លោក ហង់ ជួនណារ៉ុន
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ
បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធសិក្សាពីចម្ងាយ (E-Learning
Management System) ដែលអនុញ្ញាតឲ្យសិស្សានុសិស្សថ្នាក់ទី១២
ប្រើប្រាស់ពេលវេលាទំនេរពីការសិក្សាក្នុងថ្នាក់ ដើម្បីឆ្លើយសំណួរ ឬធ្វើលំហាត់
តាមប្រព័ន្ធអនឡាញ ។
ថ្លែងក្នុងពិធីសម្ពោធប្រព័ន្ធនេះ នៅទីស្តីការក្រសួងអប់រំ យុវជន
និងកីឡា នៅព្រឹកថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២១០៧ លោក ហង់ ជួនណារ៉ុន
បានបញ្ជាក់ឲ្យដឹងថា ប្រព័ន្ធនេះនឹងជួយពង្រឹង សមត្ថភាពរបស់សិស្សានុសិស្ស
មួយកម្រិតថែមទៀត លើចំណេះដឹងដែលទទួលបានពីលោកគ្រូ អ្នកគ្រូនៅក្នុងថ្នាក់រៀន។
ក្រៅពីនោះ ក៏អាចជួយឲ្យសិស្សានុសិស្ស រៀនធ្វើលំហាត់ នៅពេលទំនេរ
និងជួយពង្រឹងសមត្ថភាពនៅពេលត្រៀមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ។
រដ្ឋមន្រ្តីក្រសួងអប់រំ បានបន្ថែមទៀតថា
ប្រព័ន្ធបច្ចេកវិទ្យាទំនើបមួយនេះ នឹងជួយដល់សិស្សានុសិស្ស អាចទទួលបានកម្រងសំណួរ
ប្រភេទលំហាត់ ដែលអាចរៀនត្រៀម ហើយក៏មាននូវការផ្សព្វផ្សាយអត្ថបទសង្ខេប
ហើយក្នុងពេលឆាប់ៗនេះក្រសួងក៏នឹងបង្កើត
ឲ្យមានលើមុខវិជ្ជាប្រវត្ថិវិទ្យាបន្ថែមទៀតផងដែរ។
លោក ហង់ ជួនណារ៉ុនបន្តថា ប្រព័ន្ធអនឡាញ (On-line)
ដោយអាចប្រើប្រាស់ ទូរស័ព្ទស្មាតហ្វូន Tablet ឬកុំព្យូទ័រ ក៏អាចជួយបន្ថែម ទៅដល់សិស្សថ្នាក់ទី១០ និងទី១១ ឲ្យសិស្សានុសិស្ស
ចូលរៀនត្រៀមសមត្ថភាពទុកជាមុនទៅតាម លទ្ធភាព របស់ខ្លួន។
គួរបញ្ជាក់ថា សិស្សានុសិស្ស អាចអនុវត្តកម្មវិធីនេះ
បានតាមរយៈតំណភ្ជាប់ នៅលើគេហទំព័រក្រសួងអប់រំ យុវជន និងកីឡា ដែលមានអាស័យដ្ឋាន http://bacii.moeys.gov.kh៕
សូមទស្សនាពីរបៀបចុះឈ្មោះ ដើម្បីបានសាកល្បងឆ្លើយសំណួរទាំងអស់គ្នា៖