បច្ចេកទេសនៃការដាំដំណាំ ល្ហុង - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Thursday, June 30, 2016

បច្ចេកទេសនៃការដាំដំណាំ ល្ហុង

ល្ហុង ​គឺជា​ផ្លែឈើ​ហូប​ផ្លែ​មួយ​ប្រភេទ​ដែល​ប្រជាជន​កម្ពុជា​និយម​បរិភោគ​ជា​ ផ្លែឈើ​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ​។ ផ្លែ​ល្ហុង​យើង​អាច​យក​ទៅជា​បន្លែ​សម្រាប់​ស្ល​ទៀត​ផង​។​នៅ​ខាងក្រោម​នេះ​ យើង​នឹង​បង្ហាញ​ពី​របៀប​នៃ​ការ​ដាំ​ផ្លែ​ល្ហុង​ឲ្យ​បាន​ផ្លែ​ល្អ​នឹង​ផល​ ច្រើន​។​

អ្នក​មីង​សយ ជា​កសិករ​រស់​នៅ​ក្នុង​ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​ជា​អ្នក​ប្រកប​មុខ​កសិកម្ម​ដាំ​ដុះ​នៅ​បន្លែ​គ្រប់មុខ អ្នក​មីង​បាន​និយាយ​ប្រាប់​អំពី​របៀប​នេះ​ការ​ដាំ​ដំណាំ​ល្ហុង​ដូចតទៅ​៖
ការ​ជ្រើស​រើស​ពូជ និង​ការ​ត្រៀម​ពូជ​ដាំ
ល្ហុង ​ដែល​គាត់​ដាំ ជា​ពូជ​ដែល​ជ្រើសរើស និង​រក្សាទុក​ដោយ​ខ្លួនឯង ។ ចំពោះ​លក្ខណៈ​ពូជ​ដែល​គាត់​ជ្រើសរើស​មាន​ផ្លែ​ធំ​វែង ផ្លែ​ច្រើន​មិន​ដាច់​ដើម​មាន​សុខ​ភាព​ល្អ ។ នៅ​ពេល​ដែល​ផ្លែ​ទុំ​ល្អ គាត់​ពុះ​យក​គ្រាប់​ចេញពី​ផ្លែ​ទៅ​លាង​ទឹក​ឲ្យ​ជ្រះ​រំអិល រួច​យក​ទៅ​ហាល ឬ​សំដិល​រហូត​ស្ងួត (២-៣ ថ្ងៃ​) ទើប​យក​ទៅ​ច្រក​កែវ​ទុក ។​

