
អ្នកបើករថយន្តទេសចរណ៍ ជនជាតិវៀតណាម ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការ និងសម្រេចឃុំខ្លួនបណ្ណោះអាសន្នដើម្បីរង់ចាំការកាត់ក្តី។រហូតមកទល់ព្រឹកថ្ងៃទី ២០ ឧសភានេះ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏ធំ នៅក្នុងខេត្តស្វាយរៀងមានចំនួន ១៨នាក់ និងអ្នករងរបួសចំនួន ២១នាក់។ លោកអភិបាលខេត្តស្វាយរៀងបានឲ្យដឹងថា អ្នករបួសទាំង២១នាក់នោះ មាន១៦នាក់ កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ និង៥នាក់ទៀតសម្រាកនៅក្នុងមន្ទីរពេទ្យខេត្ត។
អ្នកបើកបររថយន្តប្រភេទទេសចរណ៍៤២កៅអី ជនជាតិវៀតណាម ដែលបានបើកវ៉ា ជែង បង្កគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀងកាលពីម្សិលមិញទាំងព្រឹកព្រលឹម ត្រូវបានតុលាការខេត្តសម្រេចឃុំខ្លួនបណ្តោះអាសន្ន ដើម្បីរង់ចាំការកាត់ក្តី។ លោក ជៀង អំ អភិបាលខេត្តស្វាយរៀង បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា ហេតុការណ៍នេះ ខាងម្ចាស់ក្រុមហ៊ុនរថយន្តក្រុងដែលបង្កហេតុនោះ នៅមិនទាន់ចេញមុខមកដោះស្រាយ និងផ្តល់សំណងដល់ជនរងគ្រោះនៅឡើយនោះទេ។
លោកអភិបាលខេត្តស្វាយរៀង បានបន្តថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏ធំ បានស្ថិតនៅដដែលដូចកាលពីល្ងាចម្សិលមិញគឺមានចំនួន១៨នាក់ និងអ្នករងរបួសធ្ងន់ស្រាលចំនួន ២១ នាក់។ ដោយឡែកអ្នករងរបួសធ្ងន់ចំនួន ១៦នាក់កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ហើយក្នុងនោះមានម្នាក់នៅមិនទាន់ដឹងខ្លួន នៅឡើយនោះទេ។ ហើយចំនែកឯ៥នាក់ផ្សេងទៀតកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ត។
ទាក់ទងនឹងការផ្តល់ជំនួយបន្ទាន់វិញ លោកអភិបាលខេត្តស្វាយរៀងបានលើកឡើងថា មេដឹកនាំ នៃស្ថាប័នជាតិកំពូលៗ ទាំងបី កាកបាទក្រហមកម្ពុជា និងសប្បុរសជនផ្សេងៗទៀតដែលបានឧបត្ថម្ភថវិការ ជាបន្ទាន់ជូនដល់ក្រុមគ្រួសារសព ជនរងគ្រោះ និងអ្នករងរបួសផងដែរ ដើម្បីចាត់ចែងធ្វើបុណ្យសព សម្រាប់គ្រួសារអ្នកស្លាប់។ ជាមួយគ្នានេះ បេឡាជាតិរបបសន្តិសុខសង្គមរបស់ក្រសួងការងារ ក៏បានផ្តល់ទឹកប្រាក់៤លានរៀលជូនដល់ក្រុមគ្រួសារសព និងចេញថ្លៃសេវាផ្សេងៗមួយចំនួនទៀត។
ចំពោះអ្នករងរបួសវិញ ខាងបេឡាជាតិរបបសន្តិសុខសង្គមនឹងចេញរាល់ថ្លៃព្យាបាលទាំង
អស់ រហូតដល់ពួកគាត់ជាសះស្បើយ។
សូមបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍ដ៏ធំនេះបានកើតឡើង កាលពីថ្ងៃទី ១៩ ឧសភា នៅក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង បង្កឡើយដោយរថយន្តក្រុងទេសចរណ៍ដឹកអ្នកដំណើរភ្នំពេញ ហូជីមិញ បានបុកពេញទំហឹងទៅលើរថយន្តដឹកកម្មករនៅខេត្តស្វាយរៀង ដែលបណ្តាលឲ្យស្លាប់១៨នាក់ និងរបួសធ្ងន់ស្រាល២១នាក់៕
ប្រភពពីវិទ្យុបារាំងអន្តរជាតិ Rfi
No comments:
Post a Comment