គ្រោះធម្មជាតិ​នឹង​កើន​ទ្វេដង បើ​សិន​គេ​មិន​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Sunday, November 29, 2015

គ្រោះធម្មជាតិ​នឹង​កើន​ទ្វេដង បើ​សិន​គេ​មិន​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់


នៅ​បីថ្ងៃ​មុន​សន្និសីទ​អន្តរជាតិ​ស្តីពី​អាកាសធាតុ​បើកធ្វើ​នៅទីក្រុង​ប៉ារីស (ពី​ថ្ងៃ​ទី ៣០​វិច្ឆិកា ដល់​១១​ធ្នូ) អ្នកជំនាញ​ខាង​សេដ្ឋកិច្ច​ក្រើនរំលឹក​ឲ្យ​គេ​ចូលរួម​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក ក្នុង​គោលដៅ​ធានា​លំនឹង​កំណើន​សេដ្ឋកិច្ច​ពិភពលោក។ តាម​របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ចេញផ្សាយ កាលពី​ថ្ងៃ សុក្រ គ្រោះធម្មជាតិ​នឹង​អាច​កើនឡើង​មួយ​ជាពីរ បើសិន ជា​គេ​មិនអាច​កាត់បន្ថយ​ឧស្ម័ន​កាបូនិក ឧស្ម័ន​ផ្ទះកញ្ចក់​ដែល​ធ្វើ​ឲ្យ​ផែនដី ឡើង​កំដៅ និង​អាកាសធាតុ​ប្រែប្រួល។
គ្រោះទឹកជំនន់ ភាពរាំងស្ងួត ហើយ​និង​ខ្យល់ព្យុះ​កំណាច​នឹង​កើនឡើង មួយជា​ពីរ ក្នុង​រយៈពេល ២០​ឆ្នាំ ខាងមុខ បើសិន​ជា​ប្រទេស​ក្នុង​ពិភពលោក​មិន​ព្រម​កាត់បន្ថយ​ឧស្ម័ន​កាបូនិក។ តាម​របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ការប្រែប្រួល​អាកាសធាតុ និង​ការឡើង​កំដៅ​ផែនដី មាន​ជាប់​ទាក់ទង​គ្នា ទៅ​នឹង​គ្រោះមហន្តរាយ​ធម្មជាតិ ដែល​កើន​ឡើង គួរ​ឲ្យ​កត់សំគាល់​នា​ពេល​បច្ចុប្បន្ន​នេះ។
តាម​របាយការណ៍ របស់​ADB ដែល​សិក្សា​ទៅលើ​​គ្រោះមហន្តរាយ​ធម្មជាតិ ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ ២០១៣ ប្រទេស​មួយចំនួន នៅ​អាស៊ី​នឹង​រង​ប៉ះពាល់​ខ្លាំង​ជាងគេ។ ហ្វីលីពីន ឥណ្ឌូណេស៊ី និង​ថៃ ជា​ប្រទេស​អាស៊ី ដែល​ប្រឈម​ខ្លាំង​ជាងគេ​នឹង​គ្រោះមហន្តរាយ​ធម្មជាតិ។
គ្រោះធម្មជាតិ​មិនត្រឹម​សម្លាប់​ជីវិត​មនុស្ស ប៉ុន្តែ បាន​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ ផ្ទះសម្បែង ​ហេដ្ឋា​រចនាសម្ព័ន្ធ និង​ធ្វើ​ឲ្យ​គេ​ខាតបង់​ប្រាក់​អស់រាប់​ពាន់​លាន​ដុល្លារ។ តាម​របាយការណ៍​របស់​ធនាគារ​ADB ដែល​មាន​ទីស្នាក់ការ​កណ្តាល​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នៅ​ក្នុង​រយៈពេល​៩​ឆ្នាំ (២០០៥ ដល់​២០១៤) គ្រោះធម្មជាតិ​បាន​ធ្វើ​ឲ្យ​គេ​ខាតបង់​ថវិកា​ប្រមាណ ១៤២​ពាន់​លាន​ដុល្លារ។ ការខាតបង់​ថវិកា​នេះ​បាន​កើនឡើង ៤​ដង បើ​ប្រៀបធៀប​នឹង​រយៈពេល ៩​ឆ្នាំ​ដូចគ្នា (ចាប់ពី​ឆ្នាំ ១៩៨៥ ដល់​ឆ្នាំ១៩៩៤)។
ជាក់ស្តែង គ្រោះធម្មជាតិ​កំពុង​ហុចផល​អាក្រក់​រួចហើយ ទៅលើ​កំណើន​សេដ្ឋកិច្ច​នៅ​ប្រទេស ចិន អូស្ត្រាលី ឥណ្ឌូណេស៊ី ថៃ និង​វៀតណាម។ តាម​អ្នកសរសេរ​របាយការណ៍ គ្រោះ​មហន្តរាយ​ធម្មជាតិ​មាន​កាន់តែ​ច្រើនឡើង គឺ​មិន​ថមថយ​នោះ​ទេ។ ដើម្បី​ជៀសវាង​សេណារីយ៉ូ ដ៏អាក្រក់ អ្នកនិពន្ធ​របាយការណ៍​របស់​ធនាគារ​ADB​បាន​អំពាវនាវ​ឲ្យ​គេ​ប្រើប្រាស់​ថាមពល​មិនចេះ​រីងស្ងួត ដែល​មិន​បញ្ចេញ​ឧស្ម័ន​កាបូនិក។ អ្នកនយោបាយ និង​ទីប្រឹក្សា​សេដ្ឋកិច្ច​បាន​គិតថា ការចាត់​វិធានការ​ដើម្បី​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​គ្មាន​កំណើន។ វា​ជា​ការគិត​ផ្ទុយស្រឡះ ព្រោះ​បើតាម​អ្នកសរសេរ​របាយការណ៍​របស់​ធនាគារ ADB គឺ​ការខាតបង់​ធ្ងន់ធ្ងរ​ដោយសារ​គ្រោះមហន្តរាយ​ធម្មជាតិ លទ្ធផល​នៃ​ការប្រែប្រួល​អាកាសធាតុ​ទៅវិញទេ ដែល​ជា​ឧបសគ្គ​នៃ​កំណើន​សេដ្ឋកិច្ច៕

No comments:

Post a Comment