សៀវភៅកម្មវិធីសិក្សាលំអិតភាសាខ្មែរ សម្រាប់អប់រំមូលដ្ឋានចំណេះទូទៅ - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Tuesday, October 11, 2016

សៀវភៅកម្មវិធីសិក្សាលំអិតភាសាខ្មែរ សម្រាប់អប់រំមូលដ្ឋានចំណេះទូទៅ

ភាសាខ្មែរ គឺជាភាសាជាតិ និងជាភាសាសម្រាប់ប្រើប្រាស់ជាផ្លូវការ ដែលប្រជាជនគ្រប់រូបត្រូវចេះ ដឹង គ្រប់ៗគ្នា។ ដូចនេះមុខវិជ្ជាភាសាខ្មែរ មានវិសាលភាពក្រៃលែង ព្រោះមុខវិជ្ជាភាសាខ្មែរ ជាមុខវិជ្ជាមូលដ្ឋានគ្រឹះ សម្រាប់សិក្សាមុខវិជ្ជាដទៃទៀត ឱ្យបានល្អប្រសើរ និងសម្រាប់ប្រើប្រាស់ គ្រប់ស្ថានភាពនៃជីវភាពរស់នៅ។ ជាពិសេស សិស្សានុសិស្ស នឹងមានចំណេះដឹងជ្រៅជ្រះ មានសមត្ថភាព សម្រាប់អនាគត ដែលមានភាពជាអ្នកដឹកនាំ ប្រកបដោយគុណធម៌ សីលធម៌ សុជីវធម៌ និងការឈ្លាសវៃក្នុងការដោះស្រាយបញ្ហាទាំងឡាយ។ ដើម្បីឱ្យមុខវិជ្ជាភាសាខ្មែរ កាន់តែបំពេញមុខងារសម្បូរបែបរបស់ខ្លួន ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ លុះណាតែមុខវិជ្ជានេះ មានសមត្ថភាពសមស្រប ទៅនឹងការវិវត្តរីកចម្រើនរបស់មនុស្សជាតិ និងសង្គមជាតិ។ ដូចនេះការកែលម្អកម្មវិធីសិក្សាមុខវិជ្ជាភាសាខ្មែរ គឺជាការចាំបាច់ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្ដែង ទាំងក្នុងការសិក្សា ទាំងក្នុងការប្រើប្រាស់ទូទៅ។ ម្យ៉ាងទៀតកម្មវិធីសិក្សាលម្អិត នៃមុខវិជ្ជាភាសាខ្មែរនេះ ជាគោលបន្ទាត់ សម្រាប់ការរៀបចំ សៀវភៅសិក្សា តែស្ដ សម្ភារឧបទេស វិធីសាស្ត្របង្រៀន និងយន្តការនានា ក្នុងការអភិវឌ្ឍវិស័យអប់រំមួយ ដែលមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតាសិស្ស និងសហគមន៍ ។
        ក្រសួងអប់រំ យុវជន និងកីឡា មានជំនឿយ៉ាងមុតមាំថា កម្មវិធីសិក្សាលម្អិតនៃមុខវិជ្ជាភាសាខ្មែរ សម្រាប់អប់រំមូលដ្ឋាននេះ នឹងចូលរួមបម្រើឱ្យការកសាងធនធានមនុស្សនៅកម្ពុជា ប្រកបដោយគុណភាព និងមានជំនាញខ្ពស់ ព្រមទាំងរក្សាបាននូវភាពគង់វង្ស និងភាពរឹងមាំ នៃវប្បធម៌របស់ជាតិ។
        ភាសាខ្មែរ មិនត្រឹមតែជាភាសា ប្រើប្រាស់សម្រាប់ការប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃប៉ុណ្ណោះទេ តែសំខាន់ជាងនេះទៅទៀត ភាសាខ្មែរជាភាសាផ្លូវការ ដែលយើងប្រើក្នុងកិច្ចការរដ្ឋ និងជាភាសាយាន សម្រាប់សិក្សាមុខវិជ្ជាដទៃទៀត។
        កម្មវិធីសិក្សាភាសាខ្មែរ នៅកម្រិតមូលដ្ឋាន យកចិត្តទុកដាក់ លើការពង្រឹងគុណភាព និងពង្រីកសមត្ថភាពមូលដ្ឋាន ខាងការស្ដាប់ ការនិយាយ ការអាន និងការសរសេរដែលត្រូវបានអនុវត្តតាំងពីមត្តេយ្យសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សា និងសម្រាប់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សេងៗទៀត។
        កម្មវិធីសិក្សាមុខវិជ្ជាភាសាខ្មែរ បច្ចុប្បន្នបានរៀបចំឡើងតាមលំដាប់លំដោយ ចាប់តាំងពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី៩ ដោយកំណត់លទ្ធផលសិក្សា តាមថ្នាក់នីមួយៗ ហើយតម្រូវឱ្យសិស្សសម្រេចឱ្យបាននៅពេលបញ្ចប់ឆ្នាំសិក្សានីមួយៗ ។ ដើម្បីងាយស្រួលក្នុងការប្រើប្រាស់កម្មវិធីសិក្សានេះ នៅក្នុងនោះក៏មានចំនួនមេរៀន រយៈពេលបង្រៀន បំណិន និងខ្លឹមសារសម្រាប់មេរៀននៃថ្នាក់នីមួយៗផងដែរ។
        គណៈកម្មការនិពន្ធសង្ឃឹមថា កម្មវិធីសិក្សាលំអិតកម្រិតអប់រំមូលដ្ឋានមុខវិជ្ជាភាសាខ្មែរថ្មីនេះ អាចប្រើសម្រាប់អភិវឌ្ឍសៀវភៅសិក្សា សម្ភារឧបទេស វិធីសាស្ត្របង្រៀន ការវាយតម្លៃ និងវិធីនានាក្នុងការអភិវឌ្ឍ សមត្ថភាពសិស្ស ឱ្យក្លាយជាពលរដ្ឋខ្មែរម្នាក់ ពូកែលើការងារច្រើនយ៉ាង និងមានប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិផងដែរ។




No comments:

Post a Comment