
ជនជាតិដើមភាគតិចចារ៉ាយ មួយក្រុម បានទទួលយកពាងយក្សពីគម្រោងអភិវឌ្ឍន៍ភូមិរបស់ខ្លួន ដើម្បីធ្វើជាអាងស្តុកទឹកទុកប្រើប្រាស់ប្រចាំថ្ងៃ។ ពាងយក្ស កំពុងសម្រាលការងារលំបាករបស់ស្ត្រីមេផ្ទះនៃសហគមន៍នេះ ខណៈប្រពៃណីជនជាតិដើមភាគតិច ស្ត្រីៗមានភារកិច្ចរកឧស ដងទឹកពីអូរមកផ្គត់ផ្គង់ក្នុងគ្រួសារ។
ភ្ញៀវទាំងឡាយដែលបានធ្វើដំណើរចូលមកដល់ភូមិពាក់ ប្រាកដជាប្លែកចិត្ត ហើយឆ្ងល់ទៅនឹងទិដ្ឋភាពគ្រប់លំនៅឋានរបស់ប្រជាពលរដ្ឋ និងនៅក្នុងបរិវេណសាលារៀន មានតម្កល់ពាងមូលពណ៌សធំនៅពីចំហៀងផ្ទះ ឬពីមុខផ្ទះ។
នៅពេលសួរពីពាងពណ៌សនេះ អ្នកភូមិគ្រប់ៗគ្នាមិនថាមនុស្សចាស់ ឬក្មេង បុរស ឬស្ត្រីនោះទេ គឺប្រាកដជាប្រាប់យើងថា នេះជាពាងយក្ស។
ស្ទើរគ្រប់ក្រុមគ្រួសារនៃសហគមន៍ជនជាតិដើមចារ៉ាយ ភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី សុទ្ធតែទទួលបានពាងយក្សសម្រាប់ត្រងទឹកភ្លៀងពីដំបូលផ្ទះនារដូវវស្សា ដើម្បីស្តុកទុកប្រើប្រាស់ប្រចាំថ្ងៃ។ ក្រៅពីនោះ អ្នកភូមិខ្លះមានលទ្ធភាពប្រើប្រាស់ម៉ាស៊ីនតូចៗបូមទឹកអូរបង្ហូរចូលពាងយក្សប្រើប្រាស់បានជាប្រចាំ។
ពាងយក្សមានចំណុះជាង ៤ពាន់លីត្រ មានរាងមូលដូចបាល់ ធ្វើពីស៊ីម៉ងត៍តម្កល់លើជើងទម្រធ្វើពីស៊ីម៉ងត៍ដូចគ្នា។ ពាងនេះផ្តល់មូលនិធិ និងផលិតដោយក្រុមហ៊ុន អង្គរ ហ្គូល (Ankor Gold) ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍សហគមន៍នៃផែនការវិនិយោគអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុននៅក្នុងមូលដ្ឋាននេះ។
នារីវ័យជំទង់អាយុ ១៧ឆ្នាំ ជនជាតិចារ៉ាយ ភូមិពាក់ ឈ្មោះ សេវ មៀន រៀបរាប់ថា ពាងយក្សបានផ្លាស់ប្ដូរបន្ទុករបស់ស្ត្រីៗក្នុងភូមិដែលមានភារកិច្ចស្ពាយកាផាផ្ទុកដោយឃ្លោក សម្រាប់ច្រកទឹកពីក្នុងអូរ ឬពីច្រប់ ដើម្បីយកទឹកមកផ្គត់ផ្គង់ការប្រើប្រាស់ប្រចាំថ្ងៃក្នុងក្រុមគ្រួសារ។ នាងសម្ដែងទឹកមុខរីករាយ ហើយអះអាងថា បន្ទុកទៅរកទឹករបស់ស្ត្រីៗក្នុងភូមិនេះ ត្រូវកាត់បន្ថយបាន ៥០ភាគរយប្រៀបធៀបមិនទាន់មានពាងយក្ស៖ «ពីមុនទៅដងទឹកអូរឆ្ងាយណាស់ប្រហែលមួយគីឡូម៉ែត្រ យើងស្ពាយ លំបាក ហើយធ្ងន់ទៀត។ ចា៎! លាងចានលាងឆ្នាំងអ៊ីចឹងល្អ»។
