(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងឱ្យដឹងថា ក្រសួងមានការលើកទឹកចិត្ត ដល់សិស្សទាំងឡាយណា ដែលប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទទួលបាននិទ្ទេស A,B,C នឹងទទួលបានការជ្រើសរើស ឱ្យធ្វើជាគ្រូបង្រៀននៅបឋមសិក្សា និងអនុវិទ្យាល័យ ដោយស្វ័យប្រវត្តិ ព្រមទាំងបញ្ចូលជាគរុសិស្សផងដែរ។
ថ្លែងក្នុងសន្និសិទកាសែត នាល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ លោករដ្ឋមន្រ្តីបានជំរុញឱ្យបណ្ដាសិស្ស ដែលត្រូវប្រឡងបាក់ឌុប នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ខាងមុខ ត្រូវតែខិតខំប្រឹងប្រែង តាំងចិត្តធ្វើកិច្ចការប្រឡងរបស់ខ្លួនឱ្យបានល្អត្រឹមត្រូវ មិនត្រូវភិតភ័យ ក៏ដូចជាកុំប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិច្បាប់វិន័យ និងមិនត្រូវជឿការឆបោកពី ជនខិលខូចមួយចំនួន ដែលសន្យាឱ្យជាប់ក្នុងការប្រឡង ជាថ្នូរនឹងការសូកលុយ ជាដាច់ខាត ចំណែកឯសិស្សដែលប្រឡង ជាប់ទទួលបាននិទ្ទេសល្អ នឹងទទួលបានការលើកទឹកចិត្ត។
លោកថា «ក្រសួងមានគោលនយោបាយ លើកទឹកចិត្តចំពោះសិស្សដែលប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A,B,C គឺអាចចូលធ្វើជាគ្រូបង្រៀននៅបឋមសិក្សា និងនៅអនុវិទ្យាល័យ ដោយស្វ័យប្រវត្តិ នេះជាគោលនយោបាយរៀងរាល់ឆ្នាំ ហើយឆ្នាំមុន ក្រសួងអប់រំក៏បានសុំការអនុញ្ញាត ពីសម្ដេចនាយករដ្ឋមន្រ្តី ដើម្បីបញ្ជូនពួកគេទៅជាគរុសិស្ស, ហ្ចឹងយើងនៅតែបន្ត គោលនយោបាយនេះទៀត»។
សម្រាប់ឆ្នាំមុន សិស្សដែលទទួលបាននិទ្ទេស A មានចំនួន១០៨នាក់ ដែលអ្នកខ្លះទទួលបានអាហារូបករណ៍ ទៅរៀននៅក្រៅប្រទេស មួយចំនួនទៀតទទួលបានអាហារូបករណ៍រៀននៅក្នុងប្រទេស។ ចំណែកសិស្សដែលទទួលបាននិទ្ទេស B និង C មានប្រហែល១២០០នាក់ ដែលភាគច្រើនពួកគេស្ម័គ្រចិត្ត ធ្វើជាគ្រូបង្រៀននៅបឋមសិក្សា។
ទោះយ៉ាងណា ក្រសួងអប់រំ យុវជន និងកីឡា មិនមានគោលការណ៍ ផ្ដល់ជារង្វាន់អ្វីដល់ សិស្សពូកែនោះទេ មានតែគោលការណ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំតាមរាជធានី-ខេត្ត ក៏ដូចជាសប្បុរសជនមួយចំនួន ដែលពួកគាត់ចង់លើកទឹកចិត្ត ដល់សិស្សក្នុងការប្រឡងនេះ ហើយកន្លងមក ក៏សិស្សមួយចំនួនទទួលបានរង្វាន់ផ្សេងៗដែរ៕
ទទួលបានពី ៖ Sakhan Um
No comments:
Post a Comment