ក្រុម​យុវជន​នាំ​គ្នា​លើក​ស្ទួយ​សិល្បៈ​ខ្មែរ​តាមរយៈ​ពិព័រណ៍​ស្នាដៃ​និង​បុណ្យ​ភូមិ - Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Monday, March 23, 2015

ក្រុម​យុវជន​នាំ​គ្នា​លើក​ស្ទួយ​សិល្បៈ​ខ្មែរ​តាមរយៈ​ពិព័រណ៍​ស្នាដៃ​និង​បុណ្យ​ភូមិ

សមាគម​យុវជន​និស្សិត ចំនួន​ពីរ​រួមគ្នា​ធ្វើ​សកម្មភាព​លើកស្ទួយ​សិល្បៈ វប្បធម៌​ខ្មែរ និង​អបអរ​បុណ្យចូលឆ្នាំ​ខ្មែរ។ នៅ​ឆ្នាំនេះ ក្រុម​ទាំង​ពីរ​បាន​លើក​នូវ​ប្រធានបទ​ធំ​មួយ គឺ«យើង​ទាំងអស់​គ្នា ដើម្បី​វប្បធម៌​ជាតិ» ដើម្បី​គាំទ្រ​គុណ​តម្លៃ​នៃ​ប្រធានបទ​ធំ​មួយ​នេះ​ក្រុម​ទាំងពីរ​មាន​ប្រធានបទ​ពីរ​ដាច់ដោយឡែក​ពី​គ្នា​ទៀត និង​មានការ​ទទួលខុសត្រូវ​រៀងៗ​ខ្លួន។ សមាគម​រីកសាយ និង​សមាគម​ភ្លើង​គប់ គ្រោង​រៀបចំ​កម្មវិធី​លើកស្ទួយ​សិល្បៈ​វប្បធម៌ សិល្បៈ​ខ្មែរ​ចំនួន​ពីរ​ដាច់ដោយឡែក​ពី​គ្នា នៅមុន​ពេល​ចូលឆ្នាំ​ខ្មែរ​មក​ខិតចូល​មកដល់។ សមាគម​រីកសាយ​នឹង​រៀបចំ​ពិធី​ពិព័រណ៍ សិល្បៈ​វប្បធម៌ ដោយ​បង្ហាញ​ពី​ស្នាដៃ​និង​អនាគត​លើក​ទី​៣ ចាប់ពី​ថ្ងៃ ទី​២៨ ដល់​២៩ មីនា នៅ​សាលសន្និសីទ​ចតុមុខ។ តំណាង​សមាគម​រីកសាយ​លោក ព្រុំ ជិនវិចិត្រ បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មីនា​ថា ពិព័រណ៍​នេះ​ធ្វើឡើង​ក្រោម​ប្រធានបទ «យុវជន​ដើម្បី​សិល្បៈ»។ លោក​បន្ត​ថា គោលបំណង​នៃ​ពិព័រណ៍​នេះ គឺ​ដើម្បី​ពញ្ញាក់​ដល់​យុវជន​ខ្មែរ​ឲ្យ​ងាក​មក​ស្វែងយល់ ពី​តម្លៃ​នៃ​ស្នាដៃ​សិល្បៈ​ខ្មែរ ហើយ​ចូលរួម​ស្រឡាញ់ ថែរក្សា​ឲ្យ​បាន​គង់វង្ស ព្រមទាំង​ឲ្យ​ជួយ​ចូលរួម​ផ្សព្វផ្សាយ​បន្ត​ដល់​ឆាក​អន្តរជាតិ។ «» កម្មវិធី​នោះ​ដែរ​ក៏​មាន​ការ​សម្ដែង​សិល្បៈ​ល្ខោនខោល ការ​តាំង​បង្ហាញ​ផលិតផល​ផ្សេងៗ ដែល​ជា​ស្នាដៃ​គំនិត​ថ្មី​របស់​កូន​ខ្មែរ ដោយមាន​រៀបចំ​ជា​ស្តង់​លក់ដូរ​ប្រមាណ​៥០​ស្តង់ និង​មាន​ស្តង់​លក់​ចំណីអាហារ​ប្រមាណ​១២​ស្តង់​ផ្សេងទៀត។ ចំណែក​ក្រុម​យុវជន​ខាង​សមាគម​ភ្លើង​គប់​វិញ ក៏​រៀបចំ​បុណ្យ​ភូមិ​លើក​ទី​២​ដែរ ដែល​គ្រោង​ធ្វើ​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៣ ដល់ ទី​៥ ខែ​មេសា នៅ​វត្ត​ព្រែកថ្លឹង ស្ថិត​សង្កាត់​រលួស ខណ្ឌ​ដង្កោ​ ជាយ​រាជធានី​ភ្នំពេញ។ តំណាង​អ្នក​រៀបចំ​កម្មវិធី​បុណ្យ​ភូមិ កញ្ញា លម្អង ពេជ្រ បាន​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃ​ទី​២៣​មីនា​ដែរ​ថា បុណ្យ​ភូមិ​ឬក៏​បុណ្យ​ដារលាន ដែល​ជា​ប្រពៃណី​ទំនៀមទម្លាប់​របស់​ប្រជាកសិករ​ខ្មែរ​និយម​ប្រារព្ធ​តៗ​គ្នា នៅ​ក្រោយ​ពេល​ប្រមូល​ផល​ស្រូវ​ទុកដាក់​រួចរាល់។ កញ្ញា​បន្ត​ថា ការ​ប្រារព្ធ​បុណ្យ​នេះ​ឡើង​ដើម្បី អបអរ​បុណ្យចូលឆ្នាំ​ខ្មែរ និង​ជា​ការ​រំលឹក​ឡើ​វិញ​នូវ​របៀប​រប​នៃ​ការរស់នៅ របស់​ពលរដ្ឋ​ខ្មែរ​នាទី​ជនបទ និង​បង្ហាញ​នូវ​សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែល​ស្ទើរតែ​បាត់បង់​ទៅ​ហើយ​នោះ មក​បង្ហាញ​សាជាថ្មី​ដើម្បី​ឲ្យ​យុវជន​ជំនាន់​ក្រោយ បាន​ស្គាល់​និង​ចងចាំ​នូវ​អ្វី​ជា​របស់​ខ្មែរ និង​ជា​ឱកាស​មួយ​ជួបជុំគ្នា​សប្បាយរីករាយ​នៅ​ទី​ជនបទ។ «» កាលពី​ឆ្នាំទៅ​បុណ្យ​ភូមិ​វត្ត​ព្រែកថ្លឹង សង្កាត់​រលួស ខណ្ឌ​ដង្កោ មាន​អ្នកចូលរួម​ប្រមាណ​មួយ​ម៉ឺន​នាក់ ចំណែក​ពិព័រណ៍​សិល្បៈ​ស្នាដៃ​យុវជន​និស្សិត​លើក​ទី​២ កាលពី​ឆ្នាំទៅ​ក៏​មាន​អ្នកចូលរួម​ជាង​៥​ពាន់​នាក់​ដែរ។ ក្រុម​ទាំងពីរ​សូម​អំពាវនាវ​ឲ្យ​មហាជន​ទាំងអស់ ជាពិសេស ក្រុម សិស្ស និស្សិត ព្រមទាំង​យុវជន​ដទៃ​ទៀត​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​ជា​កម្លាំងចិត្ត និង​លើកស្ទួយ​សិល្បៈ​វប្បធម៌​ខ្មែរ។ ចំណែក​ក្រុម​យុវជន​ផ្សេងៗ ដែល​មាន​ស្នាដៃ​ក៏​អាច​ចូលរួម​កម្មវិធី​ទាំងពីរ​នេះ​បាន​ដែរ ហើយ​ថវិកា​ដែល​បាន​មកពី​ការ​បង្កើត​កម្មវិធី​សិល្បៈ ឬ​តាមរយៈ​សប្បុរសធម៌​នានា​នឹង​បរិច្ចាគ​ជូន​ទៅ​កុមារ​ទី​ទាល់​ក្រ៕ ប្រភពៈ វិទ្យុបារាំង Rfi

No comments:

Post a Comment