ពាក្យទោលជាស្រៈ អ ដែលឥតតួ រ ប្រកបហៅថា ពាក្យកំព្រា ដូចជា ក(កមនុស្សសត្វ), ង(ងស្ទើត), ល(លមើល), ស(សម្បុរស) ជាដើមនេះ អ្នកប្រាជ្ញជំនាន់មុនបានបង្កើតសញ្ញាថ្មីមួយហៅថា អឌ្ឍចន្ទ មានសណ្ឋានស្រដៀងចំណិតដូង ប៉ុន្តែផ្កាប់ (៝) ប្រើដាក់ពីលើ ដូចជា ឈឺក៝, លើកដាក់លើក៝, ទូកង៝, ថាល៝មើល, រលឹបរល៝, កុកស៝ក៝, ដីស៝ កុំឲ្យច្រឡំក្នុងការអាន ប៉ុន្តែមិនបានជោគជ័យសញ្ញា អឌ្ឍចន្ទ នេះបាត់រូបទៅវិញ ។ បច្ចុប្បន្ន ស្មេរខាងកាសែត ទស្សនាវដ្ដី ឬខាងនិពន្ធផ្សេងៗមានការលំបាកក្នុងការសរសេរពាក្យកំព្រានេះក្នុងអត្ថបទរបស់ខ្លួន ព្រោះខ្លាចអ្នកអានច្រឡំ ស្មេរខ្លះបន្ថែមសញ្ញា (–) នៅខាងដើមពាក្យកំព្រានោះ ដើម្បីញែកពាក្យ ដូចជា បុរសម្នាក់ចង-ក សម្លាប់ខ្លួន ខ្លះសរសេរដកឃ្លា ប្រណាំងទូក ង នៅ… អ្នកខ្លះដែលមិនក្រវល់ក្រវាយច្រើន ក៏សរសេរជាប់គ្នាតាមធម្មតា ដូចជា គោសម្ដេចថាខ្មៅ ។ របៀបសរសេរដែលមិនទាន់ស្របគ្នាទាំងនេះ នៅបង្កការលំបាកចំពោះស្មេរ និង អ្នកអានខ្លះដែរ ។
ក្នុង និទានកថា របស់វចនានុក្រម សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ បញ្ជាក់ថា សញ្ញា អឌ្ឍចន្ទ ត្រូវបានលើកទុក ព្រោះវិនាសបាត់រូប បាត់ឈ្មោះ បើបង្កើតឲ្យមានរូបសណ្ឋានផ្សេងជាជំនួស សម្រាប់ប្រើដាក់លើ ពាក្យកំព្រា ទាំងប៉ុន្មាននោះក៏ពុំកើតដែរ ។
តាមពិតសញ្ញានេះ នៅមិនទាន់វិនាសបាត់សូន្យនៅឡើយទេ ដ្បិតសញ្ញានេះនៅមានលើក្ដារចុចរបស់យូនីកូដខ្មែរនៅឡើយ ។ ជាគំនិតរបស់ខ្ញុំ ប្រសិនបើយើងនាំគ្នាត្រឡប់មកប្រើសញ្ញា អឌ្ឍចន្ទ ឡើងវិញ ដោយពុំចាំបាច់ពិបាកក្នុងការបង្កើតសញ្ញាថ្មី វាជាការងាយស្រួល ព្រោះថាបើរង់ចាំទម្រាំអ្នកប្រាជ្ញណាមួយមានគំនិតក្នុងការបង្កើតថ្មីនោះ ក៏នឹងអាចរង់ចាំដល់រយៈពេលយូរ រាប់ជាច្រើនឆ្នាំតទៅមុខទៀតក៏មិនដឹង ។
ដើម្បីប្រើសញ្ញា អឌ្ឍចន្ទ ចុច Ctrl + Alt + w ឬចុច Alt ខាងស្ដាំ + w ។
No comments:
Post a Comment