ការ​បណ្ដុះ​កូន
​ចំពោះ ​ការ​ដាំ​គឺ​គាត់​បាន​យក​គ្រាប់​ទៅ​បណ្ដុះ​ មុននឹង​យក​ទៅ​ដាក់​ដាំ​ក្នុង​ចំ​ការ ។ គាត់​យក​ដី​ដែល​មាន​ជីជាតិ​ច្រក​ចូល​ក្នុង​ថង់​ប្លា​ស្ទិក​ខ្មៅ​ដែល​ត្រៀម​ រួចជាស្រេច បន្ទាប់មក​យក​គ្រាប់​ទៅ​ត្រាំ​ទឹក​រយៈពេល ២ ថ្ងៃ និង​ផ្អាប់​ទុក​រយៈពេល ៧ ថ្ងៃ (​ឲ្យ​ដុះ​ពន្លក​សៗ​) ទើប​យក​ទៅ​ដាក់​ដាំ​នៅ​ក្នុង​ថង់​ពី ៣-៤ គ្រាប់ ក្នុង ១ ថង់ ។ ក្រោយពី​ដាក់​គ្រាប់​បណ្ដុះ​ហើយ គាត់​ស្រោច​ទឹក​ឲ្យ​ជោគ​រៀងរាល់ថ្ងៃ ដើម្បី​ឲ្យ​កូន​ល្ហុង​លូតលាស់​ល្អ ។ ចំពោះ​ថ្នាល​បណ្ដុះ​កូន គាត់​បាន​ប្រក់​រោង​សំណាញ់​ដើម្បី​កុំ​ឲ្យ​កូន​ល្ហុង​ត្រូវ​ពន្លឺ​ខ្លាំង​ ពេក ។​
.​ការរៀបចំ​ដី​ដាំ
ក្នុង​ការ​រៀបចំ​ដី​ដាំ គាត់​ភ្ជួរ​ហាល​ដី ៤-៥​លើក ដោយ​ចន្លោះ​ពី​មួយ​លើក​ទៅ​មួយ​លើក​មាន​រយៈពេល ១០ ថ្ងៃ ។ នៅ​ពេល​ភ្ជួរ​លើក​ទី ១ គាត់​បាន​ដាក់​ជី​លាមក​សត្វ​ពុក​ផុយ ១,៥ ទៅ ២ តោន ភ្ជួរ​លុប​លើ​ផ្ទៃដី ១៣ អារ ។ ក្រោយពី​ភ្ជួរ​រាស់​ហាល​ដី រួច​គាត់​លើក​ជា​រង​ដែល​មាន​ទទឹង ១,៥ ម៉ែត្រ បណ្ដោយ​ទៅតាម​ស្ថានភាព​ដី ។ នៅ​លើ​រង គាត់​ជីក​រណ្ដៅ​ជា​ជួរ​រណ្ដៅ និ​មួយៗ​ទំហំ ៣ តឹក​បួន​ជ្រុង និង​ជម្រៅ​ ៣ តឹក ដោយ​ទុកចន្លោះ​ពីរ​រណ្ដៅ​មួយ​ទៅ​មួយ ២,៥ ម៉ែត្រ ។ នៅ​ក្នុង​រណ្ដៅ​និមួយៗ គាត់​ដាក់​ជី​លាមក​សត្វ​ពុក​ផុយ​ច្របល់​ជាមួយ​ដី​ឲ្យ​សព្វ ។​
.​ការ​ដាំ
គាត់ ​ចាប់​ផ្ដើម​យក​កូន​ល្ហុង​ទៅ​ដាំ​នៅ​ចុងខែ​មេសា ឬ​ដើមខែ​ឧសភា ដែល​ជា​ដើម​រដូវ ដើម្បី​កាត់បន្ថយ​ការ​ស្រោច​ទឹក ។ កូន​ល្ហុង​ដែល​គាត់​យក​មក​ដាំ​មាន​អាយុ ៤៥ ថ្ងៃ គាត់​បាន​ហែក​ថង់​ចេញ រួច​ដាក់​ក្នុង​រណ្ដៅ បន្ទាប់មក​យក​ដី​នៅ​មាត់​រណ្ដៅ​លុប​សង្កត់​ឲ្យ​ណែន រួច​យក​កម្ទេច​ចំបើង​គ្រប​ជុំវិញ​គល់ និង​ស្រោច​ទឹក​ឲ្យ​ជោគ ។ ក្នុង​មួយ​រណ្ដៅ​ដាំ​មួយ​ដើម ដោយ​ជ្រើសរើស​យក​តែ​កូន​ល្ហុង​ដែល​មាន​សុខភាព​ល្អ ។​
.​ការថែទាំ
​នៅ ​ពេល​ល្ហុង​នៅ​តូច គាត់​ស្រោច​ទឹក ១ ថ្ងៃ​ម្ដង​ ដោយ​ប្រើ​ទុយ​យោ​បាញ់​នៅ​លើ​ស្លឹក​រហូតដល់​ល្ហុង​ធំ​ចេញ​ផ្កា​គាត់​បញ្ចូល​ ទឹក​នៅ​តាម​ចន្លោះ​រង ៣ ថ្ងៃ​ម្តង លៃ​យ៉ាងណា​កុំ​ឲ្យ​ដី​ស្ងួត​ពេក ឬ​សើម​ពេក ។ ក្រៅពី​ការ​ស្រោច​ទឹក គាត់​ឧស្សាហ៍​ពូន​គល់ គឺ​នៅ​ពេល​ដែល​សង្កេតឃើញ​ឫស​ល្ហុង​មួយ​ចំនួន​ដុះ​លើ​ផ្ទៃដី និង​ក្រោយ​ការ​ប្រមូល​ផល​លើក​ទី ២ ។ ល្ហុង​ជា​ដំណាំ​ដែល​ត្រូវការ​ពន្លឺ​ថ្ងៃ​ដូច្នេះ​គាត់​បាន​កាច់​មែក​ងាប់ៗ​ នៅ​ក្បែរ​គល់​ប្រមូល​ចោល និង​ធ្វើ​ស្មៅ​ក្បែរ​គល់ ដើម្បី​កុំ​ឲ្យ​មាន​ភាព​ស៊ុបទ្រុប​ឲ្យ​ពន្លឺ​ចាំង​ចូល​គ្រប់គ្រាន់ ។ អ្នក​មីង​បាន​ប្រើ​ជី​កែង ចំនួន ៥ គីឡូក្រាម សម្រាប់​បំប៉ន​ដោយ​ដាក់​នៅ​ក្បែរ​គល់​មួយ​រណ្ដៅ​បន្តិចៗ ។​

