មូលនិធិបរិស្ថាន Global Nature Fund (GNF) របស់អាល្លឺម៉ង់ នាទិវាដីសើមពិភពលោក (World Wertlands Day) កាលពីថ្ងៃទី២ ខែកុម្ភៈ បានចេញសេចក្តីប្រកាសព័ត៌មានដោយចាត់ទុកបឹងទន្លេសាប ជាបឹងដែលរ
ងការគំរាមកំហែងខ្លាំងជាងគេប្រចាំឆ្នាំ២០១៦ ។
បឹងទន្លេសាប ត្រូវបានចាត់ទុកជាបឹងដែលសម្បូរធនធានមច្ឆាច្រើនជាងគេប្រចាំតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែការបម្រែបម្រួលអាកាសធាតុ និងទង្វើរបស់មនុស្ស បានធ្វើឲ្យបឹងមួយនេះ កំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ មូលនិធិបរិស្ថាន Global Nature Fund (GNF) របស់អាល្លឺង ក្រោមកិច្ចសហការជាមួយអង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT)។
ជុំវិញការចាត់ទុកថា «បឹងទន្លេសាប ជាបឹងដែលរងការគំរាមកំហែងប្រចាំឆ្នាំ២០១៦» (Threatened Lake of the Year 2016: Tonle Sap Lake in Cambodia) មូលនិធិ GNF បានធ្វើបទសម្ភាសពិសេសជាមួយលោក ឱម សាវ៉ាត នាយកប្រតិបត្តិនៃអង្គការ FACT ដែលបានផ្តល់ភស្តុតាងផ្សេងៗទាក់ទងនឹងការរងគ្រោះរបស់បឹងមួយនេះ។
លោក ឱម សាវ៉ាត បានគូសបញ្ជាក់ថា ទន្លេសាបមិនមែនត្រឹមតែជាប្រភពធនធានសម្រាប់ផឹកនោះទេ តែវាមានសារសំខាន់ខ្លាំងណាស់សម្រាប់ការនេសាទ និងកសិកម្ម។
នាយកប្រតិបត្តិនៃអង្គការ FACT បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនរបស់បឹងទន្លេសាប ដែលក្នុងនោះមាន ការនេសាទខុសច្បាប់ហួសបរិមាណ បាតុភូតអវិជ្ជមាននៃការបម្រែបម្រួលអាកាសធាតុ ការកាប់ព្រៃលិចទឹក និងការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់ទន្លេមេគង្គ ជាដើម។
បើតាមលោក សាវ៉ាត ពលរដ្ឋមូលដ្ឋានជាមធ្យមក្នុងមួយគ្រួសារ នេសាទត្រី៦គីឡូក្រាមក្នុងមួយថ្ងៃ ប៉ុន្តែពួកគេហាក់ដូចជាមានការយល់ដឹងតិចបំផុតទាក់ទងនឹងការថែរក្សានិរន្តភាពរបស់បឹង។
បឹងទន្លេសាប មានទំហំ២៥០០គីឡូម៉ែត្រការ៉េ ប្រវែង១៦០គីឡូម៉ែត្រ និងជម្រៅពី១ ទៅ២ម៉ែត្រ នារដូវប្រាំង។ រីឯនៅរដូវវស្សា បឹងនេះ រីកទៅទំហំ១៦០០០គីឡូម៉ែត្រការ៉េ ប្រវែង២៥០គីឡូម៉ែត្រ និងជម្រៅពី៨ទៅ១១ម៉ែត្រ។
ខាងក្រោមនេះ ជាបញ្ជីឈ្មោះបឹងដែលរងការគំរាមកំហែងខ្លាំងបើគិតចាប់តាំងពីឆ្នាំ២០០៤ មក៖
-ឆ្នាំ២០០៤៖ បឹង Chapala នៅម៉ិកស៊ិក
-ឆ្នាំ២០០៥៖ បឹង Victoria នៅកេនយ៉ា តង់ហ្សានី និងអ៊ូហ្កង់ដា
-ឆ្នាំ២០០៦៖ បឹង Dead Sea នៅអ៊ីស្រាអែល ហ្ស៊កដង់ និងប៉ាឡេស្ទីន
-ឆ្នាំ២០០៧៖ បឹង Pantanal Wetlands នៅប្រេស៊ីល ប៉ារ៉ាហ្គាយ និងបូលីវី
-ឆ្នាំ២០០៨៖ បឹង Mahakam Wetland នៅឥណ្ឌូនេស៊ី
-ឆ្នាំ២០០៩៖ បឹង Atitlan នៅហ្គាតេម៉ាឡា
-ឆ្នាំ២០១០៖ បឹង Pulicat នៅឥណ្ឌា
-ឆ្នាំ២០១១៖ បឹង Laguna de Fuquene នៅកូឡុំប៊ី
-ឆ្នាំ២០១២៖ បឹង Titicaca នៅប៉េរូ និងបូលីវី
-ឆ្នាំ២០១៣៖ បឹង Winninpeg នៅកាណាដា
-ឆ្នាំ២០១៤៖ បឹង Sampaloc នៅហ្វីលីពីន
-ឆ្នាំ២០១៥៖ បឹង Hovsgol នៅម៉ុងហ្គោលី
-ឆ្នាំ២០១៦៖ បឹងទន្លេសាបនៅកម្ពុជា៕
ប្រភពពីថ្មីៗ
No comments:
Post a Comment