រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា
លោក ហង់ជួនណារ៉ុន បានថ្លែងថា
ក្នុងរយៈពេល២ឆ្នាំទៀតរាជរដ្ឋាភិបាលនឹងធ្វើការតម្លើងប្រាក់បៀវត្សជូនដល់គ្រូបង្រៀនឱ្យបានទាបបំផុត១លានរៀល
ហើយ លោកសង្ឃឹមថានៅពេលការតម្លើងដល់កម្រិតនេះការបំបាត់បញ្ហាគ្រូយកលុយពីសិស្សនិងបញ្ហាពុករលួយក៏អាចនឹងបំបាត់បានផងដែរ។
ថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលសម្រាប់ការអប់រំស្តីពីការប្រេឆាំងអំពើពុករលួយក្នុងកម្មវិធីសិក្សាបឋមសិក្សាចំណេះទូទៅ(ថ្នាក់ទី ៤ទី ៥និងទី៦)នារសៀលថ្ងៃទី២៩ខែកក្កដាកន្លងមក លោកហង់ជួន ណារ៉ុនបានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាបានតម្លើងប្រាក់បៀវត្សដល់គ្រូបង្រៀនចំនួន៨០ម៉ឺនរៀលហើយ និងនៅសល់រយៈពេល២ឆ្នាំទៀតទេប្រាក់បៀវត្សរបស់គ្រូបង្រៀននឹងទាបបំផុតឡើងដល់១លានរៀល។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថានៅថ្ងៃខាងមុខដោយសារកំណែទម្រង់ជាច្រើនលើវិស័យអប់រំក្នុងនេះរួមមានការតម្លើងប្រាក់បៀវត្ស ការអប់រំអំពីការប្រឆាំងអំពើពុករលួយនិងរួមទាំងការកែប្រែឥរិយាបថរបស់គ្រូបង្រៀននោះគេសង្ឃឹមថាការបំបាត់បញ្ហាអសកម្មមួយចំនួនក្នុងនោះដូចជាបញ្ហាគ្រូយកលុយពីសិស្សនឹងអាចបំបាត់បានផងដែរ។
លោកបានបន្ថែមថា”យើងនឹងមានការរៀបចំសាលាជំនាន់ថ្មីដែលមានន័យថាយើងផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រូហេតុនេះគ្រូមិនអាចយកលុយពីសិស្សបានទេ។អញ្ចឹងយើង នឹងរៀបចំសាលាថ្មីនេះហើយទៅថ្ងៃអនាគតនឹងមានការពង្រីកការអនុវត្តន៍ទៅដល់គ្រប់សាលាទាំងអស់។ទៅថ្ងៃអនាគតខ្ញុំជឿជាក់ថានឹងមានបរិស្ថានមួយល្អសម្រាប់ការសិក្សា”។
ដោយឡែកសម្រាប់ការប្រឡងបាក់ឌុបឬហៅថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៥-២០១៦ខាងមុខនេះលោកហង់ជួនណារ៉ុនបានបន្តឱ្យដឹងថាដើម្បីពង្រឹងនូវប្រសិទ្ធភាពការប្រឡងប្រព្រឹត្តិទៅបានល្អនិងមានតម្លាភាពនោះក្រសួងអប់រំនឹងបន្តកិច្ចសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយបន្តទៀតសំដៅធ្វើយ៉ាងណាពង្រឹងទាំងគុណភាពការសិក្សានិងវិន័យក្នុងការសិក្សារបស់សិស្សទូទៅ៕
No comments:
Post a Comment