គោលនយោបាយ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំសម្រាប់យុវជន - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Saturday, December 5, 2015

គោលនយោបាយ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំសម្រាប់យុវជន

១. វត្ថុបំណង
យុវជន​កម្ពុជា​ទាំងពីរ​ភេទ​ស្គាល់​អត្តសញ្ញាណ ​ខ្លួន​ និង​ជាតិ​និង​សារៈសំខាន់​នៃ​ចំណេះដឹង​ដោយ​ខិតខំ​អភិវឌ្ឍ​សមត្ថភាព​ លើគ្រប់ផ្នែក​ប្រកប​ដោយ​គតិបណ្ឌិត​ស្មារតី​ទទួល​ខុសត្រូវ​មាន​សីលធម៌​ល្អ​ ចេះជួយ​​គ្នា​ទៅវិញ​ទៅមក​មាន​បំណិន​វិជ្ជាជីវៈ​មាន​សមត្ថភាព​ផ្នែក​ វិទ្យាសាស្ត្រ​បច្ចេកវិទ្យាព័ត៌មាន​មានឥរិយាបថវិជ្ជមាន​មាន​ភាព​ជា​គំរូ​ ចំពោះ​ការងារ និង​សង្គម មាន​ការ​យល់​ដឹង​ជ្រៅជ្រះ​អំពី ការវិវត្ត​ និង​ប្រព័ន្ធ​គ្រប់គ្រង​ច្បាប់​ទម្លាប់​របស់​សង្គម​ហើយចូលរួម​ដោយ​ស្មើភាព​ ក្នុង​កិច្ចការ​អភិវឌ្ឍ​ប្រទេសជាតិ។
២. ការឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ
គោលនយោបាយទី ១ ៖ ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌
  • ពង្រីកការទទួលបានសេវាពីកម្មវិធីអភិវឌ្ឍយុវជន ដល់យុវជនបាត់បង់ឱកាស។
  • គោលនយោបាយជាតិយុវជនកម្ពុជា រៀបចំបាននៅឆ្នាំ ២០១០។
  • ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន រៀបចំបាននៅឆ្នាំ ២០១១។
  • ផែនការពង្រីកមជ្ឈមណ្ឌលយុវជននៅតាមរាជធានី ខេត្ត កសាងបាននៅឆ្នាំ ២០១២។
  • គោលការណ៍ស្តីពី ការបង្កើតមូលនិធិអប់រំសមធម៌ជាតិ សម្រាប់យុវជនក្រីក្របំផុត (កម្មវិធី អាហារូបត្ថម្ភ និងអន្តេវាសិកដ្ឋាន) រៀបចំបាននៅឆ្នាំ ២០១៣។
គោលនយោបាយទី ២ ៖ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពសេវាអប់រំ
បង្កើនគុណភាពនិងប្រសិទ្ធភាពនៃកម្មវិធីអភិវឌ្ឍយុវជន តម្រង់ទៅរកការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។
ឯកសារគាំទ្រស្តីពី ការអនុវត្តក្រុមប្រឹក្សាយុវជន រៀបចំបាននៅឆ្នាំ ២០១១។
ស្តង់ដាសម្រាប់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅតាមមជ្ឈមណ្ឌលយុវជន កសាងបាន នៅឆ្នាំ ២០១២។
គោលនយោបាយទី៣ ៖ អភិវឌ្ឍស្ថាប័ន និង អភិវឌ្ឍសមត្ថភាពមន្ត្រីអប់រំសម្រាប់ធ្វើវិមជ្ឈការ
ពង្រឹងសមត្ថភាពគ្រប់គ្រងរបស់កម្មវិធីអភិវឌ្ឍយុវជន ដើម្បីដោះស្រាយតម្រូវការរបស់យុវជន ក្នុងតំបន់។
លិខិតបទដ្ឋានក្នុងការបង្កើត ព្រឹត្តិបត្តិយុវជននិងកុមារ រៀបចំបាននៅឆ្នាំ២០១១។
៣. សូចនាករ និងចំណុចដៅ
ចំនួនក្រុមប្រឹក្សាយុវជន ៩២% នៃសាលាមធ្យមសិក្សានៅឆ្នាំសិក្សា ២០០៩-២០១០ កើនដល់ ១០០% នៅឆ្នាំសិក្សា ២០១៣-២០១៤។
ចំនួនក្រុមប្រឹក្សាកុមារ ៧៨% នៃសាលាបឋមសិក្សានៅឆ្នាំសិក្សា ២០០៩-២០១០ កើនដល់ ១០០% នៅឆ្នាំសិក្សា ២០១៣-២០១៤។
