នៅរដូវវស្សាទឹកទន្លេ ឡើងខ្លាំង បង្កើតបានជាសោភ័ណភាពផ្សែងអ័ព្ទចេញពីទឹកធ្លាក់យ៉ាងគំហុក ឯនៅរដូវប្រាំងទឹកស្រកសណ្តកខ្លាំងរំលេចផ្ទាំងថ្មរដិបរដុបដែលមានទឹកហូរធ្លាក់គួរឱ្យចង់ទស្សនា ។ នេះគឺជាសម្រស់ធម្មជាតិល្បាក់ «ខោន» នៃដងទន្លេមេគង្គ ។
ល្បាក់ខោនស្ថិតក្នុងឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាប់ព្រំប្រទល់ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ។ ល្បាក់ខោនជាល្បាក់ទឹកធម្មជាតិធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលអ្នកទេសចរជាតិ និងអន្តរជាតិប្រាថ្នាទៅកម្សាន្ត ។
នៅរដូវប្រាំងល្បាក់ខោនមានសោភ័ណភាពស្រស់ត្រកាល ដោយទឹកហូរចន្លោះផ្ទាំងថ្មតូចធំ ព្រមទាំងមានរុក្ខជាតិដេរដាសខៀវស្រងាត់ ។ ធម្មជាតិដ៏ប្រណីតនេះគាប់ចិត្តចំពោះអ្នកទេសចរដែលទៅកម្សាន្តយ៉ាងខ្លាំង ។
កាលពីច្រើនឆ្នាំមុនកម្រមានអ្នកទេសចរទៅកម្សាន្តនៅល្បាក់ខោនណាស់ ប៉ុន្តែតសៀវភៅមគ្គុទេ្ទសទេសចរណ៍ភូមិភាគឦសានឱ្យដឹងថា បច្ចុប្បន្នអ្នកទេសចរចាប់ផ្តើមចាប់អារម្មណ៍ទៅកម្សាន្តនៅទីនោះហើយ ៕
ស្ទឹងត្រែង គឺជាខេត្តមួយស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជាមានចំងាយ៤៤៥គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៧។ ទោះបីខេត្តនេះ ពុំសូវមានរមណីយដ្ឋានវប្បធម៌ក៏ពិតមែន តែសំបូរដោយរមណីយដ្ឋានធម្មជាតិមានព្រៃព្រឹក្សា ព្រែក ស្ទឹង ទន្លេ ដែលពោរពេញទៅដោយល្បាក់ទឹកហូរ ជ្រោះទឹកធ្លាក់ ពពួកសត្វស្លាប សត្វព្រៃនានា និងជាតំបន់មច្ឆជាតិពងកូនដ៏សំបូរបែបសំរាប់ភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកំសាន្ត និងមកលំហែកាយស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធទៀតផង។ ក្រោមការដឹកនាំដ៏ឈ្លាសវៃនៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ សមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយនៅលើទឹកដីខេត្តនេះ គឺស្ពានមិត្តភាពកម្ពុជា-ចិន ហៅស្ពានសេកុងមានប្រវែង១.០៥៧ម៉ែត្រ ឆ្លងកាត់ក្រុងស្ទឹងត្រែងឆ្ពោះទៅព្រំដែនឡាវ។ នេះជាការផ្តល់នូវសក្តានុពលមួយដល់តំបន់នេះសំរាប់ការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច។
ភ្ញៀវទេសចរអាចធ្វើដំណើរតាមស្ពាននេះបន្តទៅមុខប្រមាណជា៦០គីឡូម៉ែត្រទៀត នឹងបានឃើញរមណីយដ្ឋានមួយឈ្មោះថា ល្បាក់ខោន ឬទឹកធ្លាក់សុភមិត្រ ស្ថិតនៅទន្លេមេគង្គក្នុងភូមិសាស្ត្រឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ និងឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៧នៅសល់ប្រហែល២០គីឡូម៉ែត្រពីព្រំដែនឡាវ ហើយបត់ឆ្វេងតាមផ្លូវលំរហូតដល់ឃុំអូរស្វាយ រួចជិះទូកសហគមន៍ទៅកាន់ឃុំព្រះរំកិលដែលនៅទីនោះមានផ្ទះសំណាក់សំរាប់បំរើដល់ភ្ញៀវផងដែរ។ អ្នកទេសចរទាំងឡាយដែលបានស្នាក់នៅក្នុងសហគមន៍នឹងបានឃើញពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់របស់អ្នកភូមិ ជាពិសេសទៅទៀតសហគមន៍របស់គេនឹងនាំភ្ញៀវធ្វើដំណើរកំសាន្ត គយគន់សំរស់ធម្មជាតិរហូតដល់ទឹកធ្លាក់តែម្តង។
