“លុយមិនសំខាន់ទេ សំខាន់គឺអត់លុយ”។ មួយឃ្លាទាក់ទងរឿងលុយនេះ ប្រហែលជាត្រូវចំ ចំណុចរសើបខ្លះហើយមើលទៅ ជាពិសេសយុវវ័យ ដែលកំពុងតែមានគូសង្សារកៀកកើយ ជារឿយៗការចំណាយពេលដើរលេងជាមួយសង្សារច្បាស់ជាកំពុងតែគំរាមកំហែងហើយមើលទៅ។ អ្នកណាក៏ដឹងដែរថា ឲ្យតែពេលចេញក្រៅដើរលេង ឬទៅញ៉ាំអីជាមួយសង្សារ ភាគច្រើនខាងប្រុសចេញមុខរហូត។ បើយ៉ាងហ្នឹងៗ តើមានតិចនិកអ្វីដែលអាច ជួយសន្សំសំចៃការចំណាយរបស់យុវវ័យឲ្យអស់តិចពេលមានសង្សារដែរឬទេ?
រូបតំណាង
បើចង់ដឹង សាកស្ដាប់យុវជនដែលធ្លាប់មានបទពិសោធន៍ជុំវិញបញ្ហានេះបន្តិចមើល៍ តើពួកគេនិយាយអ្វីខ្លះ?
លើកឡើងទាក់ទងជាមួយនឹងការចាយលុយឲ្យត្បិតត្បៀតនៅពេលដែលមានសង្សារ យុវជន គឹម ឈុន អាយុ២៥ឆ្នាំ អតីតនិស្សិតជំនាញព័ត៌មានវិទ្យានៃសាកលវិទ្យាល័យបៀលប៊្រាយបានបង្ហើបឲ្យដឹងថា៖ “អញ្ចឹងមែនហ្នឹង អ្នកដែលធ្លាប់មានសង្សារសុទ្ធតែនិយាយពីបញ្ហានេះគ្រប់គ្នាហ្នឹង តែសម្រាប់ខ្ញុំមានវិធីសាស្ត្រមួយ ដើម្បីទប់ទល់នឹងបញ្ហានេះ”។
ឈុន បន្ថែមថា ការពារប្រសើរជាងព្យាបាល យកសង្សារក៏ដូចគ្នាដែរ ត្រូវរកមើលអ្នកណាដែលមិនសូវចេះលេងខ្លួន ឡូយឆាយទើបល្អ។ មើលអ្នកណាដែលចូលចិត្តរៀនសូត្រ ព្រោះអ្នកស្រលាញ់ការសិក្សាគេមិនសូវខ្វាយខ្វល់ហ្នឹងការចំណាយលើការតុបតែងខ្លួនខ្ជះខ្ជាយពេកនោះទេ ហើយមានសង្សារជាអ្នករៀនសូត្រទៀតសោត គឺមិនសូវមានពេលជួបគ្នា ឲ្យចំណាយលុយអស់ច្រើនដែរ។
វិធីសាស្ត្រចង់ឲ្យចាយលុយអស់តិចមិនមែនមានតែប៉ុណ្ណឹងទេ សម្រាប់យុវជន លុច្ស ដារា អាយុ២៤ឆ្នាំ និស្សិតឆ្នាំទី៤នៃសាកលវិទ្យាល័យន័រតុន និយាយថា តែមានសង្សារ គឺជៀសមិនផុតពីការត្រូវចំណាយលុយនោះទេ សម័យនេះទៅហើយ មិនមែនដូចបទចម្រៀង “ទិញលៀសហាលប្រាំរយ ញ៉ាំពីរនាក់សង្សារបាននោះទេ”។
តែយើងជាប្រុសត្រូវឆ្លាតបន្តិចទើបបាន កុំសូវណាត់គេចេញក្រៅញឹកញាប់ពេក ហើយបើសិនជាចេញក្រៅ ត្រូវចេះជ្រើសរើសកន្លែងណាដែលមើលទៅទំនងថា ចំណាយអស់លុយតិច ដូចជាតែបៃតង អាហារសមុទ្រតាមផ្លូវ ឬនាំដើរផ្សារមើលឥវ៉ាន់ជាដើម។
ដោយឡែកយុវជន ចន្ទ្រា អាយុ២៥ឆ្នាំ និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់ពីគន្លឹះដើម្បីចាយលុយឲ្យអស់តិចនៅពេលមានសង្សារថា “ខ្ញុំមិនសូវនាំសង្សារទៅដើរលេង និងញ៉ាំអីនៅកន្លែងណាដែលថ្លៃៗនោះទេ គឺទៅម្ដងម្កាលប៉ុណ្ណោះ តែពេលទំនេរខ្ញុំចូលចិត្តនាំសង្សារទៅហាត់ប្រាណនៅតាមសួន និងស្តាតអូឡាំពិកអីហ្នឹង”។
ចន្ទ្រា ប្រាប់ទៀតថា មិនមែនមកពីខ្ញុំរិះថាំក្នុងការចាយលុយនោះទេ តែមកពីខ្ញុំមិនសូវមានលុយចាយ ហើយសង្សាររបស់ខ្ញុំក៏យល់ពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្ញុំដែរ ធ្វើដូចនេះចំណេញទាំងលុយ ហើយបានហាត់ប្រាណជាមួយសង្សារទៀតផង។
ជួបជាមួយយុវជន ហៃ តុលា អាយុ២៤ឆ្នាំ និស្សិតជំនាញអក្សរសាស្ត្រអង់គ្លេសនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាវិញ និយាយថា មានសង្សារពិតជាត្រូវចំណាយច្រើនជាងកាលនៅខ្លួនមួយមែនឲ្យតែជួបមុខគ្នា តិចច្រើនអីដឹងតែខាងប្រុសត្រូវអស់លុយរហូត។
“តែបើចង់ឲ្យចំណាយតិច ត្រូវចេះរៀបពេលណាត់ជួបគ្នា លៃយ៉ាងណាកុំសូវចេញក្រៅញឹកញាប់ពេក ហើយបើសិនជាមិនសូវមានលុយទេ គួរតែរកលេសថារវល់ទៅ សុខចិត្តឲ្យសង្សារខឹងក៏ខឹងចុះ ចាំលួងពេលក្រោយក៏មិនអីដែរ”។ តុលា បន្ថែមចុងក្រោយដូច្នេះ៕
ចុះមិត្តយុវវ័យវិញ មានធ្លាប់ប្រើតិចនិកខាងលើនេះដែរអត់?
ដកស្រង់ពីគេហទំព័រ សប្បាយ http://news.sabay.com.kh/article/30459
No comments:
Post a Comment