ភ្លេងគងស្គរ គឺជាទម្រង់សិល្បៈមួយ កម្រឮណាស់នៅស្រុកខ្មែរសព្វថ្ងៃ គឺនៅមានប្រគំតែក្នុងភូមិ មួយចំនួនប៉ុណ្ណោះ នៅភូមិភាគពាយ័ព្យ ។ វង់ភ្លេងគងស្គរ អាចប្រើឧបករណ៍ផ្សេងៗ តាមតំបន់បាន ក៏ប៉ុន្តែគ្រប់វង់ភ្លេង សុទ្ធតែមានស្គរធំមួយ និងគងធំមួយ ឬពីរផ្លែ ។
ឧទាហរណ៍នៅខេត្តកំពត ក្រុមគងស្គរច្រើនតែបន្ថែមឧបករណ៍ពីវង់ «ភ្លេងខ្មែរ» ចំណែកនៅខេត្តសៀមរាប គេប្រើគងមួយឈុតមានផ្លែពី៦ ទៅ៩ផ្លែ និងឧបករណ៍ស្រឡៃតូចមួយ ។ ទោះបីជាឧបករណ៍របស់ វង់ភ្លេងគងស្គរនានា មិនដូចគ្នាទាំងស្រុងទៅ នឹងវង់ភ្លេងខ្មែរខ្សែដេញរបស់ «ភ្លេងខ្មែរ» ក៏ដោយ ប៉ុន្តែបទភ្លេង ដែលប្រគំក្នុងវង់ភ្លេងគងស្គរ ច្រើនតែជាបទរបស់ភ្លេងការ និងភ្លេងអារក្ស ។
ក្រុមការងារស្រាវជ្រាវ របស់សិល្បៈខ្មែរអមតៈ បានចងក្រងជាសុីឌី កម្រងបទចម្រៀង ចំនួន១៣បទ រួមមាន ៖ ហោមរោង, ស្រងែ, កាច់ផ្កា, ត្រពាំងពាយ, ភ្នំស្រួច, បំពេ និងអុំទូក (សម្តែងដោយក្រុមព្រឹទ្ធាចារ្យ លីង ស្រី ខេត្តសៀមរាប) ត្រពាំងពាយ, ភ្នំស្រួច, បំពេ និងអុំទូក (សម្តែងដោយក្រុមព្រឹទ្ធាចារ្យ ស្រៃ ស្រិប ខេត្តសៀមរាប) ភ្លៀងរលឹម និងបទសំពៅថយ។
អ្នកខ្លះលើកឡើងថា ភ្លេងគងស្គរជាភ្លេង របស់ព្រះពុទ្ធសាសនា សម្រាប់ប្រគំក្នុងពិធី បុណ្យសព ដែលសមស្របទៅនឹង ការពិចារណាអំពីភាព មិនទៀងទាត់នៃជីវិតសត្វលោក ។ ចំណែកអ្នកខ្លះទៀតអះអាងថា ភ្លេងគងស្គរប្រៀបដូចជា បទបំពេចុងក្រោយនៃជីវិត គឺភ្លេងដែលជូនវិញ្ញាណក្ខន្ធ របស់អ្នកដែលបានស្លាប់ទៅ «ស្រុក» វិញ ដើម្បីឱ្យបដិសន្ធិនៅសុគតិភព ៕
ប្រភពមកពី កោះសន្តិភាព
No comments:
Post a Comment