ការស្រាវជ្រាវបែបវិទ្យាសាស្ត្របានបង្ហាញថា សារធាតុចិញ្ចឹមសំខាន់ដែលធ្វើឱ្យប៉េងប៉ោះមានពណ៌ក្រហមស្រស់ស្អាតអាចជួយបង្កើនសមត្ថភាពផ្តល់កំណើតសម្រាប់បុរសគ្រប់រូបបាន ។
នៅក្នុងរបាយការណ៍បោះពុម្ភផ្សាយដោយ Cleveland Clinic នៅរដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិកបានបញ្ជាក់ថា លីកូប៉ែនជាសារធាតុចិញ្ចឹមយ៉ាងសំខាន់របស់ផ្លែប៉េងប៉ោះមានសមត្ថភាពជួយកែលំអការផ្តល់កំណើត និងគុណភាពទឹកកាមរបស់បុរស ។ វាជួយបង្កើនល្បឿនហែលរបស់មេជីវិតឈ្មោល ព្រមទាំងកាត់បន្ថយបរិមាណមេជីវិតឈ្មោលណាដែលខុសពីប្រក្រតីឬមិនគ្រប់លក្ខណៈ ។
បន្ថែមពីនេះទៀត លីកូប៉ែនអាចជួយបង្កើនចំនួនកោសិកាបន្តពូជឈ្មោលបានដល់៧០ភាគរយផងដែរ ។
លោក Ashok Agarwal អ្នកដឹកនាំការសិក្សានិងជានាយកគ្រប់គ្រងផ្នែកឱសថបន្តពូជប្រចាំ Cleveland Clinic បានថ្លែងថា វាជាផ្នែកនៃគំរូទូទៅមួយដែលបង្ហាញថា សារធាតុចិញ្ចឹមលីកូប៉ែនផ្តល់អត្ថប្រយោជន៍ចំពោះសរីរាង្គបន្តពូជបុរស ។ លោកបន្តថា ចាំបាច់ត្រូវបង្កើតឱ្យមានការពិសោធធំជាងនេះដើម្បីវិភាគពីប្រសិទ្ធភាពលីកូប៉ែនលើសមត្ថភាពផ្តល់កំណើតរបស់បុរស ។ មួយវិញទៀត ការសិក្សាលើកក្រោយចាំបាច់ត្រូវបែងចែកថាតើអ្នកជំងឺក្រុមណាមួយដែលនឹងទទួលបានអត្ថប្រយោជន៍ធំធេងពីការព្យាបាលមានន័យថា យើងចាំបាច់ត្រូវប្រៀបធៀបឱសថលីកូប៉ែនដែលប្រើលើបុរសអសមត្ថភាពផ្តល់កំណើត ។
ដោយឡែក ការសិក្សាមួយផ្សេងទៀតបានរកឃើញថា សារធាតុចិញ្ចឹមលីកូប៉ែនអាចជួយកាត់បន្ថយឱកាសកើតមានជំងឺទាំងឡាយរបស់ប្រូស្តាត (ក្រពេញផលិតទឹកកាម) និងព្រមទាំងអាចបន្ថយល្បឿនឬក៏រំលាយចោលតែម្តងនូវដំណើរវិវឌ្ឍទៅជាជំងឺមហារីក ៕
No comments:
Post a Comment