កីឡាការិនីតេក្វាន់ដូ
ស៊ន សៀវម៉ី ម្ចាស់មេដាយមាសអាស៊ានហ្គេមឆ្នាំ២០១៤
នឹងធ្វើការប្រកួតលើប្រភេទទម្ងន់លើស៦៧គីឡូក្រាមជាមួយកីឡាការិនីហូឡង់ Reshimie Oogink នារាត្រីថ្ងៃសៅរ៍
ទី២០ ខែសីហា នេះ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ក្រុង Rio ប្រទេសប្រេស៊ីល។
កីឡាការិនីតេក្វាន់ដូ
ស៊ន សៀវម៉ី អាយុ២០ឆ្នាំ គឺជាក្តីរំពឹងដ៏ខ្ពស់របស់កម្ពុជា
ក្នុងចំណោមអត្តពលិក៦រូបដែលចូលរួមប្រកួតដណ្តើមមេដាយក្នុងព្រឹត្តិការណ៍អូឡាំពិក
នៅទីក្រុង Rio ប្រទេសប្រេស៊ីលនាឆ្នាំ២០១៦
នេះ។ ក្នុងការប្រកួតលើប្រភេទទម្ងន់លើស៦៧គីឡូក្រាម
ម្ចាស់មេដាយមាសទ្វីបអាស៊ីឆ្នាំ២០១៤ និងមេដាយមាសស៊ីហ្គេមឆ្នាំ២០១៣ រូបនេះ
ត្រូវតទល់ជាមួយកីឡាការិនីហូឡង់ Reshimie Oogink នាវគ្គ១៦នាក់ចុងក្រោយលើសង្វៀន
Carioca Arena 3 ។
Reshimie Oogink អាយុ២៦ឆ្នាំ ជាកីឡាការិនីដែលទទួលបានជោគជ័យដ៏ធំធេងក្នុងអាជីពរបស់ខ្លួន។
ក្នុងចំណោមការប្រកួតជាលក្ខណៈអន្តរជាតិ១២០លើក Reshimie ឈ្នះ៧៧លើក ដែលស្មើ ៦៤,២ភាគរយ។
នៅឆ្នាំ២០០៥
Reshimie ឈ្នះមេដាយមាសទ្វីបអឺរ៉ុបលើប្រភេទទម្ងន់ក្រោម៥៩គីឡូក្រាម។
ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៦ កីឡាការិនីហូឡង់រូបនេះ
ឈ្នះមេដាយមាសជាបន្តបន្ទាប់១៩លើកក្នុងព្រឹត្តិការណ៍ German Open (៤លើក), Paris Open, Belgian Open, German Open, Dutch
Open (៣លើក), Trelleborg Open, Fujairah Open (៣លើក), Grand Prix, US Open, Russian Open, Luxor Open និងចុងក្រោយ World Presidents Cup ប្រចាំទ្វីបអឺរ៉ុប
ក្នុងឆ្នាំ២០១៦ ។
យោងតាមតារាងកម្មវិធី
ការប្រកួតតេក្វាន់ដូក្នុងប្រភេទទម្ងន់លើស៦៧គីឡូក្រាម
នឹងចាប់ផ្តើមពីវេលាម៉ោង៧ល្ងាច (ម៉ោងនៅក្នុងប្រទេសកម្ពុជា)។ ជំនួបរវាង
ស៊ន សៀវម៉ី និង Reshimie Oogink នឹងប្រព្រឹត្តទៅបន្ទាប់ពីការប៉ះគ្នារវាងកីឡាការិនីព័រតូរីកូ Crystal
Weekes និងកីឡាការិនីអាមេរិក Jackie Galloway។
គូប្រកួតផ្សេងទៀតក្នុងប្រភេទទម្ងន់លើស៦៧គីឡូក្រាមរួមមាន
កីឡាការិនីម៉ារ៉ុក Wiam Dislam ប៉ះកីឡាការិនីសាធារណរដ្ឋដូមីនិក
Katherine Rodriguez កីឡាការិនីម៉ិកស៊ិក Maria
Espinoza ជួបកីឡាការិនីហ្វីលីពីន Kirstie Alora កីឡាការិនីនេប៉ាល់ Nisha Rawal ប៉ះកីឡាការិនីចិន
Zheng Shuyin កីឡាការិនីបារាំង Gwladys Epangue តទល់ជាមួយកីឡាការិនីកូតឌីវ័រ Mamina Kone កីឡាការិនីន័រវេស
Tina Roe Skaar ជួបកីឡាការិនីសែប៊ី Milica Mandic
និងជំនួបចុងក្រោយ គឺជាការប៉ះគ្នារវាងកីឡាការិនីអង់គ្លេស Bianca
Walkden និងកីឡាការិនីប៉ាពួនូវេលហ្គីណេ Samantha
Kassman៕
ប្រភពព័ត៌មានពី៖ ថ្មីថ្មី
ប្រភពព័ត៌មានពី៖ ថ្មីថ្មី
No comments:
Post a Comment