- Sakhan Um

ជោគជ័យផ្ដើមពីខ្លួនយើង

Thursday, March 12, 2015

មន្ត្រី​សិទ្ធិ​មនុស្ស និង​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ព្រមាន​ថា សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ថ្មី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមព្រៀង​គ្នា មាន​ចំណុច​មិន​ល្អ​ជាច្រើន។ ពួក​គេ​ឲ្យ​ដឹង​ថា ប្រសិន​បើ​ក្លាយ​ទៅ​ជា​ច្បាប់​ដោយ​មិន​មាន​ការ​កែលំអ​នោះ នឹង​ធ្វើ​ឲ្យ​មាន​ការ​រឹត​ត្បិត​លំហ​សេរីភាព​នៃ​ការ​បញ្ចេញ​សារ​នយោបាយ​របស់​ពលរដ្ឋ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​អន្តរជាតិ។ លើស​ពី​នេះ​ទៀត សេចក្តី​ព្រាង​ច្បាប់​ថ្មី​ដែល​អ្នក​ច្បាប់​យល់​ថា នឹង​ផ្តល់​ផល​ប្រយោជន៍​នយោបាយ​ច្រើន​ដល់​គណបក្ស​កាន់​អំណាច​ទាំង​ខុស​ច្បាប់​នោះ ក៏​អាច​ក្លាយ​ជា​ឧបករណ៍​ដ៏​គ្រោះថ្នាក់ ប្រើប្រាស់​សម្រាប់​ចាប់​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដាក់​គុក​ទៀត​ផង។ លទ្ធផល​នៃ​កិច្ច​ពិភាក្សា​វិសោធនកម្ម​លើ​សេចក្តី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ថ្មី រវាង​ក្រុម​ការងារ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចំណាយ​ពេល​ជាង​បី​ខែ​កន្លង​មក បាន​បញ្ចប់​ហើយ ប៉ុន្តែ​ច្បាប់​បោះ​ឆ្នោត​ថ្មី​នេះ មិន​បាន​ធ្វើ​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស និង​អ្នក​ជំនាញ​សង្កេត​ការណ៍​បោះ​ឆ្នោត​ពេញ​ចិត្ត​នោះ​ឡើយ។ ចំណុច​អវិជ្ជមាន​ដែល​មាន​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នោះ រួម​មាន​កង​ប្រដាប់​អាវុធ និង​មន្ត្រី​តុលាការ អាច​ចូលរួម​ឃោសនា​បោះ​ឆ្នោត​ឲ្យ​គណបក្ស​នយោបាយ តំណាង​អង្គការ​សង្គម​ស៊ីវិល អាច​ជាប់​ទោស​ព្រហ្មទណ្ឌ ប្រសិន​បើ​និយាយ​ប្រមាថ​អ្នក​នយោបាយ ត្រូវ​ចាត់​ទុក​ថា បោះ​បង់​អាសនៈ​តំណាង​រាស្ត្រ ប្រសិន​បើ​មិន​បង្ហាញ​ខ្លួន​នៅ​ពេល​ព្រះមហាក្សត្រ​កោះ​ហៅ​មក​ប្រជុំ​រដ្ឋសភា ក្រោយ​ការ​បោះ​ឆ្នោត អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត (គ.ជ.