វិធីសាស្ត្រ ៨
យ៉ាងសម្រាប់ទាក់ទាញទឹកចិត្តភរិយា
វិធីសាស្ដ្រនៅក្នុងការទាក់ទាញទឹកចិត្ដភរិយាឱ្យបាក់ចិត្ដ
ស្រឡាញ់ស្លុងមកលើរូបបុរសដែលជាស្វាមីនោះគឺវាពុំមានអ្វីដែល
ពិបាកធ្វើនោះទេ គ្រាន់តែអនុវត្ដ និងប្រកាន់ខ្ជាប់នូវចំណុចមួយចំនួនដូចខាងក្រោមនេះនោះក្ដីស្រមៃ
របស់បុរសទាំងឡាយនឹងបាន ទទួលផ្លែផ្កាជាក់ជាមិនខានឡើយ។
1 . ត្រូវមានទំនួលខុសត្រូវលើគ្រួសារ
បុគ្គលជាស្វាមី គឺជាមនុស្សម្នាក់ដែលមានតួនាទីសំខាន់បំផុតនៅក្នុងគ្រួសារ ហើយក៏ជាទីពំនឹងមួយរបស់ភរិយានិងកូនៗ ទាំងអស់។ ក្នុងនាមជាបង្គោលមេគ្រួសារ ត្រូវចេះប្រមើលមើលឱ្យគ្រប់ជ្រុងជ្រោយអំពីស្ថានភាពគ្រួសារនិង សេចក្ដីត្រូវការរបស់ គ្រួសារ ហើយជាពិសេសត្រូវគិតថា តើប្រពន្ធត្រូវការអ្វី កូនត្រូវការអ្វីនិងថាតើត្រូវធ្វើយ៉ាងណាដើម្បីបំពេញនូវតម្រូវ ការទាំងអស់ នោះ។
2 . ត្រូវយកចិត្ដទុកដាក់ចំពោះភរិយា
ធម្មតាស្ដ្រីជាភរិយាមានសេចក្ដីសុខបំផុត នៅពេលដែលបុរសជាស្វាមីយកចិត្ដទុកដាក់ថ្នាក់ថ្នមនិងផ្ដល់ភាពកក់ ក្ដៅ។ ស្វាមី ត្រូវចេះយកចិត្ដភរិយា ព្រោះស្ដ្រីជាភរិយានាងមានភារកិច្ចជាច្រើនដើម្បីបំពេញចំពោះ គ្រួសារ។ ភរិយាមានការពេញចិត្ដ និងរឹតតែ ស្រឡាញ់ប្ដីខ្លួនទ្វេដង កាលណាបើប្ដីចេះដឹងពីទុក្ខធុរៈ យល់ពីអារម្មណ៍ ចេះដឹងពីអ្វីគួរធ្វើនិងអ្វីដែលមិនគួរធ្វើចំពោះភរិយា ព្រម ទាំងគ្រួសារ។ ការព្រួយបារម្ភចំពោះភរិយាក៏ជាកត្ដាមួយសំខាន់ផងដែរ។ នៅពេលដែលភរិយាមានរឿងអ្វីមួយ ស្រាប់តែបុរសជាប្ដី មិនសួរនាំអ្វីទាំងអស់អំពីសុខទុក្ខប្រពន្ធនេះជាទង្វើមួយដែល ធ្វើឱ្យប្រពន្ធមានការអាក់អន់ចិត្ដ និងមានអារម្មណ៍ថាប្ដីមិនស្រឡាញ់ ខ្លួនជាដើម។ ភាពអាក់អន់ចិត្ដនេះចេះតែកើនឡើងជារៀងរាល់ថ្ងៃហើយចេះតែរក្សា ទុកនូវទង្វើខុសរបស់ស្វាមីរហូត ដល់ថ្ងៃណាមួយ នឹងធ្វើឱ្យអ្នកទាំងពីរអាចមានការរកាំរកូសដាក់គ្នា ឈ្លោះប្រកែកគ្នាឬអាចឈានទៅរកការលែងលះគ្នាក៏ថាបាន។
3 . ត្រូវមានភាពស្មោះត្រង់
