន​ភ្លាត់​ភ្លាំង ព្រោះ​ដូច្នោះ ភាព​ជា​អ្នក​មាន​សតិ​ជុំវិញ លោក​ទើបចាត់​ថា​ជា​ធម៌​ផ្គត់​ផ្គង់​សីល​ឲ្យ​មាំ​មួន មាន​ប្រភេទ​ដែល​នឹង​លើក​ឡើង​ពោល​ក្នុង​ទី​នេះ ៤ ប្រការ ៖
ក- សេចក្ដី​ស្គាល់​ប្រមាណ​ក្នុង​អាហារ​ដែល​នឹង​បរិភោគ   អាហារ​នោះ​តាម​ធម្មតា​ក៏​មាន​ប្រយោជន៍​ដល់​រាង​កាយ ធ្វើ​ឲ្យ​រាង​កាយ​គង់​ទ្រង់​នៅ​បាន បើ​មនុស្ស​យើង​មិន​បាន​អាស្រ័យ​អាហារ​ទេ ជីវិត​រាង​កាយ​ក៏​គង់​ទ្រង់​មិន​បាន តាម​ធម្មតា​ជា​យ៉ាង​នេះ​ក៏​មែន​ហើយ ប៉ុន្តែ​សូម្បី​ដូច្នោះ​ទេ អាហារ​នោះ​ឯង​នឹង​ក្លាយ​ទៅ​ជា​ទោស​វិញ ហេតុ​នេះ គប្បី​វៀរ​ចាក​របស់​ដែល​ជូរ​ផ្អូម ដែល​នឹង​ក​ឲ្យ​កើត​ទោស មិន​ឲ្យ​បរិភោគ​ច្រើន​ពេក ឬ​ឲ្យ​តិច​ពេក ឲ្យ​ពិចារណា​មើល​ថា អាហារ​ណា​ជា​ទោស​ដល់​រាង​កាយ អាហារ​ជា​ប្រយោជន៍ វៀរ​ចាក​អាហារ​ដែល​ជា​ទោស​បរិភោគ​តែ​អាហារ​ដែល​មាន​ប្រយោជន៍ ។ បើ​មិន​មានសេចក្ដី​ដឹង​ស្គាល់​ប្រមាណ​ទេ​ឲ្យ​តែ​ឃើញ​អាហារ​ក៏​ចេះ​តែ​បរិភោគ​ទៅ​ដូច្នេះ រមែង​ជា​ទោស​ក​ឲ្យ​កើត​សេចក្ដី​ទុក្ខ​លំបាក​ដល់​រាង​កាយ​បាន​ក្នុង​ពេល​ខ្លះ ព្រោះ​ដូច្នោះ​លោក​ទើប​ប្រដៅ​ឲ្យ​ស្គាល់​ប្រមាណ​ក្នុង​អាហារ ។
ខ- សេចក្ដី​មិន​ធ្វេស​ប្រហែស​ក្នុង​ការងារ  បាន​ដល់​កិរិយា​ដែល​មិន​ព្រងើយ​កន្តើយ បណ្ដែត​បណ្ដោយ​លះ​ចោល​ធុរៈ​ក្នុង​កិច្ច​ការងារ​ដែល​ខ្លួន​ត្រូវ​ធ្វើ​ឲ្យ​ខូច​ខាត ប្រញាប់​ចាត់​ចែង​ប្រញាប់​ធ្វើ​ឲ្យ​រួច​ស្រេច នឹង​ធ្វើ​ឲ្យ​ត្រូវ​តាម​កាលៈទេសៈ គប្បី​ឃើញ​ដូច​យ៉ាង​ធ្វើ​ស្រែ​ចម្ការ នឹង​ត្រូវ​ប្រញាប់​ចាត់​ចែង​ធ្វើ​ឲ្យ​ត្រូវ​តាម​រដូវ​កាល បើ​បង្អង់​ទុក​ទៅ​ធ្វើ​ក្នុង​វេលា​មិន​មែន​រដូវ​កាល ក៏​ឥត​បាន​ផល ។ សូម្បី​ការ​លក់​ដូរ​ជួញ​ប្រែ​ក៏​ត្រូវ​តែ​ពិចារណា​ឲ្យ​សម​គួរ​តាម​កាល ត្រូវ​គិត​ទុក​ជាមុន​ថា​របស់​លក់​វេលា​នោះ វេលា​នេះ​នឹង​បាន​ថ្លៃ​ច្រើន​ឬ​តិច របស់​ណា​មាន​មនុស្ស​ត្រូវ​ការ​ច្រើន របស់​ណា​មិន​សូវ​មាន​គេ​ត្រូវ​ការ​ចង់​បាន​, បើ​ជា​កិច្ចការ​រឹត​តែ​ល្អិត​សំខាន់​ឡើង ក៏​ត្រូវ​តែ​ខំ​ពិចារណា​ឲ្យ​ច្រើន​ដែរ ដូច​ធ្វើ​រាជការ ត្រូវ​តែ​ជា​អ្នក​ចេះ​ដឹង​យល់​ច្បាស់​ក្នុង​វិធី​ដំណើរ​ការ ប្រុង​ប្រយត្ន​ឲ្យ​ច្រើន​ណាស់ នឹង​ត្រូវ​តែ​រក្សា​របៀប​ទុក​មិន​ឲ្យ​ភ្លាត់ភ្លាំង​, អ្នក​ដែល​មាន​សេចក្ដី​ប្រយត្ន​ដូច្នេះ ឈ្មោះ​ថា​មិន​ធ្វេស​ប្រហែស​ក្នុង​កិច្ចការ ។
គ- សេចក្ដី​មាន​សម្បជញ្ញៈក្នុង​ការ​ប្រព្រឹត្ត​ខ្លួន   បាន​ដល់​កិរិយា​ដែល​ដឹង​ជុំវិញ ក្នុង​ការ​ដែល​ខ្លួន​នឹង​ធ្វើ នឹង​និយាយ នឹង​គិត​ប្រុង​ប្រយត្ន​មិន​ឲ្យ​ភ្លាត់ភ្លាំង នឹង​ធ្វើ នឹង​និយាយ នឹង​គិត ក៏​រំពឹង​គិត​ពិចារណា​មើល​មុខ​មើល​ក្រោយ ផ្លូវ​បាន ផ្លូវបង់ ឲ្យ​របៀប​សព្វ​គ្រប់ កាល​បើ​ដឹង​ថា យ៉ាង​ណា​នឹង​ជា​គ្រឿង​វិនាស​ជា​ផ្លូវ​​ឲ្យ​កើត​ទោស ក៏​វៀរ​ចេញ​ប្រកប​តែ​ផ្លូវ​ដែល​មាន​គុណ ដូច្នេះ រមែង​ជា​បច្ច័យ​ឲ្យ​ធ្វើ​ការ​អ្វី​ៗ មិន​ភ្លាត់​ខុស នេះ​ឈ្មោះ​ថា​សេចក្ដី​មាន​សម្បជញ្ញៈ​ក្នុង​ការ​ប្រព្រឹត្ត​ខ្លួន ។
ឃ- សេចក្ដី​មិន​ប្រមាទ​ក្នុង​ធម៌  បាន​ដល់​សេចក្ដី​ញ៉ាំង​បញ្ញា​​ចុះ​ពិចារណា​ឲ្យ​ឃើញ​តាម​សភាព​សេចក្ដី​កើត​ពិត​របស់​សង្ខារ​ថា មនុស្ស​យើង​ដែល​កើត​មក​ក្នុង​លោក​នេះ រមែង​ត្រូវ​មាន​សេចក្ដី​ចាស់​ឈឺ​ស្លាប់​ជា​ធម្មតា ជា​យ៉ាង​នេះ​ស្មើ​គ្នា​ទាំង​អស់ ផ្សេង​គ្នា​តែ​ត្រង់​ឆាប់ ឬ​យូរ​ប៉ុណ្ណោះ​ទេ ។ កាល​បើ​ឃើញ​តាម​កើត​ពិត​ហើយ មិន​ធ្វើ​ខ្លួន​ឲ្យ​ជា​មនុស្ស​មួម៉ៅ ស្រវឹង​ជាប់​នៅ​ក្នុង​សេចក្ដី​សុខ​​ដែល​មាន​ប្រមាណ​តិច ប្រញាប់ប្រញាល់​ធ្វើ​សេចក្ដី​ល្អ​ប្រពៃ ធ្វើ​ខ្លួន​ឲ្យ​ជា​ប្រយោជន៍​​ដល់​ខ្លួន​ដល់​អ្នក​ដទៃ ឲ្យ​សម​គ្នា​នឹង​ភាព​ជា​អ្នក​ដែល​រស់​នៅ​អាស្រ័យ​លោក កាល​យល់​ឃើញ​ថា​កិច្ច​ឯ​ណា​ធ្វើ​មិន​ទាន់​បាន​សម្រេច ឬ​មិន​ទាន់​ធ្វើ​នៅ​ឡើយ ក៏​ខំ​ប្រញាប់​ចាត់​ចែង​ធ្វើ​កិច្ច​នោះ​ឲ្យ​រួច​ស្រេច​ទៅ កាល​វេលា​សេចក្ដី​ស្លាប់នឹង​មាន​មក​ដល់ ក៏​នឹង​មិន​បាន​នឹក​ស្ដាយ​ក្រោយ​ថា ការ​យ៉ាង​នោះ​យ៉ាង​នេះ​យើង​មិន​ទាន់​បាន​ធ្វើ បើ​បាន​ធ្វើ​រួច​ស្រេច​ហើយ សូម្បី​នឹក​រឭក​ឃើញ​ក្នុង​វេលា​ណា ក៏​រមែង​បាន​ទទួល​សេចក្ដី​រីករាយ​ក្នុង​កិច្ចការ​ដែល​ខ្លួន​បាន​ចាត់​ចែង​ធ្វើ​ឲ្យ​ស្រេច​ហើយ​នោះ ។
មួយ​ទៀត សេចក្ដី​ល្អ​និង​សេចក្ដី​អាក្រក់ ជា​របស់​របស់​ដែល​មនុស្ស​គ្រប់​រូប​មិន​គួរ​ប្រមាទ ព្រោះ​ធម៌​ទាំង​ពីរ​នេះ ឲ្យ​ផល​មិន​ស្មើ​គ្នា​ទេ សេចក្ដី​ល្អ​ឲ្យ​ផល​ជា​សុខ សេចក្ដី​អាក្រក់​ឲ្យ​ផល​ជា​ទុក្ខ សេចក្ដី​ល្អ​ជា​របស់​មនុស្ស​​គ្រប់​រូប​គួរ​ប្រញាប់​បំពេញ សេចក្ដី​អាក្រក់​ជា​របស់​ដែល​គួរ​វៀរ​ដោយ​ដាច់​ខាត​, សូម្បី​សេចក្ដី​អាក្រក់ ខ្លួន​នឹង​ធ្វើ​តែ​ត្រឹម​បន្តិច​បន្តួច​ប៉ុណ្ណោះ ក៏​មិន​គួរ​ធ្វើ​ដែរ ការ​ធ្វើ​បន្តិច​ម្ដង​ៗ​នោះ​ឯង នឹង​ជា​ហេតុ​ឲ្យ​ច្រើន​ឡើង​បាន ។ សេចក្ដី​ល្អ​នោះ​គួរ​តែ​ព្យាយាម​ធ្វើ​ឲ្យ​ច្រើន​ឡើង ប៉ុន្តែ បណ្ដា​សេចក្ដី​ល្អ​និង​សេចក្ដី​អាក្រក់​ទាំង​ពីរ​នេះ សេចក្ដី​ច្រើន​តែ​ធ្វើ​បាន​ក្រ​ជាង​សេចក្ដី​អាក្រក់ ត្រូវ​តែ​អាស្រ័យ​សេចក្ដី​ព្យាយាម​ខំ​ប្រឹង​ធ្វើ សូម្បី​ខាង​ដើម​មិន​ចូល​ចិត្ត​ចង់​ធ្វើ​សោះ ក៏​ត្រូវ​តែ​ខំ​ប្រឹង​ទន់​ទាញ​ចិត្ត​ឲ្យ​ទាល់​តែ​មាន​អធ្យាស្រ័យ​ថ្នឹក ឬ​ជាប់​ស្និទ្ធ ឯ​សេចក្ដី​ល្អ​នោះ​រមែង​នឹង​ជា​ទី​ពឹង​របស់​ខ្លួន​បាន ទាំង​ក្នុង​បច្ចុប្បន្ន​និង​ភព​មុខ កាល​បុគ្គល​បាន​ប្រតិបត្តិ​ខ្លួន​ឲ្យ​ដំណើរ​ទៅ​តាម​ធម៌ ដែល​ពោល​មក​នេះ​ហើយ ឈ្មោះ​ថា​ជា​អ្នក​មិន​ប្រមាទ​ក្នុង​ធម៌ ។
ការ​មាន​សតិ​ជុំវិញ​នេះ កាល​មាន​នៅ​ក្នុង​ខ្លួន​ហើយ រមែង​នឹង​ជា​បច្ច័យ​ឲ្យ​តាំង​ខ្លួន​ទុក​ក្នុង​គុណ​ធម៌​ដែល​ល្អ នឹង​ធ្វើ នឹង​និយាយ នឹង​គិត មិន​ខុស មិន​ភ្លាត់ ចាត់​ជា​គ្រឿង​ប្រដាប់​របស់​អ្នក​មាន​សីល ធ្វើ​ឲ្យ​សីល​ដែល​​ខ្លួន​រក្សា​រឹត​តែ​មាំមួន​ក្រៃ​លែង​ឡើង លោក​ទើប​ចាត់​សតិ​ថា​ជា​កល្យាណ​ធម៌​ប្រការ​មួយ សម្រាប់​បំពេញ​ជា​គូ​នឹង​សិក្ខាបទ​ទី ៥ ។
កល្យាណ​ធម៌ ៥ ប្រការ​ដូច​ពោល​មក​នេះ សូម្បី​តែ ១ ប្រការ​ក៏​រមែង​ជា​គ្រឿង​ទំនុក​បម្រុង​សីល​ឲ្យ​មាំមួន​បាន​ដែរ ប្រៀប​ដូច​ស្នូល​ដែក​ដែល​នៅ​ក្នុង​សសរ​ស៊ីម៉ងត៍ រមែង​ធ្វើ​សសរ​នោះ​រឹងប៉ឹង​មាំទាំ​​ខ្លាំង​ឡើង​ទៀត ហេតុ​នេះ មនុស្ស​គ្រប់​រូប​គួរ​តែ​បំពេញ​ធម៌ ៥ ប្រការ​នេះ​ឲ្យ​ជា​គូ​គ្នា​ទៅ​នឹង​សីល​ជាប់​ជានិច្ច​ចុះ ។
គោល​ដែល​ត្រូវ​ចាំ​ក្នុង​សីល និង ធម៌
១- បាណាតិបាត              ជា​គូ​នឹង        មេត្តា​, ករុណា
២- អទិន្នាទាន                  ជា​គូ​នឹង       សម្មាអាជីវៈ
៣- កាមេសុមិច្ឆាចារ         ជា​គូ​នឹង       សទារ​សន្ដោស
៤- មុសាវាទ                    ជា​គូ​នឹង       សច្ច

៥- សុរាមេរយ                 ជា​គូ​នឹង       សតិ

No comments:

Post a Comment