ផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Thursday, April 7, 2022

ផែនការអភិវឌ្ឍន៍ឃុំ សង្កាត់

 ផែនការ​ដែល​ល្អ គឺ​ជា​ផែនការ​មួយ​ដែល​មាន​បញ្ចូល​យុទ្ធសាស្ត្រ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ និង​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​របស់សហគមន៍​មូលដ្ឋាន ហើយ​មាន​ការទាក់ទាញ​អ្នក​ពាក់ព័ន្ធ​នានា​ ឲ្យ​ចាប់​អារម្មណ៍​គាំ​ទ្រ​ជួយ​កែ​លម្អ​ស្ថានភាព​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ សង្កាត់​។ ហេតុនេះ​នៅ​ពេល​កសាង​ផែនការ គណៈកម្មាធិការ​កសាង​ផែនការ​និង​ថវិកា និង​អ្នក​ពាក់ព័ន្ធ​នានា ត្រូវ​មានការពិចារណ​តាម​លំដាប់លំដោយ​៖

នៅ​រៀងរាល់​ឆ្នាំ ឃុំ សង្កាត់​នីមួយ​ៗ​មាន​​ថវិកា​របស់​ខ្លួន​។ ដើម្បី​ប្រើប្រាស់​ថវិកា​ទាំងនោះ​ប្រកប​ដោយ​សារប្រយោជន៍​ច្រើន ក្រុមប្រឹក្សា​ឃុំ សង្កាត់​គួរ​ពិចារណា​ទៅ​លើ​គំនិត​គន្លឹះ​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ​៖
តើ​ឃុំ សង្កាត់​ត្រូវ​ការចាំបាច់ និង​ជាអាទិភាព​អ្វីខ្លះ​?
តើ​ឃុំ សង្កាត់​ចង់​សម្រេច​បាន​អ្វី​ខ្លះ​ នៅ​អំឡុង​ពេល ៥ ឆ្នាំ​ខាង​មុខ​?
តើ​ឃុំ សង្កាត់​ចង់​សម្រេច​បាន​អ្វី​ខ្លះ ជា​មួយ​នឹង​លទ្ធភាព​ធនធាន​ដែល​ខ្លួន​មាន នៅ​អំឡុង​ពេល ៥ ឆ្នាំ​ខាង​មុខ​?
តើ​ឃុំ សង្កាត់​ចង់​ឲ្យ​វិស័យ​ជំនាញ​នានា​ជួយ​សេវាកម្ម​អ្វី​ខ្លះ ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​?
តើ​ឃុំ សង្កាត់​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ធានា​ឲ្យ​ការគ្រប់គ្រង និង​អនុវត្ត​គម្រោង​បាន​ល្អ​ប្រសើរ​?
តើ​ប្រជា​ពលរដ្ឋ​អាច​ចូលរួម​ចំណែក​អ្វី​ខ្លះ និង​យ៉ាង​ដូចម្តេច​ដល់​គម្រោង​?

ផែនការ​អភិវឌ្ឍន៍​ឃុំ សង្កាត់​មាន​សុពលភាព​រយៈពេល​ ៥ ឆ្នាំ​។ នៅ​ពេល​កសាង​ផែនការ​អភិវឌ្ឍន៍ ក្រុមប្រឹក្សា​ឃុំ សង្កាត់​ត្រូវ​គិត​គូរ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ទៅ​លើ​យុទ្ធសាស្ត្រ​សម្រាប់​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​រូបវន្ត (physical infrastructure) និង​ហេដ្ឋារចនា​សម្ព័ន្ធ​អរូបវន្ត (non-infrastructure) ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​ជា​អាទិភាព ដែល​រួម​ចំណែក​ដោយ​ផ្ទាល់​ដល់​ជីវភាព​រស់​នៅ និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​។

ប្រការ​សំខាន់​មួយ​ទៀត​ដែល​ត្រូវ​ពិចារណា គឺ​និរន្តភាព​នៃ​កិច្ច​ដំណើរការ​គម្រោង​វិនិយោគ​នានា​ដូច​ជា ថវិកា កម្លាំង​ពលកម្ម​សម្រាប់​ដំណើរការ​និង​ថែទាំ​គម្រោង​វិនិយោគ​ទាំង​នោះ​ជា​ដើម​។ ឧទាហរណ៍​គម្រោង​ស្ថាបនា​ផ្លូវថ្នល់​ក្នុង​ភូមិ ឃុំ សង្កាត់​ត្រូវ​ពិចារណា​ថា តើ​នរណា​ថែ​ទាំ​ផ្លូវ​នេះ​? តើ​ត្រូវ​ថែ​ទាំ​យ៉ាង​ដូចម្តេច​? តើ​នរណា​ត្រូវ​ចេញ​ចំណាយ​ក្នុង​ការថែ​ទាំ​នេះ​?​

ដោយ​សារ​មូលនិធិ​ឃុំ សង្កាត់​អាច​ដោះស្រាយ​បាន​នូវ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​តែ​មួយ​ចំនួន​ប៉ុណ្ណោះ ដូច​នេះ ឃុំ សង្កាត់​គួរ​ផ្ញើ​ផែនការ​របស់​ខ្លួន​ទៅ​បណ្តា​មន្ទីរ ឬ​អង្គភាព​ជំនាញ អង្គការ និង​ដៃគូ​អភិវឌ្ឍន៍​នានា​ដើម្បី​សុំ​ការគាំទ្រ​។

ប្រភព​៖
 សេចក្តី​ណែនាំ​ស្តី​ពី​ការកសាង​ផែនការ​អភិវឌ្ឍន៍​ឃុំ សង្កាត់ និង​កម្មវិធី​វិនិយោគ​ឃុំ សង្កាត់
– Guideline on C/S Development Plan and C/S Investment Program

 

No comments:

Post a Comment