យុវជនបានយល់ដឹងអំពីមេរោគនិងជំងឺអេដស៍កើនពីចំនួន ៥៨០០ នាក់នៅឆ្នាំសិក្សា ២០០៩-២០១០ ទៅដល់ ៩០០០នាក់ នៅឆ្នាំសិក្សា ២០១៣-២០១៤។
ចំនួនសិក្ខាកាមឆ្លងកាត់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈកើនពី ៨៥០ នាក់ដល់ ៣៥៦០នាក់ នៅឆ្នាំសិក្សា ២០១៣-២០១៤។
ចំនួនយុវជនស្ម័គ្រចិត្ត ៤៨០០ នាក់នៅឆ្នាំសិក្សា ២០១៣-២០១៤។
៤. សកម្មភាព និងកម្មវិធីចម្បងៗ
៤.១ កម្មវិធីចរន្ត (ថវិកាកម្មវិធី និងថវិកាផេ្សងៗទៀត)
ថវិកាដំណើរកម្មវិធីអភិវឌ្ឍយុវជន
សិក្ខាសាលាផ្សព្វផ្សាយអំពីការយល់ដឹងជំងឺអេដស៍
ការពង្រឹងក្រុមប្រឹក្សាយុវជន និងកុមារ
ការអប់រំយុវជន និងកុមារ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ
ការផ្លាស់ប្តូរបទពិសោធន៍ តាមរយៈទស្សនៈកិច្ចសិក្សាបោះជំរំក្នុងប្រទេស និងការប្រជុំ ផ្សេងៗ
ផ្តល់ការបណ្តុះបណ្តាលអំពីការងារស្ម័គ្រចិត្ត និងជំនាញវិជ្ជាជីវៈខ្លីៗដល់យុវជន
ការគាំទ្រអង្គភាព និង អភិវឌ្ឍ មជ្ឈមណ្ឌលយុវជន
សិក្ខាសាលាផ្សព្វផ្សាយ
ការគាំទ្រដំណើរការ
ការពង្រឹងសមត្ថភាព
វគ្គបំប៉នសមត្ថភាពស្តីពីការងារដឹកនាំគ្រប់គ្រង ដល់មន្ត្រីគ្រប់គ្រងយុវជន
ពិនិត្យតាមដាន និងវាយតម្លៃ
ការពិនិត្យតាមដាន និងវាយតម្លៃលើកម្មវិធីអភិវឌ្ឍយុវជន
៤.២ កម្មវិធីមូលធន
ការវិនិយោគ៖
សាងសង់ និងបំពាក់បរិក្ខារដល់មជ្ឈមណ្ឌលយុវជនចំនួន ០៩
ជួសជុល និងបំពាក់បរិក្ខារដល់មជ្ឈមណ្ឌលយុវជនចំនួន ០៤
កិច្ចសហប្រតិបត្តិការបច្ចេកទេស ៖
រៀបចំគោលនយោបាយយុវជនជាតិកម្ពុជា
វគ្គបំប៉នសមត្ថភាពស្តីពីការបណ្តុះបណ្តាលវិជ្ជាជីវៈដល់មន្ត្រីគ្រប់គ្រងយុវជន។
៥. ការពិនិត្យតាមដាន និងការគ្រប់គ្រងកម្មវិធី
កម្មវិធី​យុវជន​ត្រូវ​គ្រប់គ្រង និង​ពិនិត្យ​តាមដាន​តាមរយៈ​អគ្គនាយកដ្ឋាន​យុវជន​ដែល​បាន​បង្កើត​ ក្នុងអគ្គនាយកដ្ឋាន​យុវជន​ដែល​មាន​នាយកដ្ឋាន​យុវជន​ និង​នាយក​ដ្ឋាន​គ្រប់គ្រង​មជ្ឈមណ្ឌល​យុវជន។ ការងារ​នេះ​នឹង​មាន​ការ​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​រវាង​នាយកដ្ឋាន​ ទាំងពីរ និង​នាយកដ្ឋាន​ដទៃទៀត​ ដើម្បី​ធានា​ឱ្យ​ការធ្វើ​សមាហរណកម្ម​យុទ្ធសាស្ត្រ និង​កម្មវិធី​មាន​ប្រសិទ្ធភាព​ស្ថិត​នៅ​ក្នុង​ក្របខណ្ឌ​នៃ​អាណត្តិ​របស់​ ក្រសួង។ ការ​ពិនិត្យ​តាមដាន​កម្មវិធី នឹង​រួមបញ្ចូល​ទាំង​សហប្រតិបត្តិការ​ជាមួយ ស្ថាប័ន​យុវជន និង​ស្ថាប័ន​ពាក់ព័ន្ធ ហើយ​នឹង​ប្រើប្រាស់​លទ្ធផល​អង្កេត​ពី​មាតាបិតា យុវជន និង​សហគមន៍ ​និង​ធ្វើ​ការ​វិភាគ​លើ​ផល​ប៉ះពាល់​នៃ​ការអភិវឌ្ឍ​សង្គម​ទៅ​លើ​យុវជន។ អាទិភាព​ចម្បង​មួយ​គឺ ការអភិវឌ្ឍ​ក្របខណ្ឌ​ពិនិត្យ​តាម​ដាន​ រួម​មាន​ចំណុចដៅ​ប្រព័ន្ធ​ផ្សេងៗ និង​ការ​ទទួល​ខុសត្រូវ ។

No comments:

Post a Comment