ទឹកធ្លាក់ល្បាក់ខោន ឬសុភមិត្រ ដែលមានទីតាំងស្ថិតនៅភាគខាងជើងនៃមាតុភូមិកម្ពុជាត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ទីនោះជាកន្លែងដែលទឹកទន្លេមេគង្គបានហូរធ្លាក់យ៉ាងគំហុកកាត់តាម ថ្មដាដែលមានកំពស់រហូតដល់២៦ ម៉ែត្រ ហើយក៏ជាព្រំសីមានៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវដែរ។ នៅរដូវវស្សាពេលកំរិតទឹកទន្លេបន្តឡើងខ្ពស់ដល់ចំណុចអតិបរមាល្បឿនទឹកហូរមានកំលាំងខ្លាំងជាទីបំផុតបង្កើតបានជាផ្ទាំងទស្សនីយភាពជាផ្សែងអ័ព្ទនៃទឹកពេញនភាល័យអមដោយសន្ធឹកទឹកធ្លាក់ឮខ្ទរញ័រអស់ប្រឹថពី។ ចំណែកនៅរដូវប្រាំងវិញល្បឿននៃទឹកហូរធ្លាក់មានការថមថយមកនៅត្រឹមចន្លោះផ្ទាំងថ្មរដិប រដុបដែលយើងអាចមើលឃើញដុំថ្មខ្លះមានរាងជាដុំពក ទាល និងស្រួចតាមធម្មជាតិ ធ្វើឱ្យផ្ទៃលំហនៃទីតាំងទឹកធ្លាក់នោះបានក្លាយជាទីវាលថ្មចំរុះពណ៌គួរជាទីគយគន់ក្រៃលែង។
តាមរយៈសៀវភៅមគ្គុទេសក៍ភូមិភាគឦ សានកម្ពុជាបង្ហាញថា កាលពីអតីតកាលកម្រមានអ្នកទេសចរធ្វើដំណើរមកកំសាន្តនៅល្បាក់ខោននេះណាស់ ទើបតែប៉ុន្មានឆ្នាំថ្មីៗនេះមានក្រុមទេសចរចាប់ផ្តើមធ្វើដំណើរកំសាន្តមកកាន់ ទីនេះ ប៉ុន្តែនៅមានចំនួនតិចនៅឡើយ ហើយភាគច្រើនពួកគេជាអ្នកស្រាវជ្រាវ។ ក្រុមអ្នកទេសចរចូលចិត្តធ្វើដំណើរទៅទីនោះដោយថ្មើរជើងជាងតាមទូក ព្រោះនៅរដូវប្រាំងតំបន់ល្បាក់ខោនគោក ចំណែកនៅរដូវវស្សាកន្លែងនោះ គឺជាតំបន់ទឹកធ្លាក់ហូរកួចឃើញផ្ទៃទឹកល្វឹងល្វើយហូរកាត់លើផ្ទៃទឹកទន្លេមេគង្គទាំងមូល។
ជាការពិតណាស់ស្ថានភាពនាពេលបច្ចុប្បន្ន ក្នុងតំបន់ដ៏មានសក្តានុពលនេះនៅមានបញ្ហាខ្លះៗទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ស្ពាន ពុំទាន់មានការរៀបចំឱ្យក្លាយទៅជាកន្លែងរម ណីយដ្ឋានដើម្បីបំរើវិស័យទេសចរណ៍នៅឡើយទេ ដោយសារគ្មានផ្លូវទៅដល់ទីនោះ។ ស្ថានភាពធ្វើដំណើរទៅទស្សនារបស់ភ្ញៀវនាពេលបច្ចុប្បន្នអាចធ្វើទៅបានតែនៅរដូវប្រាំងចាប់ពីខែធ្នូ ដល់ខែមេសា ឬខែឧសភា ហើយមធ្យោបាយធ្វើដំណើរ គឺប្រើទូក និងថ្មើរជើង។
ដោយផ្អែកលើយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដែលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយជួយរកប្រាក់ ចំណូលយ៉ាងច្រើន និងជួយកាត់បន្ថយភាពក្រីក្រផងនោះ ក្នុងនាមមន្ទីរទេសចរណ៍ខេត្ត ស្ទឹងត្រែងក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុង ឃុំព្រះរំកិល សូមសំណូមពរដល់រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់មេត្តាយកចិត្តទុកដាក់ក្នុងការស្វែងរកក្រុមហ៊ុន ឬអ្នកវិនិយោគដើម្បីមកអភិវឌ្ឍន៍តំបន់នេះឱ្យក្លាយជាតំបន់ទេសចរណ៍មួយប្រកបដោយភាពទាក់ទាញជួយឱ្យប្រជាជន ដែលរស់នៅតាមបន្ទាត់ព្រំដែនមានមុខរបរ ដើម្បីចិញ្ចឹមគ្រួសារតាមរយៈការអភិវឌ្ឍន៍តំបន់នោះផង៕
No comments:
Post a Comment