ឆ្នាំ២០១៦ប្រាក់ខែគ្រូនឹងទទួលបានយ៉ាងតិច៨០ម៉ឺនរៀល - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Saturday, October 24, 2015

ឆ្នាំ២០១៦ប្រាក់ខែគ្រូនឹងទទួលបានយ៉ាងតិច៨០ម៉ឺនរៀល







ប្រមុខ​រដ្ឋាភិបាល ប្រកាស​ដំឡើង​ប្រាក់​ខែ​គ្រូបង្រៀន និង​មន្ត្រី​រាជការ​ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៦។ គ្រូបង្រៀន​ខ្លះ បង្ហាញ​ជំហរ​ស្ទាក់ស្ទើរ មិន​ទាន់​ទុក​ចិត្ត និង​ខ្លះ​ទៀត នៅ​មិន​ទាន់​ពេញ​ចិត្ត។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា រាជ​រដ្ឋាភិបាល​នឹង​ចាប់​ផ្ដើម​ដំឡើង​ប្រាក់​ខែ​ដល់​គ្រូបង្រៀន​កម្រិត​ទាប​បំផុត ឲ្យ​ដល់ ៨០​ម៉ឺន​រៀល​នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១៦។
លោក ហ៊ុន សែន ប្រកាស​ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ស្ពាន​មិត្តភាព​កម្ពុជា-ចិន ជ្រោយចង្វារ​ទី​២ នៅ​ព្រឹក​ថ្ងៃ​ទី​២២ តុលា ថា ការ​ដំឡើង​ប្រាក់​ខែ​នេះ នឹង​ធ្វើ​ឡើង​ជា​ពីរ​ដំណាក់​កាល៖ «ខ្ញុំ​ព្រះករុណា​ខ្ញុំ​ក៏​ចង់​បញ្ជាក់​ជូន​លោកគ្រូ​អ្នកគ្រូ និង​មន្ត្រី​រាជការ​បន្តិច​ដែរ ការ​ឡើង​បៀវត្ស​សម្រាប់​ឆ្នាំ​ក្រោយ គឺ​ឡើង​ពីរ​ដំណាក់​កាល។ ដំណាក់​កាល​ទី​១ នៅ​ខែ​មករា គឺ​ឡើង​មួយ​ដំណាក់​កាល។ អាច​ថា​ឡើង ៥០% ក្នុង​ចំនួន​ដែល​ត្រូវ​ឡើង​នេះ។ ដល់​នៅ​ក្នុង ៥០% ទៀត នឹង​ត្រូវ​ឡើង​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ។ ឧទាហរណ៍ គ្រូបង្រៀន​បច្ចុប្បន្ន គឺ ៦៤​ម៉ឺន បូក​ជាមួយ​នឹង ៨​ម៉ឺន ឬ ១២​ម៉ឺន​ទៅ​តាម​តំបន់។ ប៉ុន្តែ​ដល់​ឆ្នាំ​២០១៦ នឹង​ឡើង​ទៅ​ដល់ ៨០​ម៉ឺន។ ៨០​ម៉ឺន ៥០០ ដែល​ស្មើ​នឹង​ប្រហាក់​ប្រហែល ២០០​ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​គ្រូ​ទាប​បំផុត ទាំង​គ្រូ​មត្តេយ្យ និង​គ្រូ​បឋម។ ប៉ុន្តែ​ខែ​មករា ឡើង​ត្រឹម ៧០​ម៉ឺន»។
លោក ហ៊ុន សែន បញ្ជាក់​បន្ថែម​ថា ការ​ទុក​ប្រាក់​ខែ ៥០% ទៀត ដំឡើង​នៅ​ដំណាក់​កាល​ទី​២ ក្នុង​ខែ​មេសា មុន​ចូល​ឆ្នាំ​ខ្មែរ​នោះ គឺ​ដើម្បី​ទប់​កុំ​ឲ្យ​មាន​បន្ទុក​បញ្ចេញ​សាច់​ប្រាក់​ធំ​ពេក​ក្នុង​ពេល​តែ​មួយ។
