ក្រុមគ្រូបង្រៀនមកពីតាមបណ្តាខេត្តនានា ជាង២០០នាក់ បានទាមទារដូចនឹងឆ្នាំមុនៗដែរ គឺការដំឡើងប្រាក់បៀវត្សគ្រូបង្រៀន ដើម្បីពង្រឹងគុណភាពអប់រំ នៅទីលានប្រជាធិបតេយ្យក្នុងព្រឹកថ្ងៃទី៥ ខែតុលានេះ។ តែការទាមទារក្នុងឳកាសទិវាគ្រូបង្រៀនពិភពលោកនេះ គឺមិនមានសកម្មភាពច្រើនដូចឆ្នាំមុនៗនោះទេ ក្រោយពីអវត្តមានរបស់លោក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលបានក្លាយជាសមាជិកថ្មីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅឆ្នាំ២០១៥នេះ។
“ប៉ាអើយ! ធ្វើគ្រូជិតសែសិបឆ្នាំហើយ ល្មមមានខោអាវអី ត្រឹមត្រូវហើយ ទៅទីក្រុងនឹងគេនោះ។ ស្បែកជើងហ្នឹងសុទ្ធតែកូនវាជួយទិញ! នេះនិយាយពីការពិត សូមលោកដឹកនាំរដ្ឋាភិបាលមើលផង!” នេះជាការលើកឡើងនូវក្តីកង្វល់របស់តំណាងគ្រូបង្រៀន ជាសមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យមកពីតាមបណ្តាខេត្តនានា ទូទាំងប្រទេសកម្ពុជា។ ពួគាត់ទាំងនោះ មានគ្នាប្រមាណជាង២០០នាក់ ដោយមានអ្នកកាន់បរដាពណ៌លឿង ពណ៌ខៀង មានសរសេរអក្សរថា “ក្រពះឃ្លាន បង្រៀនមិនកើត” “ដំឡើងប្រាក់ខែ ១លាន៥០ម៉ឺនរៀន” និងប្រាក់ឧបត្ថមផ្សេងៗទៀត។ ពួកគាត់បាន ឈរនៅកណ្តាលទីលានប្រជាធិបតេយ្យ នៅព្រឹកម៉ោង៩នេះ មុនពេលដែលរៀបចំយកញត្តិដាក់ទៅរដ្ឋសភា រដ្ឋាភិបាល និងក្រសួងអប់រំ។
ក្នុងឳកាសប្រារព្ធទិវាគ្រូបង្រៀនឆ្នាំនេះ បានធ្វើឡើងក្រោមប្រធានបទ “ការលើកកម្ពស់អំណាចគ្រូបង្រៀន” គឺមិនមានការដើរដង្ហែរក្បួន ដូចឆ្នាំមុននោះទេ។ ដោយសារតែ សមាគមគ្រូបង្រៀនកម្ពុជា បានឯកភាពគ្នាជាមួយសាលារាជធានីភ្នំពេញរួចរាល់ហើយ ដើម្បីចៀសវាងការប៉ះពាល់ដល់ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ។ យ៉ាងណាមិញ បើទោះបីជាគ្មានការហែក្បូនក៏ដោយ ក្រុមគ្រូបង្រៀនបានចាត់តំណាងរបស់ខ្លួន១០នាក់ នាំយកញត្តិទៅដាក់នៅតាមស្ថាប័នពាក់ព័ន្ធខាងលើ ដោយមានការសហការពីសាលារាជធានីភ្នំពេញ។ សម្រាប់ឆ្នាំនេះ ក៏មិនមានវត្តមានរបស់លោក រុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យមកដឹកនាំទៀតដែរ។
ដើម្បីលើកកម្ពស់អំណាចគ្រូបង្រៀន និងគុណភាពអប់រំ សមាគមគ្រូបង្រៀនកម្ពុជា បានស្នើសុំចំនួន៩ចំណុច តាមរយៈញត្តិរបស់ខ្លួន ក្នុងនោះផ្តោតសំខាន់ លើការលុបបំបាត់អំពើពុករលួយ ដំឡើងប្រាក់បៀវត្ស និងប្រាក់អត្ថប្រយោជន៍ ដូចជាប្រាក់ឧបត្ថមកូន ប្រពន្ធជាដើម ត្រូវផ្តល់សាលារៀនទៅដល់តំបន់ជនបទ និងផ្តល់សិទ្ធិឲ្យគ្រូបង្រៀនបង្កើតសហជីព។
លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមតាមដានស្តាប់ការថ្លែងពីទុក្ខកង្វល់របស់គ្រូបង្រៀនបានឲ្យដឹងថា ការទាមទាររបស់គ្រូបង្រៀននៅពេលនេះ បើធ្វើមិនបាន នោះនឹងធ្វើឲ្យវិស័យអប់រំរបស់យើង មិនមានគុណភាពទេ។ លោកបន្ថែមថាកន្លងមក លោកក៏ធ្លាប់លើកឡើងពីបញ្ហានេះ ទៅកាន់គណៈកម្មការសភា និងសភាពេញអង្គផងដែរ ដើម្បីដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់ហេរញ្ញវត្ថុឆ្នាំ២០១៦។
លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំបានប្រាប់វិទ្យុបារាំងថា ក្រសួងបានទទួលញត្តិរបស់ពួកគាត់ហើយនៅព្រឹកថ្ងៃទី៥ តុលានេះ ហើយចំពោះការដំឡើងប្រាប់បៀវត្សវិញ ក្រសួងអប់រំបានធ្វើការដំឡើង២ដំណាក់កាលរួចរាល់ហើយ បច្ចុប្បន្នគ្រូកម្រិតបឋមសិក្សាមានប្រាក់បៀវត្សទាបបំផុត ៦២ម៉ឺនរៀល ទៅ ៨៤ម៉ឺនរៀលតាមអតីតភាពការងារ។ ចំណែកគ្រូឧត្តមសិក្សាមានប្រាក់បៀវត្សទាបបំផុត ៩២ម៉ឺនរៀល ទៅ ១លាន ២៧ម៉ឺនរៀល។
សូមបញ្ជាក់ថាសម្រាប់ឆ្នាំ២០១៥នេះ រដ្ឋាភិបាលកម្ពុជា នឹងរៀបចំប្រារព្ធទិវាគ្រូបង្រៀនអន្តរជាតិនៅថ្ងៃទី ៧ ខែតុលា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមប្រធានបទ “លើកកំពស់សក្តានុពលគ្រូបង្រៀន ដើម្បីកសាងសង្គមប្រកដោយនិរន្តរភាព៕”
ប្រភពព័ត៌មានៈ ពីវិទ្យុបារាំងអន្តរជាតិ RFI
No comments:
Post a Comment