រមណីយដ្ឋានទឹកឆា និងក្បាលទឹក ជាតំបន់ទេសចរណ៍ដែលមានសក្ដានុពលភាព - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Friday, June 10, 2016

រមណីយដ្ឋានទឹកឆា និងក្បាលទឹក ជាតំបន់ទេសចរណ៍ដែលមានសក្ដានុពលភាព

កំពង់ចាម​៖ រមណីយដ្ឋាន​ទឹកឆា ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ក្រូច ស្រុក​ព្រៃឈរ ខេត្តកំពង់​ចាម ដែលមាន​ចម្ងាយ​ប្រមាណ​៤២​គីឡូម៉ែត្រ ពី​ក្រុង​កំពង់ចាម ។  ភ្ញៀវទេសចរ​អាច​រីករាយ ក្នុង​ការលេងទឹក ដែលមាន​ប្រភព​មកពី​ទឹកផុស​ពី​ក្នុង​ដី ហើយ​វា​ជា​ភាព​ទាក់ទាញ​យ៉ាងសំខាន់​សម្រាប់​តំបន់​មួយ​នេះ ដែល​គេ​ហៅថា ក្បាលទឹក​។ 
​     ​លោក ស៊ាន សុគុណ ប្រធាន​មន្ទីរ​ទេសចរ​ខេត្តកំពង់ចាម​បានបញ្ជាក់​ឲ្យ​ដឹង​ពី​ទីតាំង​ភូមិសាស្ត្រ​ថា តំបន់​ទឹកឆា​នេះ ខាងជើង​គឺជា​ខ្ពង់រាប មាន​កូនភ្នំ​មួយចំនួន​នៅជាប់​មាត់ទឹក ។ នៅ​ជុំវិញ​តំបន់​នេះ មាន​ព្រែក​ធំៗ ជាច្រើន​ហូរ​ចាក់ ដូចជា​ព្រែក​កំពង់​សា​ជាដើម ។