ដំណឹង​អំពី​ការ​ដំឡើង​ប្រាក់​ខែ​នេះ ធ្វើ​ឲ្យ​គ្រូបង្រៀន​ខ្លះ​បញ្ចេញ​មតិ​រីករាយ​ផង និង​ស្ទាក់ស្ទើរ​ផង ដូចជា​អនុ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ប្រចាំ​ខេត្ត​សៀមរាប លោក ស៊ីម ពៅ យល់​ថា ទោះ​ជា​ប្រាក់​ខែ​គ្រូ​នឹង​ឡើង​ដល់​ចំនួន ៨០​ម៉ឺន​រៀល ស្មើ​នឹង ២០០​ដុល្លារ​នេះ ក៏​នៅ​តែ​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រូបង្រៀន ឲ្យ​ស្រប​តាម​តម្លៃ​ទំនិញ​ឡើង​ខ្ពស់​ទេ៖ «ទំនិញ​នៅ​បច្ចុប្បន្ន​នេះ​ឡើង​ថ្លៃ ហើយ​ការ​ចាយ​វាយ​លើ​ប្រាក់​ខែ​ហ្នឹង វា​អត់​គ្រប់គ្រាន់​ទាំងអស់។ អ៊ីចឹង​ការ​ដំឡើង​កម្រិត​ប៉ុណ្ណេះ វា​ដូចជា​នៅ​ស្ដួចស្ដើង​បំផុត មិន​ទាន់​អាច​បំពេញ​តម្រូវ​ការ​ទេ ហើយ​នាម​ខ្ញុំ​ជា​សមាជិក​នៃ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ខ្ញុំ​យល់​ថា គ្រូបង្រៀន​ទាំងអស់ គាត់​យល់​ដូច​ខ្ញុំ​ដែរ ព្រោះ​អី​នៅ​រាល់​ពេល​ប្រជុំ​ម្ដងៗ គាត់​តែង​តែ​និយាយ​អំពី​បញ្ហា​ប្រាក់​ខែ​នេះ​រហូត។ អ៊ីចឹង​បញ្ហា​ប្រាក់​ខែ​នេះ ជា​បញ្ហា​ចោទ​មួយ​ចំពោះ​គ្រូបង្រៀន ដែល​ធ្វើ​ឲ្យ​គុណភាព​នៃ​ការ​បង្រៀន​ចេះ​តែ​រយាល»។
លោក ស៊ីម ពៅ ឲ្យ​ដឹង​ថា ការ​ដំឡើង​ប្រាក់​ខែ​នៅ​ដើម​ឆ្នាំ​២០១៦ គឺ​ឡើង​ជិត ៥០% ខណៈ​ដែល​បច្ចុប្បន្ន​នេះ គ្រូបង្រៀន​ថ្នាក់​ទាប​ទទួល​បាន​ប្រាក់​ខែ​ជាង ៦០​ម៉ឺន​រៀល។ កាល​ពី​ពេល​កន្លង​មក គ្រូបង្រៀន​ធ្លាប់​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​គ្រូបង្រៀន​យ៉ាង​តិច ១​លាន​រៀល ដែល​ស្មើ​នឹង ២០០​ដុល្លារ។ លោក​ក៏​បារម្ភ​ខ្លាច​តែ​ប្រាក់​ខែ​ដំឡើង​នេះ យឺតយ៉ាវ​ដូច​ប្រាក់​ដទៃ​ទៀត​ដែរ។
ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ គ្រូបង្រៀន​ម្នាក់​ទៀត​នៅ​វិទ្យាល័យ នរោត្ដម រណឫទ្ធិ គន្ធបុប្ផា ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម លោក សយ ណារ៉ាន ថ្លែង​ថា លោក​មិន​សូវ​ជឿ​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ទេ៖ «ខ្ញុំ​អត់​មាន​ចិត្ត​រំភើប​អី​ជាមួយ លោក ហ៊ុន សែន ទេ ពីព្រោះ លោក ហ៊ុន សែន គាត់​តែង​តែ​ស្រែក​ដំឡើង​ប្រាក់​ខែ​ហ្នឹង​តាម​ទម្លាប់។ បើ​តាម​ខ្ញុំ​ចាំ គាត់​ភរ​គ្រូៗ​តាំង​ពី​ឆ្នាំ​១៩៨៥ មក​ម្ល៉េះ។ មិន​មែន​ទើប​តែ​ឥឡូវ​ទេ។ ឥឡូវ​ពីរ​ឆ្នាំ​ទៀត ជិត​បោះ​ឆ្នោត​ហើយ អ៊ីចឹង​គាត់​ភរ​តែ​រហូត​ហ្នឹង អ្វី​ដែល​គាត់​និយាយ​ទាំង​ប៉ុន្មាន ខ្ញុំ​អត់​សូវ​ជឿ​គាត់​ទេ»។
នៅ​ក្នុង​ពេល​នេះ​ដែរ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា ការ​ដំឡើង​ប្រាក់​ខែ​នៅ​ដើម​ឆ្នាំ​២០១៦ ក្រៅ​ពី​ប្រាក់​ខែ​គ្រូបង្រៀន គឺ​ឡើង​សម្រាប់​ទាំង​មន្ត្រី​រាជការ​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ៕

No comments:

Post a Comment