ស្វាមី និងភរិយាត្រូវរួមរស់ រួមទុក្ខលំបាកជាមួយគ្នាអស់មួយជីវិត។ ដើម្បីឱ្យភរិយាយល់ចិត្ដ ស្រឡាញ់និងមានភក្ដីភាព លុះត្រាតែបុរសជាស្វាមីមានភក្ដីភាព និងភាពស្មោះត្រង់ចំពោះភរិយាជាមុន។ មិនត្រូវមានចិត្ដផិតក្បត់ប្រពន្ធទៅធ្វើរឿងអ្វីមួយដែល មិនគប្បីចំពោះប្រពន្ធនោះទេ។ ជាពិសេសមិនត្រូវមានលាក់លៀម ភូតកុហកសូម្បីតែរឿងតូចតាចយ៉ាងណាក៏ដោយ។ មានរឿងអ្វី មួយ ត្រូវចេះពិភាក្សាគ្នារកចំណុចមួយដែលត្រឹមត្រូវបំផុតរកមធ្យោបាយ មួយដែលអាចដោះស្រាយទៅបានដោយសន្ដិវិធី ដោយមិន មានជម្លោះកើតឡើង។
4 . ត្រូវមានភាពអធ្យាស្រ័យ
គ្រួសារដែលមានសុភមង្គលទៅបានលុះត្រាតែចេះគោរពគ្នាទៅវិញទៅ មកនិងចេះអធ្យាស្រ័យចំពោះគ្នាទៅវិញទៅមក។ ភាពអធ្យាស្រ័យរបស់ស្វាមីចំពោះភរិយាគឺជានិន្នាការមួយដែលប្រកប ទៅដោយសុច្ឆន្ទៈដ៏ប្រសើរបំផុតនៅក្នុងជីវិតជាភរិយាស្វាមី។ ធម្មតាអណ្ដាតនិងធ្មេញនៅជាមួយគ្នារាល់ថ្ងៃនៅមានប៉ះទង្គិចគ្នា ដូចគ្នានឹងការរស់នៅជាមួយគ្នាជាប្ដីប្រពន្ធតែងតែមានទាស់សម្ដី គ្នា ចៀសមិនផុត។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយចុះបុគ្គលជាស្វាមីមិនត្រូវសម្ដែង ចេញនូវកំហឹងទាំងកំរោលដាក់ភរិយានោះទេ។ មិនត្រូវគិតថាខ្លួនជាអ្នកត្រូវជានិច្ចនោះទេ ការស្គាល់ពីកំហុសខ្លួននិងរកដំណោះស្រាយដើម្បីសុភមង្គលគ្រួសារគឺ ប្រសើរបំផុត។ បែប នេះភរិយាច្បាស់ជាស្រឡាញ់លោកអ្នកទ្វេដង បាត់មុខមិនបានជាមិនខានឡើយ។
5 . ត្រូវផ្ដល់សិទ្ធិសេរីភាពឱ្យភរិយា
ទោះបីលោកអ្នកជាបង្គោលដ៏រឹងមាំ ជាអ្នកទ្រទ្រង់គ្រួសារ ជាអ្នកទទួលបន្ទុកក្នុងគ្រួសារយ៉ាងណាក៏ដោយដាច់ខាត់មិនត្រូវ មានភាពផ្ដាច់ការចំពោះភរិយានោះឡើយ។ លើសពីនេះទៅទៀតត្រូវផ្ដល់នូវសិទ្ធិសេរីភាពដល់ភរិយាខ្លះទើប ប្រសើរព្រោះភរិយា របស់លោកអ្នកគឺជាមនុស្សម្នាក់ដែលជាដៃគូមួយរួមសាងអនាគតជាមួយលោក អ្នកអស់មួយជីវិត។ ដូច្នេះគប្បីត្រូវឱ្យតម្លៃ និងគោរព សិទ្ធិគ្នាទៅវិញទៅមក និងត្រូវសំយោគរាល់មតិគំនិតរបស់ភរិយាដែលបានផ្ដល់យកមកគិតពិចារ ណា។ ជាការពិតណាស់ ជាទូទៅបុរស ជាស្វាមីមិនដែលចង់ឱ្យភរិយារបស់ខ្លួនមានសិទ្ធិសេរីភាពស្មើខ្លួន ឡើយ។ ប៉ុន្ដែយើងត្រូវតែដឹងថា ធម្មតាសេរីភាពរបស់បុរសវាច្រើន ហួសពីស្ដ្រីពេកទៅហើយ។ បើដូច្នោះត្រូវឱ្យសេរីភាពទៅលើភរិយាខ្លះក៏មិនថ្វីដែរ។
