អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ដែលអ.ស.ប បានព្យាយាមទាក់ទាញប្រទេសសមាជិកឲ្យរួមដៃគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ក៏ប៉ុន្តែ ជាទូទៅ គេសង្កេតឃើញថា ការចរចាស្តីពីអាកាសធាតុតែងតែត្រូវជាប់គាំង ពិបាកនឹងស្វែងរកកិច្ចព្រមព្រៀងមួយ ដែលមានគោលដៅយូរអង្វែង និងមហិច្ឆតាខ្ពស់។ តើហេតុអ្វីបានជាបណ្តាប្រទេសនៅលើពិភពលោកពិបាកនឹងសហការគ្នាខ្លាំងម៉្លេះ នៅក្នុងបញ្ហាអាកាសធាតុនេះ?
ភាពស្មុគស្មាញនៅក្នុងដំណើរការចរចាលើកិច្ចព្រមព្រៀងស្តីពីអាកាសធាតុបណ្តាលមកពីកត្តាច្រើនយ៉ាង។ ក្នុងនោះ គេសង្កេតឃើញមានបញ្ហាធំៗចំនួនពីរ។
បញ្ហាទីមួយ គឺមកពីប្រទេសភាគច្រើនគិតតែពីប្រយោជន៍សេដ្ឋកិច្ចនៅក្នុងរយៈពេលខ្លី។ ការទប់ស្កាត់ការប្រែប្រួលអាកាសធាតុទាមទារចាំបាច់ឲ្យមានការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ប៉ុន្តែ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នេះ គឺជាចំណងដែលពិបាកនឹងអាចកាត់ផ្តាច់បានពីសកម្មភាពសេដ្ឋកិច្ច។ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយមិនប៉ះពាល់ទៅដល់កំណើនសេដ្ឋកិច្ច ប្រទេសនីមួយៗចាំបាច់ត្រូវតែអភិវឌ្ឍបច្ចេកវិទ្យាថ្មី ដើម្បីផលិតថាមពលជំនួសឲ្យការប្រើប្រេង និងធ្យូងថ្ម ព្រមទាំងបង្កើតយន្តការផលិតជាច្រើនផ្សេងទៀត ដែលមិនប៉ះពាល់ដល់បរិស្ថាន។ ទាំងអស់នេះសុទ្ធតែទាមទារចាំបាច់ឲ្យមានការចំណាយថវិកាច្រើន ដើម្បីវិនិយោគ ហើយពេលខ្លះវាអាចធ្វើឲ្យប៉ះពាល់ទៅដល់សមត្ថភាពប្រកួតប្រជែងខាងសេដ្ឋកិច្ច នៅលើទីផ្សារអន្តរជាតិ។ ហេតុដូច្នេះហើយបានជាប្រទេសនីមួយៗចេះតែអល់អែកមិនចង់ជាប់កាតព្វកិច្ចក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។
នៅក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ មានអ្នកវិទ្យាសាស្រ្តនិងអ្នកសេដ្ឋកិច្ចជាច្រើនបានធ្វើការសិក្សា និងចេញផ្សាយរបាយការណ៍បង្ហាញថា ការប្រយទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុមិនធ្វើឲ្យប៉ះពាល់ខ្លាំងទៅលើកំណើនសេដ្ឋកិច្ចនោះទេ។ ផ្ទុយទៅវិញ ផលវិបាកដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុទៅវិញទេ ដែលនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក។ ក៏ប៉ុន្តែ បើទោះបីជាយ៉ាងនេះក៏ដោយ បណ្តាប្រទេសជាច្រើននៅតែនាំគ្នារារែក ដោយពួកគេសំឡឹងឃើញថា ផលវិបាកបង្កឡើងដោយការប្រែប្រួលអាកាសធាតុអាចអាចកើតឡើងទាល់តែដល់រយៈពេលវែងទៅថ្ងៃអនាគត ចំណែកឯវិធានការទប់ស្កាត់ការប្រែប្រួលអាកាសធាតុវិញអាចធ្វើឲ្យប៉ះពាល់ទៅដល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់ពួកគេ នៅក្នុងពេលបច្ចុប្បន្ន។ នេះនៅមិនទាន់និយាយដល់ប្រទេសខ្លះដែលនៅតែមានអ្នកមិនជឿថាផែនដីកំពុងតែឡើងកម្តៅ ឬក៏ជឿដែរ តែមិនជឿថា ការឡើងកម្តៅផែនដីនេះបង្កឡើងដោយសកម្មភាពរបស់មនុស្ស។
បញ្ហាធំទីពីរ ដែលធ្វើឲ្យការចរចាស្តីពីអាកាសធាតុតែងតែជួបនឹងបញ្ហាស្មុគស្មាញខ្លាំង គឺដោយសារតែប្រទេសនីមួយៗចេះតែមើលបំណាំគ្នា។