ក្រុមហ៊ុន អង្គរ ហ្គូល នៃប្រទេសអូស្ត្រាលី បានផលិតពាងយក្សជិត ១០០ពាង តម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋភូមិពាក់ ៩៣គ្រួសារចាប់ពីឆ្នាំ២០១២ រហូតមក។
ប្រធានភូមិពាក់ លោក សេវ ចិន បដិសេធថានេះមិនមែនជាការបោះបង់ប្រពៃណីរបស់សហគមន៍ជនជាតិដើមមួយនេះទេ ក៏ប៉ុន្តែគឺជាការអភិវឌ្ឍដែលកាត់បន្ថយបន្ទុកការងាររបស់ស្ត្រីមេផ្ទះ និងជាការរួមចំណែកផ្តល់ឱកាសបន្ថែមទៀតឲ្យនារី និងស្ត្រីក្នុងភូមិ មានពេលវេលារកប្រាក់ចំណូលមួយផ្នែកទៀត សម្រាប់ជីវភាពរស់នៅពួកគេបានកាន់តែប្រសើរ។ លោកសម្ដែងមោទនភាពទៅថ្ងៃអនាគត ពាងយក្សនឹងក្លាយជាអាងស្តុកទឹកអចិន្ត្រៃយ៍ ខណៈប្រព័ន្ធបំពង់បូមទឹកត្រូវបានតភ្ជាប់ពីស្ថានីយបូមទឹក បង្ហូរចូលពាងយក្សគ្រប់លំនៅឋានពលរដ្ឋជាប្រចាំ តាមគម្រោងអភិវឌ្ឍន៍របស់ភូមិនេះ៖ «ឥឡូវប្រពៃណីមិនពាក់ព័ន្ធគេអភិវឌ្ឍទេ ព្រោះប្រពៃណីបានតែទំនៀមទម្លាប់ពីដូនតាមក។ ការអភិវឌ្ឍជាការរីកចម្រើនទេ បើគិតទៅតាមយើងថ្នាក់ដឹកនាំ យើងសប្បាយចិត្តខែវស្សា យើងអត់ពិបាកទៅដងឆ្ងាយ។ គិតទៅប៉ុន្មានខេត្តក្រុងបានតែយើងវាមានសំណាង»។
ទីស្នាក់ការសហគមន៍ចារ៉ាយ រតនគិរី ៦២០
ទីស្នាក់ការសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ ភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ រូបថតថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ RFA/Ratha Visal
រហូតមកទល់នឹងឆ្នាំ២០១៥ នេះ សហគមន៍ភូមិពាក់ កើនសមាជិកគ្រួសារឡើងដល់ជិត ១០០គ្រួសារ។ ភូមិនេះឋិតក្នុងតំបន់សម្បទានរ៉ែមាសរបស់រដ្ឋាភិបាល ទៅឲ្យក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាស មេសស្កូ ហ្គូល ប្រទេសឥណ្ឌា។
មេឃុំយ៉ាទុង លោក រចំ ហ្វីន មានប្រសាសន៍ថា សហគមន៍ភូមិពាក់ បានយល់ព្រមប្រគល់ដី ៣៨ហិកតារទៅឲ្យក្រុមហ៊ុន មេសស្កូ ហ្គូល ជាថ្នូរសំណងជាប្រាក់ជាង ៦ម៉ឺនដុល្លារសម្រាប់ផលប៉ះពាល់ជូនអ្នកភូមិ។ ជាមួយគ្នានោះ ក្រុមហ៊ុនក៏បានផ្តល់មូលនិធិអភិវឌ្ឍន៍ភូមិតាមកិច្ចសន្យាវិនិយោគរយៈពេល ៣០ឆ្នាំ នៅតំបន់ជនជាតិដើមភាគតិចមួយនេះ។ លោកកត់សម្គាល់ថា បន្ទាប់ពីការអភិវឌ្ឍពាងយក្ស សហគមន៍នឹងរៀបចំកំណត់បញ្ហាអាទិភាពមួយចំនួនទៀត ដើម្បីក្រុមហ៊ុនជួយធ្វើការអភិវឌ្ឍ ដូចជាបញ្ហាផ្លូវធ្វើដំណើរ ការដាំដុះចិញ្ចឹមសត្វ និងការអប់រំ ជាដើម។
