តាមទំព័រហ្វេសបុកផ្លូវការរបស់ក្រសួងអប់រំយុវជន
និងកីឡា បានឱ្យដឹងថា
ក្នុងរយៈពេលសាកល្បងក្នុងការអនុវត្តបង្រៀនពេញ១ថ្ងៃ បានឱ្យដឹងថា
គ្រូបង្រៀននឹងទទួលបានការបន្ថែមប្រាក់បៀវត្ស៦០%
លើប្រាក់បៀវត្សមូលដ្ឋានប្រចាំ សម្រាប់រយៈពេលបីឆ្នាំនៃការសាកល្បងនេះ។
ឆ្លើយតបនឹងសំណួរដែលសួរថា
តើក្រសួងមានការបន្ថែមជូនប្រាក់បៀវត្ស
សម្រាប់គ្រូបង្រៀនក្នុងរយៈពេលសាកល្បងបង្រៀនពេញ១ថ្ងៃនេះដែរឬទេ? ភ្លាមៗក្រសួងអប់រំបានធ្វើការឆ្លើយតបក្នុងទំព័រហ្វេសបុកថា
នឹងមានការបន្ថែមជូនប្រាក់បៀវត្ស
៦០%បន្ថែមទៀតលើប្រាក់បៀវត្សមូលដ្ឋាន។
គួរឱ្យដឹងផងដែរថា
កាលពីព្រឹកមិញនេះក្រសួងអប់រំ បានបើកពិធីសម្ពោធផ្ទះបាយសាលារៀន
និងការប្រកាសដាក់ឲ្យអនុវត្តសាកល្បងការបង្រៀននិងរៀនពេញមួយថ្ងៃ នៅឯសាលាបឋមសិក្សាដូនឪ
គោកគ្រើល និងត្រពាំងស្វាយ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ក្រោមអធិបតីភាពរបស់
ឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
រូបភាព៖ FB ក្រសួងអប់រំ
ក្នុងឱកាសនោះផងដែរ
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា
ការដាក់ឱ្យអនុវត្តឱ្យសិស្សថ្នាក់បឋមសិក្សា រៀនពេញមួយថ្ងៃនេះ
គឺចង់ឱ្យសិស្សទទួលមានពេលវេលាក្នុងការសិក្សាកាន់តែច្រើនឡើងពីលោកគ្រូអ្នកគ្រូ
ព្រោះការសិក្សារយៈពេល៤ម៉ោង ហាក់មិនទាន់គ្រប់គ្រាន់នៅឡើយក្នុងការក្រេបយកចំណេះដឹង
ដូច្នេះហើយទើបក្រសួងបន្ថែមម៉ោងសិក្សា៤ម៉ោងបន្ថែមទៀត។
ឯកឧត្ដម ហង់ ជួនណារ៉ុន
ក៏បានបញ្ជាក់ផងដែរថា
សិស្សានុសិស្សដែលត្រូវសិក្សាពេញមួយថ្ងៃនឹងមានផ្ដល់ជូនជាអាហារថ្ងៃត្រង់ដែលចម្អិនដោយចុងភៅប្រចាំសាលា
និងផ្ដល់ជាអាហារូបត្ថម្ភផ្សេងៗមិនឱ្យសិស្សជួបផលលំបាកក្នុងការសិក្សាពេញ១ថ្ងៃនោះទេ៕
ប្រភពព័ត៌មាន៖ Sabay.com