6 . ត្រូវរៀបចំខ្លួនឱ្យបានសមរម្យ
ក្នុងនាមខ្លួនជាអ្នកដឹកនាំ ទ្រទ្រង់គ្រួសារ គប្បីត្រូវចេះរៀបចំខ្លួនឱ្យបានត្រឹមត្រូវ ទោះបីនៅចំពោះមុខគេឯងឬភរិយារបស់ខ្លួនក៏ដោយ ទាំងសម្លៀកបំពាក់ ទាំងកាយវិការ។ មិនត្រូវធ្វើខ្លួនដូចជាស្ដេចឬអ្នកបម្រើចំពោះភរិយាជ្រុលពេកនោះ ទេ។ ទោះ បីជាលោកអ្នកមានភាពមមាញឹកជាមួយការងារយ៉ាងណាក្ដី ក៏ត្រូវមានពេលវេលាខ្លះក្នុងការថែរក្សារូបរាងរបស់ខ្លួនដែរ។ ស្ដ្រីក៏មិន ខុសពីបុរសដែរ។ នៅពេលចេញដំណើរទៅណាមកណា តែងតែចង់បាននូវការសរសើរពីសំណាក់ខាងក្រៅថាដៃគូរបស់ខ្លួន ស្រស់ស្អាត សមសួន។
7 . ត្រូវឈ្លាសវៃក្នុងការទំនាក់ទំនង
គ្រប់ស្ដ្រីទាំងអស់ គឺចង់បានណាស់នូវបុរសដែលមានភាពក្លាហាន ឈ្លាសវៃមកធ្វើជាគូអនាគត។ ដូច្នេះនៅពេលលោកអ្នក ក្លាយខ្លួនទៅជាស្វាមីរបស់គេ បើចង់ឱ្យភរិយាគោរពស្រឡាញ់ ត្រូវមានគំនិតច្នៃប្រឌិតខ្ពស់ចេះបត់បែនតាមកាលៈទេសៈ។ មិនត្រូវធ្វើ ជាបុរសដែលចាំតែស្ដ្រី ជាប្រពន្ធដឹកមុខដើរនោះទេ។ ប្ដីត្រូវតែជាមេគំនិតមួយយ៉ាងសំខាន់សម្រាប់ដោះស្រាយហេតុការណ៍ អ្វីមួយជាក់ ស្ដែង។ ស្ដ្រីគ្រប់រូបមិនចូលចិត្ដស្វាមីណាដែលល្ងង់ជាងខ្លួន មិនចេះធ្វើអ្វីទាំងអស់ចេះតែអឺអើតាមភរិយា ដោយគ្មានការគិតពិចារណា អ្វីបន្ដិចសោះនោះទេ។ បុរសជាស្វាមីដាច់ខាតត្រូវតែមានភាពវៃឆ្លាតប៉ិនប្រសព្វចំពោះ កិច្ចការផ្សេងៗ ដែលទាមទារឱ្យមានការទំនាក់ ទំនងជាមួយសង្គមខាងក្រៅជាចាំបាច់។
8 . ត្រូវមានសមត្ថភាពទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ
ចំណុចនេះ គឺជាប្រការមួយយ៉ាងសំខាន់បំផុត ដែលបុរសជាប្ដីចាំបាច់ត្រូវតែមានដែលខានពុំបាន។ ស្វាមីត្រូវមានសមត្ថភាព គ្រប់គ្រាន់នៅក្នុងការផ្គត់ផ្គង់ស្ថានភាពគ្រួសារទាំងស្រុង។ ទោះបីជាភរិយាមានចំណូលហើយក្ដីក៏បុរសជាស្វាមីត្រូវមានកាតព្វ កិច្ច ទំនុកបម្រុងរាល់ចំណូលចំណាយរបស់គ្រួសារ។ ត្រូវមានទំនួលខុសត្រូវចំពោះសេចក្ដីត្រូវការនិងសេចក្ដីចង់បាន របស់គ្រួសារ រួមមាន តម្រូវការរបស់ភរិយា និងតម្រូវការរបស់កូន។
No comments:
Post a Comment