ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែតុលា ចេញលិខិតបង្ហាញពីលទ្ធផលនៃការដោះស្រាយលើពាក្យតវ៉ារបស់បេក្ខជនដែលប្រឡងធ្លាក់បាក់ឌុប។ ពាក្យបណ្ដឹងតវ៉ាទាំងអស់ ក្រសួងបានបែងចែកជាបីប្រភេទ ហើយក្រសួងអះអាងថា បានដោះស្រាយការតវ៉ាចប់សព្វគ្រប់ហើយ។
ក្រសួងអប់រំ អះអាងបញ្ជាក់តាមរយៈលិខិតរបស់ខ្លួន ពីការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់ពាក្យបណ្ដឹងរបស់សិស្សដែលប្រឡងធ្លាក់ ប្រកបដោយស្មារតីទទួលខុសត្រូវ។
បន្ទាប់ពីបញ្ចប់ការពិនិត្យពាក្យបណ្ដឹង ក្រសួងអប់រំ បង្ហាញថា រាល់កិច្ចការរបស់មន្ត្រីដែលចូលរួមកែសន្លឹកកិច្ចការសិស្ស មានតម្លាភាពតាមស្តង់ដារ និងត្រឹមត្រូវទៅតាមអត្រាកំណែ ហើយលទ្ធផលប្រឡងបាក់ឌុបដែលបានប្រកាសកន្លងមក គឺបង្ហាញពីសមត្ថភាពពិតរបស់សិស្ស។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ មានបេក្ខជនចូលប្រឡងចំនួនជាង ៨ម៉ឺននាក់ (៨៣.៣២៥នាក់) ហើយបេក្ខជនជាង ៤៦ម៉ឺននាក់ (៤៦.៥៦០នាក់) ឬជាង ៥៥ភាគរយ (៥៥,៨៨%) បានប្រឡងជាប់។
ក្រសួងអប់រំ ផ្ដល់ពេល ៣០ថ្ងៃដល់សិស្ស ដើម្បីធ្វើការតវ៉ានឹងលទ្ធផលដែលបានប្រកាស។ បេក្ខជនដែលប្រឡងធ្លាក់ជាង ១០០នាក់ បានដាក់ពាក្យបណ្ដឹងទៅក្រសួង ដើម្បីស្នើឲ្យត្រួតពិនិត្យអត្រាកំណែឡើងវិញ។ ពាក្យបណ្ដឹងទាំងនេះ ត្រូវក្រសួងបែងចែកជាបីប្រភេទ គឺពាក្យបណ្ដឹងរបស់បេក្ខជនដែលប្រឡងធ្លាក់ សុំពិនិត្យមើលពិន្ទុឡើងវិញ ពាក្យបណ្ដឹងរបស់បេក្ខជនដែលមិនពេញចិត្តនឹងនិទ្ទេសដែលទទួលបាន និងពាក្យបណ្ដឹងរបស់បេក្ខជនដែលស្នើសុំឲ្យកែសន្លឹកកិច្ចការឡើងវិញ។
ក៏ប៉ុន្តែ ក្រសួងអប់រំ បញ្ជាក់ថា ក្រសួងមិនបានពិនិត្យមើលពាក្យបណ្ដឹងទាំងអស់ឡើងវិញនោះទេ។ ក្រសួងពន្យល់ថា មានតែពាក្យបណ្ដឹងដែលមានលាយលក្ខណ៍អក្សរត្រឹមត្រូវ ដែលបានបញ្ជាក់ពីអត្តសញ្ញាណបេក្ខជនច្បាស់លាស់ប៉ុណ្ណោះ ដែលត្រូវក្រសួងលើកយកមកដោះស្រាយ។
សង្គមស៊ីវិលដែលឃ្លាំមើលការអភិវឌ្ឍគុណភាពអប់រំ នៅក្នុងប្រទេសកម្ពុជា លើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ ក៏ប៉ុន្តែពួកគាត់ស្នើឲ្យក្រសួង បង្កើនប្រសិទ្ធភាពការងាររបស់ខ្លួនបន្ថែមទៀត។
លោក សន ជ័យ តំណាងបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រចាំកម្ពុជា កត់សម្គាល់ថា ក្រុមការងារកោសល្យវិច័យដោះស្រាយបណ្ដឹងនៃក្រសួងអប់រំ មិនសូវមានការចូលរួមពីគ្រប់ភាគីដែលពាក់ព័ន្ធឡើយ។ លោកបន្តថា ប្រសិនបើមានការចូលរួមច្រើនពីគ្រប់ភាគីដែលពាក់ព័ន្ធនោះ នឹងអាចធ្វើឲ្យការដោះស្រាយពាក្យបណ្ដឹងនេះមានលទ្ធផលកាន់តែប្រសើរ៖ «បើមើលទៅ ការផ្តល់ឱកាសឲ្យតវ៉ាហ្នឹង វាជារូបភាពមួយដែលថ្មីដែរ ប៉ុន្តែអ្វីដែលមានការតវ៉ាច្រើន អ្វីដែលយើងឮកាលពីឆ្នាំមុន មានតិចតួចហ្នឹង គឺជាសញ្ញាមួយដែរ ដែលក្រសួងអប់រំ មានពេលសិក្សាស្វែងយល់អំពីចំណុចដែលមហាជនរិះគន់ច្រើនហ្នឹង ជាពិសេសបេក្ខជនដែលមិនសុខចិត្ត។ នេះជាកញ្ចក់មួយសម្រាប់ក្រសួងអប់រំ ឆ្លុះបញ្ចាំងខ្លួនឯងហើយ»។
ស្រដៀងគ្នានេះដែរ ប្រធានស្តីទីនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី យល់ថា ក្រៅពីកែទម្រង់ការប្រឡង ក្រសួងអប់រំ គួរយកចិត្តទុកដាក់ដល់ជីវភាពគ្រូបង្រៀនបន្ថែមទៀត ដើម្បីទទួលបាននូវគុណភាពអប់រំ ដែលអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសអាស៊ានផ្សេងទៀតបាន៖ «ការប្រកួតប្រជែងអាស៊ានមកដល់នៅឆ្នាំក្រោយនេះ ខ្ញុំគិតថាក្មេងសម័យក្រោយ គាត់ឆាប់អនុវត្តតាម ក៏ប៉ុន្តែលុះត្រាតែក្រសួង ក៏ដូចជារដ្ឋាភិបាល យកចិត្តទុកដាក់ជាមួយលោកគ្រូអ្នកគ្រូផងដែរ ទើបគុណភាពអប់រំបានប្រសើរ»។
ទោះយ៉ាងណាក្តី មានមតិពីមជ្ឈដ្ឋានមួយចំនួន បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ក្រសួងអប់រំ បានខិតខំពង្រឹងគុណភាពប្រឡង ហើយនេះក៏ជាចំណុចចាប់ផ្ដើមមួយនៃការពង្រឹងគុណភាពអប់រំ ប៉ុន្តែការពង្រឹងគុណភាពគ្រូ និងការសិក្សារបស់សិស្សមុនដល់ឆ្នាំប្រឡងនោះ នៅមានជួបបញ្ហាប្រឈមច្រើននៅឡើយ៕
No comments:
Post a Comment