ក្រុមការងារ​​ពិសេស​​កម្ពុជា​-វៀតណាម ​នឹង​​ចុះ​ទៅ​​ព្រំដែន​​ខេត្ត​ស្វាយរៀង​​នៅ​​ថ្ងៃ​ទី​១៦ ​កក្កដា​ ២០១៥ - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Sunday, July 12, 2015

ក្រុមការងារ​​ពិសេស​​កម្ពុជា​-វៀតណាម ​នឹង​​ចុះ​ទៅ​​ព្រំដែន​​ខេត្ត​ស្វាយរៀង​​នៅ​​ថ្ងៃ​ទី​១៦ ​កក្កដា​ ២០១៥



ក្រុមការងារ​ពិសេសដើម្បី​ដោះស្រាយ​ការប៉ះទង្គិច​គ្នា​រវាង​ពលរដ្ឋ​ខ្មែរ​និងវៀតណាមដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី២៨មិថុនា​នៅ​ព្រំដែន​ខេត្តស្វាយរៀង​នឹង​ចុះទៅ​កាន់​ខេត្ត​នេះ​នៅ​ថ្ងៃទី ១៦ កក្កដា​ខាងមុខ ដើម្បី​សិក្សា​ស្រាវជ្រាវ​លម្អិត​ពី​បញ្ហា​នេះ។ នេះ​បើតាម​លោកស្រី កុយ ពិសី អនុប្រធាន​គណៈកម្មកា​រ​កិច្ចការ​ចម្រុះ​ព្រំដែន​កម្ពុជា ដែល​បាន​បញ្ជាក់ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ។
បើ​គ្មានអ្វី​ប្រែប្រួល​នោះទេ គឺ​នៅ​ថ្ងៃទី១៦ កក្កដា សប្តាហ៍​ក្រោយនេះ ក្រុមការងារ​ពិសេស​ដែល​ក្រសួងការបរទេស​កម្ពុ​ជា បាន​បង្កើតឡើង​តាម​សំណើ​របស់​ភាគី​វៀតណាម​នឹង​ចុះទៅ​កាន់​ចំណុច​ព្រំដែន​នៅក្នុង​ខេត្តស្វាយរៀង។ ការចុះ​ទៅនេះ គឺ​ដើម្បី​សិក្សា ស្រាវជ្រាវ​ជាក់ស្តែង​ជុំវិញ​ការ​ប៉ះ​ទ​ង្គិះ​គ្នា​មួយ​រវាង​ប្រជា​ពល​កម្ពុជា និង​វៀតណាម​នៅ​ទីនោះ។
ក្រុមការងារ​ពិសេស​នេះ ត្រូវបាន​ក្រសួងការបរទេស​កម្ពុ​ជា បានប្រកាស​បង្កើតឡើង​តាំងពី​ថ្ងៃទី២ ដើមខែ​កក្កដា​មក​ម្លេះ។ ប៉ុន្តែ​មកដល់ពេលនេះ សមាសភាព​នៃ​ក្រុមការងារ​ពិសេស​មិនទាន់​ត្រូវបាន​គេ​បង្ហាញ​ឲ្យ​ដឹង​ជា​ផ្លូវការ​នៅឡើយ​ទេ។ យ៉ាងណាក៏ដោយ លោកស្រី កុយ ពិសី អនុប្រធាន​គណៈកម្មកា​រ​កិច្ចការ​ចម្រុះ​ព្រំដែន​កម្ពុជា បាន បញ្ជាក់ថា អនុប្រធាន​គណៈកម្មកា​រ​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ នឹង​ធ្វើជា​ប្រធាន​ដឹកនាំ​ក្រុមការងារ​ពិសេស​នេះ។

សូម​រំលឹក​ជូន​ថា កាលពី​ថ្ងៃទី២៨ ខែមិថុនា​កន្លងទៅ មានការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​បានកើត​ឡើង រវាង​ប្រជាពលរដ្ឋ​កម្ពុជា និង​វៀតណាម ត្រង់ចំណុច​ភូមិ​គោកធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង។ ការប៉ះទង្គិច​គ្នា បាន​កើតឡើង​ក្នុងពេលដែល​ប្រជាពលរដ្ឋ​ខ្មែរ​ដឹកនាំ​ដោយ​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ព្រះសង្ឃ​ផង បាន​ចុះទៅពិនិត្យ​បង្គោល​ព្រំដែន​លេខ២០៣ ដែលមាន​ការស្ថាបនា​ផ្លូវ​មួយ​ខ្សែ ដែល​ប្រជាពលរដ្ឋ​អះអាងថា បាន​រំលោភ​ចូល​ដី​កម្ពុជា។ ប៉ុន្តែ​ដំណើរ​ចុះទៅ​នេះ ត្រូវបាន​រារាំង​ដោយ​កង​ទាហាន និង ពលរដ្ឋ​វៀតណាម​ដែល​ប្រដាប់​ដោយ​កាំភ្លើង​និង ដំបង។ ក្នុង​ហេតុការណ៍​នោះ ភាគី​កម្ពុជា១០នាក់​ក្នុងនោះ​រួមមាន​អ្នកតំណាងរាស្ត្រ​ម្នាក់​ផង​បាន រងរបួស ចំណែកឯ​ភាគី​វៀតណាម​បាន​រងរបួស៨នាក់។

បន្ទាប់ពី​កើត​ឧប្បត្តិ​ហេតុនេះ គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា និង វៀតណាម បាន​បើក​កិច្ចប្រជុំ​រយៈពេល​បី​ថ្ងៃ​នៅក្នុង​ទីក្រុង​ភ្នំពេញ។ ក៏ប៉ុន្តែ​ការ​ប៉ះ​ទ​ង្គិះ​គ្នា​នោះ មិន​ត្រូវបាន​ដោះស្រាយ​នៅក្នុង​កិច្ចប្រជុំ​នោះឡើយ។ យ៉ាងណាក៏ដោយ វៀតណាម​បាន​ប្រាប់​ភាគី​កម្ពុជា ថា ការសាងសង់​ផ្លូវ​នៅក្នុង​ស្រុក​កំពង់រោ​រិ៍ និង​ស្រុក​ចន្ទ្រា​ក្នុង​ខេត្តស្វាយរៀង ត្រូវបាន​បញ្ជា​ឲ្យ​ផ្អាក​កា​សាងសង់​ហើយ។ រីឯ​ការសាងសង់​ប៉ុស្តិ៍​យោធា​នៅក្នុង​ស្រុក​កោះធំ ខេត្តកណ្តាល ក៏ត្រូវ​បាន​វៀតណាម​បញ្ជាក់ថា បាន​ផ្អាក​ការសង​សង់​ដូចគ្នា​ផងដែរ។ ចំណែក ការជីក​ស្រះ​នៅក្នុង​ខេត្តរតនៈគិរី​វិញ វៀតណាម​បាន​សន្យាថា​នឹង​លុប​វិញ​ចំនួន៣ រី​ឫ​ស្រះ​ចំនួន៥ទៀត ក្រុមបច្ចេកទេស​ចម្រុះ​នៃ​គណៈកម្មការ​ព្រំដែន​ទាំងពីរ​នឹង​ចុះទៅ​ពិនិត្យមើល​ជាក់ស្តែង ប៉ុន្តែ​ក្នុងនោះ​វៀតណាម​បាន​បញ្ជាក់ថា ស្រះ​ចំនួន​ពីរ ជា​ស្រះ​ចាស់​យូរ​មកហើយ៕
ប្រភពពីៈ វិទ្យុបារាំង rfi

No comments:

Post a Comment