ក្នុង ​ការដាំ​ល្ហុង​នេះ គាត់​តែង​ជួបប្រទះ​នូវ​សត្វល្អិត និង​ជំងឺ​មួយ​ចំនួន​ដូចជា ជំងឺ​រលួយ​គល់ ធ្វើ​ឲ្យ​ស្លឹក​ស្រពោន រលួយ​ឫស និង​គល់​ត្រឹម​ស្មើ​ដី​តែម្ដង​ ជំងឺ​ពុក​ឫសកែវ​ធ្វើ​ឲ្យ​ស្លឹក​ឡើង​លឿង និង​បញ្ឈប់​ការ​ចេញ​ផ្លែ ជំងឺ​ឆ្កួត​ត្រួយ ធ្វើ​ឲ្យ​ត្រួយ​រួញ ហើយ​ផ្អាក​ការ​ចេញ​ផ្លែ ។
ចំពោះ ​វិធានការណ៍​កម្ចាត់​ បើ​ល្ហុង​នៅ​តូច​គាត់ ដក​ដើម​ចោល ឬ កាត់​ស្លឹក ឬ ត្រួយ​ដែល​កើត​ជំងឺ​ចោល ។ ចំពោះ​សត្វល្អិត​មាន​ក្រាម​រោម​ផ្លែ ដែល​ធ្វើ​ឲ្យ​ផ្លែ​មិនសូវ​លូតលាស់ ហើយ​គ្មាន​រសជាតិ ។ ករណី​សត្វ​ក្រា​រោម​ផ្លែ​គាត់​មិនទាន់ មាន​វិធានការណ៍​កម្ចាត់​ទេ ប៉ុន្តែ​វា​កើតមាន​តិចតួច ប៉ុណ្ណោះ​ក្នុង​ចំ​ការ​របស់​គាត់ ។
.​ការ​ប្រមូល​ផល

ក្រោយពេល ​ដាំ​បាន​រយៈពេល ៥​ខែ គាត់​ប្រមូល​ផល​ផ្លែ​ល្ហុង​ចាស់​លក់ ។ ការ​បេះ ធ្វើឡើង​បន្តបន្ទាប់​ក្នុង​រយៈពេល ៦​ខែ ទៅ ១​ឆ្នាំ ក្រោយពី​បេះ​លើក​ទី ១ រហូតដល់​ខ្សោយ ទើប​គាត់​កាប់​ដើម​ចាស់​ចោល និង​ដាំ​ថ្មី​ឡើងវិញ ។ តាម​ការ​ប៉ាន់​ស្មាន​របស់​គាត់ ជា​សរុប​គាត់​បេះ​លក់​បាន​ប្រមាណ ១២ តោន (​ល្ហុង​ខ្ចី​) ។ ហើយ​បើ​ទូទាត់​លើ​ការ​ចំណាយ គាត់​ទទួល​បាន​ចំណូល​សុទ្ធ ២-៣ លាន​រៀល ។ ដូច្នេះ​ល្ហុង​បើ​គិត​ទៅ​ក៏​មិន​ស្រួល​ក្នុង​ការ​ដាំ​ដុះ​ប៉ុន្មាន​ទេ​ ទាល់តែ​មាន​បទពិសោធន៍​ទើប​ដាំ​បាន​ផល​ល្អ​៕​ 

ប្រភព៖ ksmc-news.com

No comments:

Post a Comment