ប្រពៃណីជនជាតិដើមភាគតិច គឺធ្វើចម្ការវិលជុំ កាលណាដីមួយកន្លែងអស់ជីជាតិ អ្នកភូមិបោះបង់ចោល ហើយទៅកាប់ឆ្ការព្រៃបន្តទៀត ដើម្បីដាំដុះ។ បច្ចុប្បន្ន ដីចម្ការវិលជុំកាន់តែបាត់បង់ ដោយសារគម្រោងផ្តល់ដីសម្បទានរបស់រាជរដ្ឋាភិបាលផ្តល់ទៅឲ្យក្រុមហ៊ុនវិនិយោគផ្នែកកសិឧស្សាហកម្ម។
បុគ្គលិកក្រុមហ៊ុន អង្គរ ហ្គូល លោក ម៉ា សំអាត មានប្រសាសន៍បញ្ជាក់ថា ជំហានដំបូង ក្រុមហ៊ុនបានផ្តល់ពាងយក្សសម្រាប់អ្នកភូមិស្តុកទឹក និងជួយស្ដារអណ្ដូងទឹកសម្រាប់ប្រើប្រាស់បានគ្រប់គ្រាន់។ ជាមួយគ្នានោះដែរ ក្រុមហ៊ុនបានផ្តល់ដើមស្វាយរាប់រយដើមឲ្យអ្នកភូមិដាំ ដើម្បីលើកកម្ពស់វិស័យកសិកម្មជូនសហគមន៍។ លោកថា អ្នកភូមិត្រូវរួមចំណែកទទួលខុសត្រូវជាមួយក្រុមហ៊ុនក្នុងផែនការអភិវឌ្ឍន៍សហគមន៍៖ «កាលមុនតំបន់នេះជាតំបន់អនាធិបតេយ្យ។ យើងចូលទៅធ្វើការជាប់ដោយយើងមានគំនិតមួយថា គាត់ទៅស៊ីឈ្នួលខាងជីកខាងគាស់កកាយ យើងប្ដូរគំនិតគាត់ឲ្យគាត់ចូលធ្វើការជាមួយក្រុមហ៊ុន ហើយក្រុមហ៊ុនបានអភិវឌ្ឍនៅក្នុងភូមិ រៀបចំប្រព័ន្ធទឹក រៀបចំផែនការអភិវឌ្ឍន៍ក្នុងភូមិ»។
ពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍សហគមន៍នេះដែរ មន្ត្រីសមាគមខ្មែរលើ លោក ចិត្រ សម្ដែងការកោតសរសើរពីដំណើរការដោះស្រាយផលប៉ះពាល់អ្នកភូមិ ស្ដីពីគម្រោងវិនិយោគរ៉ែរបស់ក្រុមហ៊ុន។ លោកចាត់ទុកជាករណីគំរូ ខណៈក្រុមហ៊ុនបានចាប់ផ្ដើមអភិវឌ្ឍសហគមន៍តាមកិច្ចសន្យាវិនិយោគបានត្រឹមត្រូវ៖ «យើងចង់ឃើញក្រុមហ៊ុនមានទស្សនៈបែបនេះ មានគោលដៅគោលជំហរបែបនេះ ជាការប្រសើរ និងជាគំរូសម្រាប់ក្រុមហ៊ុនផ្សេងៗទៀត។ យើងអាចចាត់ទុកថាជាចំណុចចាប់ផ្ដើម ដែលក្រុមហ៊ុនផ្សេងៗទៀតគួរយកគំរូតាម»។

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
No comments:
Post a Comment