ផ្ដើមពីបទចម្រៀងស្ទួយតំបន់ទេសចរណ៍ធម្មជាតិតាតៃ
រំលេចសូរ្យសៀងយ៉ាងក្រអួនក្រអៅរបស់តារាចម្រៀងសំនៀងពីរោះរណ្ដំ
តំបន់កម្សាន្ដរបស់ខេត្ដកោះកុងមួយនេះក្លាយជាចំណាប់អារម្មណ៍កាន់តែខ្លាំងរបស់ភ្ញៀវទេសចរជាតិ
និងអន្ដរជាតិ ជាពិសេស សម្រស់ទឹកហូរធ្លាក់ឈូឆរត្របាញ់ខ្មួលខ្មាញ់កាត់ផ្ទាំងថ្មធំៗជាច្រើនដំណាក់រំលេចផ្ទៃទឹកដូចត្បូងមរកតបៃតងខ្ចីលាយពពុះសក្បុសក្នុងសីតុណ្ហភាពត្រជាក់ស្រេង។
ទឹកធ្លាក់តាតៃ
ភាគនិរតីនៃប្រទេស គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយចំពោះភ្ញៀវឆ្លងកាត់ខេត្ដជាយដែនមួយនេះ។
ទៅដល់ស្ពានវែងទីបួនឆ្លងកាត់ព្រែកតាតៃ
ភ្ញៀវខ្លះអាចមានការរារែកចិត្ដថា
តើគួរធ្វើដំណើរកម្សាន្ដគយគន់ទេសភាពតាមផ្ទៃទឹកដោយជិះនាវាទៅកាន់ទឹកធ្លាក់ដ៏ធំសម្បើម
ឬមួយគួរតែធ្វើដំណើរតាមរថយន្ដលើកំណាត់ផ្លូវរដិបរដុបប្រមាណ ២
គីឡូម៉ែត្រ?
ទូកកម្សាន្ដដែលចតរង់ចាំភ្ញៀវនៅគល់ស្ពានតាតៃនឹងអូសខ្លួនសន្សឹមៗតាមបណ្ដោយស្ទឹងដ៏ថ្លាយង់ដើម្បីទុកឱកាសឲ្យភ្ញៀវគយគន់សម្រស់ធម្មជាតិតាមមាត់ទឹកដ៏ត្រជាក់ល្ហឹមរហូតដល់រមណីយដ្ឋានទឹកធ្លាក់។
ជាម្ចាស់ទូកម្នាក់ដែលតម្រៀបគ្នាត្រៀមចាំដឹកភ្ញៀវរហូតដល់ជាង
៤០ គ្រឿងក្បែរស្ពានតាតៃ លោក សុធា បានប្រាប់ថា
ទូកកម្សាន្ដនៅទីនេះត្រូវបានចុះក្នុងបញ្ជីសហគមន៍ 4 Rivers Floating Lodge ដែលចេញដឹកភ្ញៀវទៅតាមវេននីមួយៗ
ដោយមិនធ្វើឲ្យភ្ញៀវរង់ចាំយូរឡើយ។
លោកបន្ដថា៖ «ទូកកម្សាន្ដប្រើពេល ២០
នាទីចេញដំណើរទៅកាន់ទឹកធ្លាក់តាតៃ ដែលភ្ញៀវអាចទស្សនា
ថតរូបលេងតាមដងស្ទឹង។ ទូកនឹងចតនៅចំណតទឹកធ្លាក់រយៈពេល ២
ម៉ោងសម្រាប់ឲ្យភ្ញៀវងូតទឹកលេង»។
ស្ថិតនៅលើទូកកម្សាន្ដដែលត្រូវបានរៀបចំយ៉ាងស្អាតបាតសម្រាប់ភ្ញៀវអង្គុយ
១២ កៅអី និងបំពាក់អាវពោងសុវត្ថិភាពជាស្រេច
អ្នកបើកទូកបទពិសោធច្រើនឆ្នាំ បានប្រាប់ថា ទូកកម្សាន្ដនេះអាចផ្ទុកមនុស្ស
១២ នាក់ចុះក្រោម ជាមួយនឹងដំណើរកម្សាន្ដមួយជើងមានតម្លៃ ១៦ ដុល្លារ។
ប្រសិនបើលោកអ្នកជាមនុស្សខ្លាចទឹក
ឬមិនចង់ចំណាយប្រាក់សម្រាប់សមាជិកកម្សាន្ដតិចតួច មិនថ្វីទេ
លោកអ្នកអាចធ្វើដំណើរតាមផ្លូវគោកលើស្ថានភាពផ្លូវរាងពិបាកបន្ដិច
ជាពិសេស សម្រាប់រថយន្ដធនតូច។
ទោះជាយ៉ាងណាក៏ដោយ
ក៏ភ្ញៀវទេសចរគេចមិនផុតពីការបង់ប្រាក់នៅច្រកផ្លូវទៅកាន់ទឹកធ្លាក់ឡើយ
ដោយក្នុងរថយន្ដមួយគ្រឿងមានតម្លៃ ៧ ពាន់រៀល។
ទៅដល់រមណីយដ្ឋានទឹកធ្លាក់តាតៃ
អ្នកមិនបារម្ភថា ភ្ញៀវច្រើនពេកពិបាករកទីកន្លែងងូតទឹកលេងនោះទេ។
ទិដ្ឋភាពក្នុងរូបភាពបានបង្ហាញយ៉ាងច្បាស់ថា
ទឹកធ្លាក់ជាច្រើនដំណាក់ក្នុងវិសាលភាពដ៏ធំល្វឹងល្វើយពន្លាតទីកម្សាន្ដកាន់តែធំសម្រាប់ភ្ញៀវចុះស្រោចស្រពប្រាណ។
ពិតជាចែកដាច់គ្នាណាស់
សម្រាប់អ្នកមកកម្សាន្ដតាមមធ្យោបាយធ្វើដំណើរផ្សេងៗគ្នានោះ។
ខាងឆ្វេងដៃនៃរូបភាពគឺក្រុមភ្ញៀវធ្វើដំណើរតាមផ្លូវគោក
ខណៈឯនាយស្ដាំដៃគឺជាភ្ញៀវជិះទូកកម្សាន្ដពីគល់ស្ពានតាតៃ។
ប្រសិនបើអ្នកធ្វើដំណើរតាមរថយន្ត
និងតាមទូកសម្លឹងឃើញគ្នាក្នុងបំណងចង់ជួបភ័ក្ត្រ
គ្នាឲ្យកាន់តែស្និទ្ធ នោះប្រាកដជាគ្មានផ្លូវឡើយ
ដោយសារតែសន្ធឹកទឹកហូរខ្លាំងមិនអាចឲ្យអ្នកដើរឆ្លងរកគ្នាបានឡើយ៕
No comments:
Post a Comment