ប) ត្រូវ​តែង​តាំង​ដោយ​អនុក្រឹត្យ​ឋិត​ក្រោម​រដ្ឋាភិបាល ការ​ដាក់​ឲ្យ​អង្គការ​សមាគម​នៅ​អព្យាក្រិត តែ​មិន​រឹត​ត្បិត​ក្រុមហ៊ុន​ឯកជន ជាដើម។ ដោយ​ដឹង​ថា មន្ត្រី​តុលាការ និង​កង​ប្រដាប់​អាវុធ​ឋិត​ក្រោម​ឥទ្ធិពល​របស់​ខ្លួន គណបក្ស​ប្រជាជន​កម្ពុជា ទាមទារ​បាន​ដោយ​ជោគជ័យ បើក​ផ្លូវ​ឲ្យ​ទាហាន ប៉ូលិស ចៅក្រម និង​ព្រះរាជ​អាជ្ញា មាន​សិទ្ធិ​ចូលរួម​ឃោសនា​បោះ​ឆ្នោត​ឲ្យ​គណបក្ស​នយោបាយ។ ប្រធាន​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា ឲ្យ​ដឹង​ថា ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សេរី និង​យុត្តិធម៌៖ «សំឡេង»។ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ កង​ប្រដាប់​អាវុធ គឺ​ជា​កម្លាំង​អព្យាក្រឹត្យ​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ មិន​មែន​នៅ​ក្រោម​ចំណុះ​គណបក្ស​នយោបាយ​នោះ​ទេ។ ចំណែក​ស្ថាប័ន​តុលាការ​វិញ រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​អន្តរជាតិ បញ្ជាក់​ថា ត្រូវ​តែ​ប្រកាន់​ជំហរ​ឯករាជ្យ​ឥត​លម្អៀង។ ប៉ុន្តែ ក្នុង​ការ​ទាមទារ​ឲ្យ​កង​ប្រដាប់​អាវុធ និង​មន្ត្រី​តុលាការ ចូលរួម​ឃោសនា​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​នយោបាយ​បាន​នោះ គណបក្ស​ប្រជាជន​កម្ពុជា ផ្តល់​សេចក្តី​សំអាង​ថា ការ​ទាមទារ​របស់​ខ្លួន​នោះ គឺ​ស្រប​តាម​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។ ទោះ​ជា​យ៉ាង​ណា មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ច្រាន​ចោល​សេចក្តី​សំអាង​នេះ៖ «កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ មិន​បាន​បញ្ជាក់​ថា កង​ប្រដាប់​អាវុធ និង​មន្ត្រី​តុលាការ អាច​ចូលរួម​ឃោសនា​បោះ​ឆ្នោត​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​នយោបាយ​បាន​នោះ​ទេ។ ខ្ញុំ​គិត​ថា វា​ជា​ការ​ឆ្គង​គួរ​ឲ្យ​អស់​សំណើច​ណាស់ ដែល​គណបក្ស​ប្រជាជន​កម្ពុជា លើក​យក​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ មក​ធ្វើ​ជា​សេចក្តី​សំអាង​ក្នុង​ពេល​នេះ ពីព្រោះ​កន្លង​មក គណបក្ស​កាន់​អំណាច​មួយ​នេះ​តែង​បដិសេធ​ស្ទើរ​រាល់​ចំណុច​ទាំងអស់ ដែល​ត្រូវ​បាន​លើក​ឡើង​ទាក់ទង​នឹង​ច្បាប់​អន្តរជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស។ ប៉ុន្តែ​ម្តង​នេះ គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​តែ​ចង់​ឲ្យ​កង​ប្រដាប់​អាវុធ និង​មន្ត្រី​តុលាការ ដែល​ឋិត​ក្រោម​ឥទ្ធិពល​របស់​ខ្លួន ជួយ​ឃោសនា​បោះ​ឆ្នោត​គាំទ្រ​បក្ស​នោះ បែរ​ជា​ទាញ​យក​កតិកាសញ្ញា​អន្តរជាតិ​នេះ​មក​សំអាង​ទាំង​ខុស​ទៅ​វិញ។ ក្នុង​ប្រទេស​កាន់​ប្រជាធិបតេយ្យ កង​ប្រដាប់​អាវុធ និង​មន្ត្រី​តុលាការ មាន​ចៅក្រម និង​ព្រះរាជ​អាជ្ញា មិន​ត្រូវ​ឃោសនា​ឲ្យ​គណបក្ស​នយោបាយ​ទេ ពីព្រោះ​ពួក​គេ​ត្រូវ​តែ​ឯករាជ្យ​មិន​លម្អៀង។ គ្រប់​សង្គម​ទាំងអស់ កង​ប្រដាប់​អាវុធ​បម្រើ​ឲ្យ​រដ្ឋ និង​ប្រជាជន មិន​មែន​បម្រើ​ឲ្យ​គណបក្ស​នយោបាយ​ទេ។ ប៉ុន្តែ​សម្រាប់​កម្ពុជា វិញ ជា​យូរយារ​ណាស់​មក​ហើយ គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ច្រឡំ​រវាង​រដ្ឋ និង​បក្ស រវាង​បក្ស និង​រដ្ឋ។ ជា​លទ្ធផល កម្ពុជា ក៏​ទទួល​បាន​កេរ​ដំណែល​របៀប​នេះ​ជា​រៀង​រហូត​មក។ ដំណោះស្រាយ​ដែល​ល្អ​នៅ​ពេល​នេះ គឺ​ត្រូវ​ធ្វើ​ឲ្យ​ទាហាន ប៉ូលិស ចៅក្រម និង​ព្រះរាជ​អាជ្ញា ដែល​ជា​ប្រភព​អាច​បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នក​បោះ​ឆ្នោត​នោះ បំពេញ​ការងារ​របស់​ខ្លួន​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ឯករាជ្យ»។ សេចក្តី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ថ្មី ត្រូវ​គេ​មើល​ឃើញ​ថា មាន​គោលដៅ​គាប​សង្កត់​លើ​ក្រុម​សង្គម​ស៊ីវិល។ ដោយ​ដឹង​ថា ក្រុម​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស ភាគ​ច្រើន​មាន​គោលការណ៍​ផ្ទុយ​ពី​ខ្លួន គណបក្ស​ប្រជាជន​កម្ពុជា បាន​ទាមទារ​បញ្ចូល​បញ្ញត្តិ​ថ្មី​កំហិត​ឲ្យ​សង្គម​ស៊ីវិល​នៅ​អព្យាក្រឹត្យ ប៉ុន្តែ​បើក​ទូលាយ​ឲ្យ​ក្រុមហ៊ុន​ឯកជន ដែល​ប្រការ​នេះ​ត្រូវ​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​មើល​ឃើញ​ថា ច្បាប់​ថ្មី​នេះ​មាន​ស្តង់ដារ​ពីរ គឺ​ដៃ​ស្តាំ​កាន់​ដំបង​វាយ​សំពង​ក្រុម​សង្គម​ស៊ីវិល ចំណែក​ដៃ​ឆ្វេង​បបោស​អង្អែល​ខ្នង​ក្រុមហ៊ុន​ឯកជន។ លោក គល់ បញ្ញា ដែល​តំណាង​ឲ្យ​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ផង​នោះ យល់​ឃើញ​ថា បញ្ញត្តិ​លម្អៀង​បែប​នេះ​មិន​គួរ​ឲ្យ​មាន​ឡើយ៖ «សំឡេង»។ ក្រុមហ៊ុន​ជំនួញ​ធំៗ​ដែល​គាំទ្រ ឬ​ផ្តល់​សម្ភារៈ​ថវិកា​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា មាន​ក្រុមហ៊ុន ទ្រី ភាព ដែល​កំពុង​រក​ស៊ី​កាប់​ព្រៃ​ឈើ​ស្ទើរ​អស់​ពី​ប្រទេស​នោះ មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​របស់​អង្គការ​ឃ្លាំ​មើល​បរិស្ថាន​ពិភពលោក ក្លប៊ល វីតនេស (Global Witness) និង​ក្រុមហ៊ុន​ជាប់​ពាក់ព័ន្ធ​ការ​រំលោភ​យក​ដីធ្លី​ពលរដ្ឋ​ផ្សេង​ទៀត​មាន​ក្រុមហ៊ុន លី យ៉ុងផាត់ ក្រុមហ៊ុន ផាន អ៊ីម៉ិច ជាដើម៕

No comments:

Post a Comment