ការ​ប៉ះ​ទង្គិច​​ដោយ​ពាក្យ​សម្ដី​ ចំនួន​២​លើក​បានកើតមានឡើងក្នុងខណៈការចុះពិនិត្យមើលសា្ថនភាពការជីកស្រះក្នុងទឹកដីខ្មែររបស់ជនជាតិយួន - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Tuesday, June 9, 2015

ការ​ប៉ះ​ទង្គិច​​ដោយ​ពាក្យ​សម្ដី​ ចំនួន​២​លើក​បានកើតមានឡើងក្នុងខណៈការចុះពិនិត្យមើលសា្ថនភាពការជីកស្រះក្នុងទឹកដីខ្មែររបស់ជនជាតិយួន

ដូច​ការ​គ្រោង​ទុក នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះ​ទៅ​ដល់​ព្រំ​ដែន​ខេត្ត​រតនគិរី ដើម្បី​ពិនិត្យមើល​ស្រះ​ទឹក​ចំនួន​៥ ដែល​ត្រូវ​បាន​វៀតណាម​ជីក​រួច​រាល់​នៅ​តំបន់​ហាម​ឃាត់​។ នៅ​ក្នុង​អំឡុង​ពេល​ចុះ​ពិនិត្យ​ស្រះ​ទឹក​ទាំង​នោះ មាន​​ការ​ប្រទូស​រ៉ាយ​​រុញ​ច្រាន និង​ការ​ប៉ះ​ទង្គិច​​ដោយ​ពាក្យ​សម្ដី​ ចំនួន​២​លើក​​កើត​ឡើង ប៉ុន្តែ​មិន​បាន​ធ្វើ​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ឡើយ​។ កង​កម្លាំង​​ទាហាន​វៀតណាម ដែល​មាន​ប្រដាប់​ដោយ​ដំបង​ឆក់​និង​កាំភ្លើង​ផង​ បាន​ប្រើ​កម្លាំង​រុញ​ច្រាន​ក្រុម​អ្នក​តំណាង​រាស្ត្រ និង​ប្រជាពលរដ្ឋ​ដែល​ចុះ​ទៅ​ពិនិត្យ​មើល​ស្រះ​ទឹក ដែល​ប្រជាពលរដ្ឋ​រាយការណ៍​ថា វៀតណាម​បាន​លួច​ជីក​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​។ នៅ​ក្នុង​ពេល​ប៉ះ​ទង្គិច កង​កម្លាំង​សមត្ថកិច្ច​ខ្មែរ​ជាង​២០​នាក់ ដែល​អម​ដំណើរ​ក្រុម​អ្នក​តំណាង​រាស្ត្រ​និង​ប្រជាពលរដ្ឋ​ខ្មែរ បាន​ឈរ​ហ៊ុំ​ព័ទ្ធ​ដើម្បី​ការពារ និង​សម្រប​សម្រួល​ជា​បន្ត​បន្ទាប់​។ ការ​ប្រទូសរ៉ាយ​ដោយ​រុញ​ច្រាន និង​ការ​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​រវាង​កង​កម្លាំង​វៀតណាម និង​​​ប្រជាពលរដ្ឋ​ខ្មែរ កើត​ឡើង​សរុប​ទាំង​អស់​២​ដង ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​ឡើយ​។ គួរ​​ជម្រាប​​ជូន​​ថា​ តាំង​​ពី​​ព្រឹក​​ព្រលឹម​​ថ្ងៃ​​ចន្ទ​ ទី​​០៨​​ខែ​​មិថុនា​​នេះ ​ក្រុម​​អ្នក​​តំណាង​​រាស្ត្រ​​គណបក្ស​​ប្រឆាំង​ និស្សិត​ និង​​ប្រជាពលរដ្ឋ​​ជាង​​២០០​នាក់​ បាន​​ធ្វើ​​ដំណើរ​​ទៅ​​​​ព្រំ​ដែន​​កម្ពុជា​​វៀតណាម​ ត្រង់​​ចំណុច​​ភូមិ​ឡុំ ​ឃុំ​ប៉ក់ញ៉ៃ​ ស្រុក​អូយ៉ាដាវ​ ខេត្ត​រតនគិរី​​​។ ដំណើរ​​ទៅ​​​​ព្រំ​ដែន​​កម្ពុជា​-​វៀតណាម​​នេះ​ ធ្វើ​ឡើង​​ក្នុង​​គោល​ដៅ​​​ពិនិត្យ​​មើល​​ស្រះ​​ទឹក​​ចំនួន​៥​ ដែល​​ប្រជាពលរដ្ឋ​​រាយការណ៍​ថា​ វៀតណាម​​ទើប​​តែ​​​លួច​​ជីក​​នៅ​​ក្នុង​​ទឹក​​ដី​​ខ្មែរ​​។ ​ លោក ម៉ៅ មុន្នីវណ្ណ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ដឹក​នាំ​ក្រុម​អ្នក​តំណាង​រាស្ត្រ​និង​ប្រជាពលរដ្ឋ​ទៅ​ពិនិត្យ​ស្រះ​ទឹក​នោះ បាន​អះអាង​ថា មាន​ស្រះ​ទឹក​យ៉ាង​ហោច​ណាស់​ចំនួន​៧ ដែល​វៀតណាម​បាន​លួច​ជីក​នៅ​ក្នុង​តំបន់​ស ដែល​ជា​តំបន់​ហាម​ឃាត់​។ តំបន់​ហាម​ឃាត់​ ដែល​​ភាគី​កម្ពុជា​-វៀតណាម​ នៅ​​មិន​​ទាន់​​បាន​​ឯក​​ភាព​​គ្នា​​បោះ​បង្គោល​​នៅ​​ឡើយ​ ស្រាប់​តែ​អាជ្ញាធរ​វៀតណាម​ បាន​​ជីក​​ស្រះ​​ជា​ឯកតោភាគី​ ដើម្បី​​យក​​ទៅ​​ស្រោច​ស្រព​​ដំណាំ​ម្រេច​និង​កៅស៊ូ​នៅ​ក្បែ​នោះ​ទៅវិញ​។ ក្នុង​​នោះ​ បើ​​តាម​​លោក​ ម៉ៅ មុន្នីវណ្ណ ស្រះ​ទឹក​​ចំនួន​​២​​ជា​ស្នាម​ជីក​​ចាស់ ចំណែក​ស្រះ​ទឹក​៥​ទៀត​ទើប​តែ​ត្រូវ​បាន​វៀតណាម​ជីក​ក្នុង​ពេល​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ​។ ក្រោយ​ពី​បាន​ពិនិត្យ​មើល​ស្រះ​ទឹក​ទាំង​៧​រួច លោក ម៉ៅ មុន្នីវណ្ណ បាន​អះអាង​ថា លោកនឹង​ធ្វើ​របាយការណ៍ជូន​ទៅ​ប្រធាន​រដ្ឋសភា និង​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ចាត់​វិធានការ​ការទូត ដើម្បី​ឲ្យ​ភាគី​វៀតណាម​លុប​ស្រះ​ទាំង​នេះ​ចេញ​ជា​បន្ទាន់​៕

No comments:

Post a Comment