​     ​ផ្នែក​ខាងត្បូង គឺជា​ទំនាប​ដែលជា​ជំរាល ពី​ខ្ពង់រាប ផ្នែក​ខាងជើង​ទំនាប​នេះ គឺជា​ផ្ទៃ​បឹង​ទឹកឆា ដែលជា​បឹង​ធម្មជាតិ​មួយ​ដ៏​ធំ ស្ថិតនៅ​ខាងជើង​នៃ​ស្រុក​ព្រៃឈរ និង​ជាទី​រមណី​ដ្ឋា​ន​ដែលជា​គួរ​ជាទី​ពេញចិត្ត​ដល់​អ្នក​ដែល​ចូលចិត្ត​ធម្មជាតិ ។
​     ​ទីនេះ​មាន ចរន្តទឹក​ហូរ​ខ្លាំង​មាន​ប្រភព​មកពី​កន្លែង​មួយ​ឈ្មោះថា ក្បាលទឹក ដែលមាន​ចម្ងាយ ២​គីឡូម៉ែត្រ នៅ​ខាងលិច​ភ្នំ​ធាតុ ។ តំបន់​នេះ​ជា​ចំណុច​ខ្ពស់បំផុត​នៃ​ខ្ពង់រាប​របស់​តំបន់ ដែលមាន​ប្រភពទឹក​ជាច្រើន​ហូរ​ចេញពី​ក្នុង​ដី ក្នុង​កន្លែង​មាន​ដើមឈើ​ធំៗ ។ បរិវេណ​ក្បាលទឹក​នេះ មាន​មាត្រដ្ឋាន​ប្រមាណ​ជា​២០០ ទៅ​៣០០​ម៉ែត្រ ។ ក្បាលទឹក​មួយ ស្ថិតនៅ​ភាគខាងត្បូង នៅក្នុង​បរិវេណ​នៃ​ក្បាលទឹក​នេះ មានទឹក​ផុសចេញ​គ្រប់ពេល ហើយ​ហូរ​បែកចេញ​តាម​កូន​អូរ​តូចៗ ដែល​នៅ​ជុំវិញ​នោះ ។ ទីប្រជុំ​ក្បាលទឹក​ទាំង​៣ នៅ​ជិតគ្នា​បង្កើតបានជា ប្រភពទឹក​មួយ​ហូរ​ចេញ​ដែលមាន​ជម្រៅ​កន្លះ​ម៉ែត្រ ។ ចរន្តទឹក​ហូរ​ស្មើ ទោះជា​នៅ​រដូវប្រាំង ឬ​វស្សា​ក៏ដោយ លើកលែងតែ​ពេល​ភ្លៀង​ខ្លាំង និង​ទឹកជំនន់​ម្តងម្កាល ដែល​ធ្វើ​ឲ្យ​ចរន្តទឹក​ហូរ​ខ្លាំង​ខុសធម្មតា ។
​     ​ខ្សែទឹក​ដែល​ហូរ​ចេញ​មកនេះ មាន​ទំហំ​ពី​៨ ទៅ​១០​ម៉ែត្រ បន្ទាប់មក​ហូរ​ធ្លាក់ សំដៅទៅ​ទិស​ខាងលិច បញ្ចេញ​ជា​ស្នូរ ។ ពេល​ទឹក​ហូរ​មកដល់​ទំនាប​កណ្តាល ដែលមាន​ទ្វារ​ទឹក​ពីរ​ធំៗ សង់​នៅ​សម័យ​សង្គមរាស្ត្រនិយម ។ ទឹកបាន​ហូរ​ធ្លាក់​ទៅ​ផ្ទៃ​បឹង ខាងលិច​ធ្វើ​ឲ្យ មាន​ស្នូរ ។ ទ្វារ​ទឹក​ទីមួយ​សាង​សង់​វារីអគ្គិសនី​ខ្នាតតូច រួមជាមួយ​ថាមពល​ពន្លឺព្រះអាទិត្យ មាន​កម្លាំង ១១០​គីឡូវ៉ាត់ម៉ោង ជា​អំណោយ របស់​រាជ​រដ្ឋា​ផិ​បាលជ​ប៉ុន ។ តំបន់​នេះ​មាន​បន្សល់​នូវ​សំណល់​ប្រាសាទបុរាណ​ជាច្រើន ។ ប្រាសាទ​ដែល​សមខាន់​ជាងគេ គឺ​បោស​ព្រះនន់ និង​គុក​តូច បោស​ព្រះនន់ ឬ​គុក​ធំ ឬ​ប្រាសាទ​ស្រី និង​គុក​តូច ឬ​ប្រាសាទ​ប្រុស ។​

​​     ​លោក ប្រធាន​មន្ទីរ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៤​នេះ ខេត្តកំពង់ចាម បានទទួល​ភ្ញៀវទេសច​រ ជាតិ អន្តរជាតិ​មក​ទស្សនា​កំសាន្ត​ចំនួន ២៣ ៥០០០​នាក់ កើនឡើង​ជាង​ឆ្នាំ​២០១៣  ​។
​     ​រមណីយដ្ឋាន​ធម្មជាតិ​ទឹកឆា ក៏​ជា​សក្ដានុពល​ដ៏​ទាក់ទាញ​យ៉ាងសំខាន់​សម្រាប់​ភ្ញៀវទេសចរ ជាតិ អន្តរជាតិ អាចមក​ស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ពី​បុរាណកាល ។ ម្យ៉ាងទៀត​ដោយសារ​ខេត្ត​មាន​សន្តិសុខ​ល្អ ក្រោម​ការយកចិត្តទុកដាក់​ការពារ ផ្តល់នូវ​សុវត្ថិភាព​ពី​អាជ្ញាធរខេត្ត សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​នគរបាល​ទេសចរណ៍ ប្រចាំការ​បានល្អ ក្នុង​តំបន់​នេះ​ផងដែរ ៕



No comments:

Post a Comment