ការប្រែប្រួលអាកាសធាតុ កើតឡើងពីសកម្មភាពរបស់ប្រទេសនីមួយៗដាច់ពីគ្នា ក៏ប៉ុន្តែ បង្កនូវផលប៉ះពាល់រួម នៅគ្រប់ទីកន្លែងនៅទូទាំងពិភពលោក។ ឧស្ម័នផ្ទះកញ្ចក់ បើទោះបីជាវាមានប្រភពចេញមកពីប្រទេសណាក៏ដោយ សុទ្ធតែបង្កនូវផលប៉ះពាល់អវិជ្ជមានដូចគ្នា ចំពោះអាកាសធាតុនៅគ្រប់ទីកន្លែងនៅទូទាំងពិភពលោក។ បើប្រទេសមួយព្យាយាមកាត់បន្ថយការបញ្ចេញផ្ទះកញ្ចក់ តែប្រទេសផ្សេងទៀតមិនធ្វើដូចគ្នា ការប្រែប្រួលអាកាសធាតុនឹងនៅតែកើតមាន ដល់ពេលនោះ ផលវិបាកនឹងកើតមានឡើងទៅលើគ្រប់ប្រទេសទាំងអស់ រាប់ទាំងប្រទេសដែលខំកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ផងដែរ។
ហេតុដូច្នេះហើយបានជាប្រទេសមួយចំនួន ជាពិសេស បណ្តាប្រទេសមហាអំណាចឧស្សាហកម្មខ្លះ បដិសេធមិនព្រមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយលើកហេតុផលថា ប្រទេសផ្សេងទៀត ជាពិសេស ប្រទេសដែលជាគូប្រជែងផ្នែកសេដ្ឋកិច្ចរបស់ពួកគេមិនព្រមធ្វើដូចគ្នា។ ចំណែកឯបណ្តាប្រទេសកំពុងអភិវឌ្ឍវិញ នាំគ្នាលើកឡើងថា ប្រទេសមហាអំណាចឧស្សាហកម្ម គឺជាអ្នកដែលបានបំពុលបរិយាកាសច្រើនជាងគេ និងយូរជាងគេ ពោលគឺ តាំងពីសម័យបដិវត្តន៍ឧស្សាហកម្មរហូតមកទល់នឹងពេលបច្ចុប្បន្ន។ ដូច្នេះ ពួកគេត្រូវតែមានចំណែកទទួលខុសត្រូវច្រើនជាងគេ ក្នុងការទប់ស្កាត់ការឡើងកម្តៅផែនដី។ ម្យ៉ាងទៀត បណ្តាប្រទេសអស់ទាំងនេះសុទ្ធតែជាប្រទេសមានលទ្ធភាពទាំងខាងថវិកា និងខាងបច្ចេកវិទ្យា ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។
តាមពិត គោលការណ៍នេះ ដែលគេឲ្យឈ្មោះថា “ការទទួលខុសត្រូវជាប្រវត្តិសាស្រ្ត” ត្រូវបានប្រទេសស្ទើរតែទាំងអស់ទទួលយក ក្នុងនោះក៏រួមមានប្រទេសមហាអំណាចឧស្សាហកម្មផងដែរ។ ក៏ប៉ុន្តែ បញ្ហាដែលកំពុងចោទ គឺការកំណត់ប្រភេទប្រទេសនីមួយៗថាតើប្រទេសណាខ្លះត្រូវចាត់ចូលក្នុងក្រុមប្រទេសអភិវឌ្ឍដែលត្រូវជាប់កាតព្វកិច្ចកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ហើយប្រទេសណាខ្លះដែលត្រូវស្ថិតក្នុងក្រុមប្រទេសកំពុងអភិវឌ្ឍ។
បញ្ហាចម្រូងចម្រាសខ្លាំងជាងគេ គឺទាក់ទងនឹងប្រទេសដែលស្ថិតនៅចន្លោះកណ្តាល រវាងប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍ ដូចជា ចិន ឥណ្ឌា ប្រេស៊ីល ជាដើម ដែលកំពុងតែក្លាយខ្លួនជាមហាអំណាចសេដ្ឋកិច្ច ហើយសុទ្ធតែជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេនៅលើពិភពលោក (ចិនស្ថិតនៅលំដាប់ទី១ ចំណែកឥណ្ឌាស្ថិតនៅលំដាប់ទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក) ក៏ប៉ុន្តែ ពួកគេទាមទារស្ថិតក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍ ដោយមិនចង់ជាប់កាតព្វកិច្ចកាត់បន្ថយការបញ្ចេញឧស្ម័ន ដែលជាហេតុធ្វើឲ្យប្រទេសមួយចំនួនទៀត ជាពិសេស អាមេរិក កាណាដា និងជប៉ុន មានការច្រណែន ហើយមិនចង់ជាប់កាតព្វកិច្ចនេះដែរ៕
Saturday, December 5, 2015
តើហេតុអ្វីបានជាគេពិបាកស្វែងរកកិច្ចព្រមព្រៀងទប់ស្កាត់ការប្រែប្រួលអាកាសធាតុម្លេះ?
Tags
# News
About Sakhan Um
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.
News
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment